ក្រុងគូឡាឡាំពួ៖ កោះឡាងកាវី នឹងក្លាយជាទិសដៅសម្រាកលម្ហែកាយម៉ាឡេស៊ីដំបូងគេ ដែលដំណើរការឡើងវិញសម្រាប់ទេសចរក្នុងស្រុក ជាផ្នែកនៃការផ្តើមកិច្ចប្រឹងប្រែងស្តារឧស្សាហកម្មទេសចរណ៍ ញាំញីធ្ងន់ធ្ងរដោយវិបត្តិកូរ៉ូណា។

វិស័យនាំចំណូលនេះ បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការរឹតបន្តឹងរយៈពេលជាច្រើនខែលើការធ្វើដំណើរក្នុងស្រុក និងការបិទព្រំដែនអន្តរជាតិនៅពេលប្រទេសនេះប្រយុទ្ធប្រឆាំងនឹងរលកកូវីដ ១៩ ដ៏អាក្រក់បំផុត។

ប៉ុន្តែវិធានការត្រូវបានបន្ធូរបន្ថយបន្តិចម្តងៗ ហើយកោះឡាងកាវីត្រូវបានជ្រើសរើសសម្រាប់គម្រោងសាកល្បងមួយ ខណៈវិស័យទេសចរណ៍ព្យាយាមរើបឡើងវិញ។

ក្រសួងទេសចរណ៍បាននិយាយថា ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា សណ្ឋាគារ និងអាជីវកម្មដូចជាសួនកម្សាន្តនឹងបើកឡើងវិញ ហើយសកម្មភាពឆ្នេរនឹងត្រូវបានអនុញ្ញាតម្តងទៀត។

ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការនឹងជំរុញ «ប្រតិបត្តិករទេសចរណ៍» ដែលរងការប៉ះពាល់ដោយការបិទវិស័យនេះ។

លក្ខខណ្ឌសម្រាប់អ្នកដែលអាចមកលេងនៅកោះឡាងកាវី ដែលស្ថិតនៅមិនឆ្ងាយពីព្រំដែនភាគខាងត្បូងប្រទេសថៃ កំពុងតែត្រូវបានពិចារណាមុននឹងដាក់ចេញ។

កោះនេះស្ថិតនៅឆ្ងាយពីឆ្នេរសមុទ្រភាគពាយព្យប្រទេសម៉ាឡេស៊ី ជាឆ្នេរខ្សាច់ដែលមានទេសភាពស្រស់ស្អាត និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។

ប៉ុន្តែមន្ត្រីមិនបានបញ្ជាក់ថា ពេលភ្ញៀវទេសចរបរទេសអាចត្រូវបានអនុញ្ញាតឱ្យចូលមកវិញនោះទេ។

នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះប្រទេសម៉ាឡេស៊ី បានបន្ធូរបន្ថយការរឹតបន្តឹងចំពោះប្រជាជន ដែលបានចាក់វ៉ាក់សាំងពេញលេញ ដោយអនុញ្ញាតឱ្យពួកគេចូលរួមដោយសេរីក្នុងសកម្មភាពមួយចំនួនដូចជាការទទួលទានអាហារនៅតាមភោជនីយដ្ឋានជាដើម៕ AFP/HR