
រូបតំណាង៖ អតិថិជត្រូវឆ្នោតកោស ៥០ម៉ឺនអឺរ៉ូ តែត្រូវអ្នកលក់កញ្ឆក់សន្លឹកឆ្នោតរត់។
ទីក្រុងរ៉ូម៖ ពេលដែលអតិថិជនរបស់ខ្លួនមកប្រកាសសន្លឹកឆ្នោតកោសត្រូវរង្វាន់ទឹកប្រាក់ ៥០ ម៉ឺនអឺរ៉ូ ម្ចាស់ហាងបារីជាអ្នកលក់ឆ្នោតនោះបែរជាកញ្ឆក់សន្លឹកឆ្នោត ហើយរត់គេចខ្លួនបាត់ស្រមោលពីទីក្រុង។ នេះបើយោងតាមសមត្ថកិច្ចអ្នកស៊ើបអង្កេតអ៊ីតាលីបានឱ្យដឹង។
ប៉ូលីសបាននិយាយកាលពីថ្ងៃច័ន្ទថា បុរសម្នាក់ត្រូវបានឃុំខ្លួននៅព្រលានយន្តហោះ Fiumicino នៅទីក្រុងរ៉ូមខណៈដែលលោកហៀបនឹងឡើងយន្តហោះទៅកាន់ប្រជុំកោះកាណារី។
យោងតាមក្រុមអ្នកស៊ើបអង្កេត បុរសនោះបានដណ្តើមយកសន្លឹកឆ្នោតកោសឈ្នះ កាលពីថ្ងៃព្រហស្បតិ៍ ហើយរត់ឡើងជិះម៉ូតូស្កូតធ័របើកយ៉ាងលឿនទៅកាន់ក្រុងឡាទីណា ដែលស្ថិតនៅចន្លោះទីក្រុងណេផល និងទីក្រុងរ៉ូម។

រូបតំណាង៖ សន្លឹកស្នោតកោសដែលមានលក់នៅតាមហាងបារី។
របាយការណ៍បាននិយាយថា ផែនការរបស់អ្នកលក់បារីនោះគឺយកសន្លឹកឆ្នោតកោសទៅដាក់នៅធនាគារ រង់ចាំស្ថានការណ៍ស្ងប់ស្ងាត់នឹងអាលវិលត្រឡប់មកវិញ។
យ៉ាងណាមិញ អ្នកលក់បារីរូបនោះបានបដិសេធថា ខ្លួនមិនមានចេតនាលួចសន្លឹកឆ្នោតកោស ដែលត្រូវរង្វាន់នោះទេ ហើយលោកថែមទាំងប្រកាសនឹងពាក្យបណ្ដឹងជាផ្លូវការចំពោះអតិថិជនរបស់ខ្លួន ដែលជាស្ត្រីអាយុ ៧០ឆ្នាំ។
ព្រះរាជអាជ្ញាបានបើកការស៊ើបអង្កេតពីបទលួចមានស្ថានទម្ងន់ទោស។
អាជ្ញាប័ណ្ណលក់បារីរបស់បុរសនេះត្រូវបានផ្អាក ហើយសន្លឹកឆ្នោតមុនៗក៏ត្រូវបានរឹបអូស៕ AFP/HR

រូបតំណាង៖ អាជ្ញាប័ណ្ណលក់បារីរបស់បុរសនេះត្រូវបានផ្អាក ហើយសន្លឹកឆ្នោតមុនៗក៏ត្រូវបានរឹបអូស។