ភ្នំពេញ៖ ប្លែក​ពី​សិល្បករ​​ដទៃ​ដែល​ច្រើន​ផ្ដោត​លើ​​ស្នាដៃ​តែ​មួយ​ទម្រង់ វុធ លីណូ​ មាន​ឧបនិស្ស័យ​បង្កើត​​បណ្ដុំ​សិល្បៈ​រួមមាន ​រូបថត​ គំនូរ ចម្លាក់ ពន្លឺ សំឡេង និង​សិល្បៈ​ផ្គុំ​ដំឡើង​ក្នុង​គោល​បំណង​​បង្កើត​​បទពិសោធ​​​ជាក់​ស្ដែង​​​ពី​ប្រធាន​បទ​នីមួយៗ​ដល់​សាធារណជន​ស្វែង​យល់។

យ៉ាងណាមិញ ​ទម្រាំ​រក​ឃើញ​ទេពកោសល្យ​សិល្បៈ​​ជា​ចំណូល​ចិត្ត​​ផ្ទាល់​ខ្លួន សិល្បករ​ពហុ​ទម្រង់​រូប​នេះ​បាន​​ឆ្លង​កាត់​​បទពិសោធ​ច្រើន​វិស័យ​។

លីណូ​ ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​​ ថា​៖ «ខ្ញុំ​ចូលចិត្ត​ច្នៃ​ បង្កើត រចនា រៀបចំ​សៀវភៅ​ ឬ​រូបភាព​តាំង​ពី​តូច​។ តែ​កាល​នោះ ​រៀន​ចប់​ក្មេង​ពេក ខ្ញុំ​មិន​ទាន់​ដឹង​ថា​ ខ្លួនឯង​ចង់​បាន​អី​ ឬ​ចូលចិត្ត​អី។

ក្រឡេក​មើល​ទីផ្សារ​ការងារ​ឃើញ​វិទ្យាសាស្រ្ត​កុំព្យូរទ័រ​អំណោយផល ​តែ​ពេល​ប្រឡូក​មែនទែន​​ទៅ​បែរជា​មិន​ដូចចិត្ត​»។

លោក​បន្ត​ថា​៖ «ខ្ញុំ​ក៏​ទៅ​រៀន​ត​អនុបណ្ឌិត​ផ្នែក​អភិវឌ្ឍន៍​អន្តរជាតិ​នៅ​អូស្រ្តាលី​។ ​ក្រោយ​មក​ធ្វើ​ការ​ខាង​ទំនាក់ទំនង​ តាម​ការងារ​នេះ​ក៏​បាន​ទៅ​​រៀន​វគ្គ​ថតរូប​ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ឃើញ​វិសាលភាព​នៃ​ការងារ​រូបថត​ ឬ​រូបភាព និង​ស្គាល់​ពី​សង្គម​សិល្បៈ​ច្រើន​។ ខ្ញុំ​ក៏​បញ្ឈប់​ពី​ផ្នែក​អភិវឌ្ឍន៍​អន្តរជាតិ​ ​ស្វែងរក​អាហារូបករណ៍​ទៅ​រៀន​នៅ​អាមេរិក​ពី​វិស័យ​ប្រវត្តិ​សិល្បៈ​»។

លីណូ បាន​និយាយ​​ថា ៤ ​កត្តា​សំខាន់ៗ​ជា​កម្លាំង​ជំរុញ​​ចិត្ត​ឱ្យ​លោក​មក​ចត​នៅ​វិស័យ​សិល្បៈ​គឺ ទី១ និស្ស័យ​​មាន​តាំងពី​ក្មេង ទី២ មាន​ជំនួប​ចិត្ត​ជាមួយ​មិត្ត​រៀន​វគ្គ​ថតរូប​រហូត​បង្កើត​បាន​ជា​ក្រុម​ និង​បង្កើត​បាន​គម្រោង​សិល្បៈ ស-ស។ ទី៣​ ពេល​មាន​សិស្ស​ប្រាប់​ថា​ ចង់​រៀន​ត​ទៀត​ បន្ទាប់​ពី​វគ្គ​លោក​បើក​បណ្ដុះបណ្ដាល​រូបថត ​និង​សិល្បៈ​បាន​​បញ្ចប់ និង​ចុង​ក្រោយ​សំខាន់​បំផុត​ គឺ​ពី​សៀវភៅ​ស្រាវជ្រាវ​របស់​សហនាយក​រៃយំ Ingrid Muan ពី​សិល្បៈ​ និង​ទំនាក់ទំនង​របស់​វា​ជាមួយ​សង្គម​។

ស្នាដៃ​ឆ្នាំ ២០២០ «សាលាសំណាក់» ដែលប្រើអំពូលណេអ៊ុង​ ដាក់តាំង​នៅ​វិចិត្រសាល មីរ៉ាស្ស ខេត្ត​សៀមរាប។ សហការី

សិល្បករ​វ័យ​ ៣៩ ​ឆ្នាំ​រូប​នេះ​ថា​៖ «កម្លាំង​ជំរុញ​ទាំង​នោះ​ដូចជា​ពន្លឺ​មួយ​ធ្វើឱ្យ​ខ្ញុំ​ភ្ញាក់ ​និង​ភ្លឺ​ស្វាង​ចាប់​ផ្ដើម​មើល​ឃើញ​វិថី​សិល្បៈ សក្ដានុពល​ដែល​ជា​ចលករ​អាច​ជះឥទ្ធិពល​ខ្លាំង»។

ចាប់​តាំង​ពី​ឆ្នាំ ២០១១ មក​ដល់​បច្ចុប្បន្ន​ ស្នាដៃ​របស់​លោក​ត្រូវ​បាន​តាំង​បង្ហាញ​ជិត​ ១០ ​ប្រទេស​តាំង​ពី​នៅ​អូស្ត្រាលី ចិន ឥណ្ឌូនេស៊ី ប៉ូឡូញ ហ្វីលីពីន សិង្ហបុរី និង​ថៃ។

លោក​ច្រើន​ប្រើ​សិល្បៈ​ទាំង​នេះ​ ក្នុង​ការ​លើក​ឡើង​ពី​ចំណាប់​អារម្មណ៍​​​លើ​ប្រវត្តិសាស្រ្ត ជាពិសេស​ប្រវត្តិ​សិល្បៈ​វប្បធម៌ សហគមន៍ ទីកន្លែង ឬ​សាច់​រឿង​តូចៗ​ដែល​គេរមែង​មើល​រំលង​។

បច្ចុប្បន្ន​ជា​សិល្បករ អ្នកអភិរក្ស អ្នក​អប់រំ​រូប​នេះ​ថា​ចំណោម​គម្រោង​លោក​ទាំង​អស់​គម្រោង​ ២ ​ដែល​លោក​មាន​មោទនភាព និង​ស្រឡាញ់​បំផុត​ គឺ​គម្រោង​ដំបូង​ឈ្មោះ​ថា «ធម្មតា» និង​ចុង​ក្រោយ​ «សាលា​សំណាក់​»។

សហស្ថាបនិក​គម្រោង ស-ស ​រូប​នេះ​​ឱ្យ​ដឹង​ដែរ​ថា​៖ «ខ្ញុំ​គិត​ថា​ ស្នាដៃ​ ២ ​នេះ​ វា​ឆ្លុះ​បញ្ចាំង​អ្វី​ដែល​ខ្ញុំ​បាន​រៀន​កន្លង​មក​។ វា​បាន​បង្ហាញ​ពី​ការ​អភិវឌ្ឍ​នៃ​ភាសា​សិល្បៈ​ក៏​ដូចជា​របៀប​ដែល​ខ្ញុំ​ធ្វើ​ការ​ក្នុង​សិល្បៈ​»។

លោក​ចង់​ប្រើ​​សិល្បៈ​ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ក្នុង​សហគមន៍​​ ចែក​រំលែក​​ពិភាក្សា ​និង​ផ្ដល់​បទពិសោធ​ផ្ទាល់​ទៅដល់​សាធារណជន​។ ដូច្នេះ​ទើប​លោក​តែង​ព្យាយាម​បង្កើត​នូវ​​​ទម្រង់​សិល្បៈ​ថ្មីៗ​តាម​ប្រធានបទ​មួយៗ​។

លោក វុធ លីណូ មានឧបនិស្ស័យ​ច្រើនទម្រង់សិល្បៈ។ រូបថត Nick Sells

ជាក់ស្ដែង​ស្នាដៃ «ធម្មតា» លោក​ជ្រើសរើស​វិធីសាស្រ្ត​រូបថត​ដោយ​ធ្វើ​ជា​សិក្ខាសាលា​ឱ្យ​បុរសៗ​បញ្ចេញ​ទស្សនៈ​ហើយ​​ប្រើប្រាស់​រូប​តំណាង​គូរ​លើ​មុខ​។ ចុង​ក្រោយ​ក៏​ដំឡើង​រូបថត​ជា​រង្វង់​បង្កើត​ជា​បរិយាកាស​ដូច​អង្គុយ​​ជុំ​គ្នា ហើយ​ក្នុង​រង្វង់​ហ្នឹង​ទស្សនិកជន​អាច​មើល​ពី​ក្រៅ​ក៏បាន​ ឬ​ដើរ​ចូល​ក្នុង​ក៏​បាន​។

លោក​បាន​ពន្យល់​ថា៖ «គម្រោង​ «ធម្មតា» ដែល​ខ្ញុំ​ធ្វើ​ការ​ជាមួយ​សហគមន៍​បុរស​ស្រឡាញ់​បុរស​មាន​សារៈសំខាន់​សម្រាប់​ខ្ញុំ​ ២ ​យ៉ាង​។ ១ ​ការ​រក​អត្តសញ្ញាណ​ភេទ​ខ្លួន​ឯង​ ២ ​​​ស្វែងរក​ការងារ​ខ្លួនឯង​ក្នុង​​សិល្បៈ​»។

លីណូ​ បន្ត​ថា ក្នុង​ការ​បង្កើត​សិល្បៈ​ លោក​​​មិន​ចង់​ឱ្យ​វា​ជា​របស់​លោក​តែ​ម្នាក់​ ឬ​គ្រាន់​តែ​និយាយ​តំណាង​ឱ្យ​​នរណា​ទេ។ លោក​ចង់​ទាញ​ឱ្យ​អ្នក​ដែល​ធ្វើការ​ជាមួយ​ចូលរួម​បង្កើត​ជាមួយ​គ្នា ផ្ដល់​លទ្ធភាព សិទ្ធិ​អំណាច​ក្នុង​ការ​បញ្ចេញ​មតិ​ និង​អនុវត្ត​​ភាព​ជា​បុគ្គល​នូវ​សំឡេង​របស់​ពួកគាត់​។

ស្នាដៃ​ថ្មី​ចុងក្រោយ​ដែល​ត្រូវបាន​ដាក់​តាំង​នៅ​វិចិត្រសាល​ក្នុង​ស្រុក និង​បរទេស​ឈ្មោះ​ថា «សាលា​សំណាក់​» ជា​សិល្បៈ​​ដំឡើង​ដែល​លោក​បាន​​ប្រើប្រាស់​អំពូល​អេណុង​ទម្រង់​ជា​គ្រោង​ឆ្អឹង​សំណង់​ដោយ​​​ផ្អែក​ទៅ​លើ​រូបរាង​ខ្នាត​ដើម​នៃ​សាលា​សំណាក់។ វា​មើល​ទៅ​ស្ទើរ​តែ​ដូច​គំនូរ​ 3D អណ្ដែត​លើ​សុញ្ញកាស។

លោក​បាន​ពន្យល់​ពី​គំនិត​​នៅ​ពី​ក្រោយ​ស្នាដៃ​នេះ​ថា​​៖ «សាលា​សំណាក់​ ​ជា​កន្លែង​ដែល​ប្រជាជន​ស្រុះ​​គ្នា​សាង​ឡើង​ ដើម្បី​​ផ្ដល់​ជូន​ជា​ទាន​សម្រាប់​អ្នក​ដំណើរ​ឆ្លង​កាត់​អាច​សម្រាក​អង្គុយ​លេង​ បង្កើត​ទំនាក់ទំនង​ជាមួយ​គ្នា​។ ខ្ញុំ​ចង់​រំឭក​ពី​ទស្សនៈ​ដ៏​មាន​គុណ​តម្លៃ​នេះ​ ព្រោះ​បរិយាកាស​ក្នុង​ទីក្រុង​យើង​មិនសូវ​ឃើញ​មាន​ច្រើន​តែ​នៅ​តាម​ខេត្ត»។

ដំណើរ​លើ​វិថីសិល្បៈ​ពហុ​ទម្រង់​នេះ លីណូ មិន​ខ្វល់​ថា ស្នាដៃ​ជា​សិល្បៈ​ប្រភេទ​អ្វី​ទេ តែ​អ្វី​ដែល​សំខាន់​ថា​ តើ​សិល្បៈ​អាច​ធ្វើ​អី​បាន។

House Spirit 2018 ​​ដំឡើង​ដោយ​ប្រើ​ហឹងកុងម៉ាជំនាង​ផ្ទះចំនួន ១១៩។ សហការី

លោក​បញ្ជាក់​ថា៖ «​សិល្បៈ​ដែល​មាន​ឥទ្ធិពល​ជា​សិល្បៈ​ដែល​ទៅ​ដល់​សតិបញ្ញា​យើង បង្កើន​ការ​ស្រមើស្រមៃ ហើយ​​ផ្សារ​ភ្ជាប់​យើង​ជាមួយ​គ្នា។ វា​អនុញ្ញាត​ឱ្យ​យើង​មើល​ឃើញ​ការ​តភ្ជាប់​របស់​យើង​ហើយ​បង្កើត​ការយល់​ចិត្ត​ និង​​គុណតម្លៃ​»។

ពេល​នេះ ​លីណូ​ ​​កំពុង​បង្កើត​ស្នាដៃ​ថ្មី​ដែល​ជា​ការ​ដំឡើង​ឥន្ធនូ​។ ឥន្ធនូ​កើត​​ឡើង​ដោយ​ចំណាំង​ប្លាត​នៃ​ពន្លឺ​ទៅ​ក្នុង​ទឹក​ដែល​ស្រក់​ចុះ​មក​ក្នុង​បរិយាកាស​ផែនដី និង​បង្ហាញ​ឡើង​ នូវ​វិសាលភាព​នៃ​ពន្លឺ​ដែល​មាន​ពណ៌​ចម្រុះ​ច្រើន​នៅ​លើ​មេឃ។

លោក​ថា​៖ «ខ្ញុំ​ចង់​បង្កើត​អ្វី​មួយ​ពី​វត្ថុធាតុ​ដែល​មនុស្ស​មិន​អាច​​ប៉ះ​បាន។ ខ្ញុំ​ចង់​លើកឡើង​អំពី​ភាព​​ខុសគ្នា​របស់​​មនុស្ស​ជាតិ សហគមន៍​ស្រឡាញ់​ភេទ​ដូចគ្នា​ ក៏​ដូចជា​ពី​សក្ដានុពល ភាព​អស្ចារ្យ​ដែល​កើត​ឡើង​​ដោយ​ធាតុផ្សំ​ធម្មជាតិ​។ ខ្ញុំ​ និង​ក្រុម​ការងារ​កំពុង​សាកល្បង​ សង្ឃឹម​អាច​​បង្ហាញ​សាធារណជន​នៅ​ចុង​ឆ្នាំ​នេះ​»៕