ក្រុង​ឌូបៃ៖ ទីក្រុង​ឈូង​សមុទ្រ​នានាដូចជា ក្រុង​ឌូបៃនេះ​ត្រូវបាន​ទទួល​ស្គាល់​ជា​គោលដៅ​វិស្សមកាល​រដូវក្ដៅ​ តែ​ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថា បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ​អាច​ធ្វើ​ឱ្យ​ទីតាំង​ខ្លះ​នៃ​តំបន់​សម្បូរ​ធនធានប្រេង​​នេះ​មិន​ស័ក្ដិសម​សម្រាប់​ការ​រស់​នៅ​របស់​មនុស្ស។

សីតុណ្ហភាព​ប្រចាំ​ថ្ងៃ​ក្នុង​ទីក្រុង​ឆ្នេរ​នេះ​ស្ថិត​ក្នុង​កម្រិត ៤០​ អង្សាសេ ​រយៈ​ពេល​ជា​ច្រើន​ខែ​ និង​ធ្វើ​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ដោយ​កត្ដា​សំណើម​ខ្ពស់។

លោក Sameer អ្នក​ជិះម៉ូតូ​តាម​ដង​ផ្លូវជនជាតិ​ប៉ាគីស្ថានបាន​និយាយ​ ស្របពេល​ញើស​ស្រក់​តាម​ថ្ងាស​ថា៖ «​ខ្ញុំ​ធ្វើ​ការពី​ម៉ោង ៩ ព្រឹក ​ដល់​ម៉ោង ៤​ រសៀល​ក្នុង​រដូវ​ក្ដៅ​នេះ​»។

លោក Sameer ដែល​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​ផលិត​កម្មវិធីដឹកជញ្ជូន​តាម​ទូរស័ព្ទ​ និង​សុំមិន​បញ្ចេញ​ឈ្មោះ​ត្រកូលបាន​បន្ដថា​៖ «​ជួន​កាលក្រុមហ៊ុន ឬមនុស្ស​ម្នា​បា​នផ្ដល់​ទឹក​ឱ្យ​ពួកយើង​ផឹក​ ហើយ​យើង​ត្រូវ​សម្រាក​រៀង​រាល់​ ៣​ម៉ោង​ម្ដង​»។

ម៉ាស៊ីនត្រជាក់​ក្លាយជាបរិក្ខា​ដែលមិនអាចខ្វះបាន​នៅ​ប្រទេស​ឈូងសមុទ្រ​សម្បូរ​ប្រេង។ AFP

របាយ​ការណ៍​ថ្មី​មួយ​នា​ខែនេះ​ចេញដោយ​គណកម្មការ​អន្ដររដ្ឋាភិបាលស្ដីពីបម្រែបម្រួលអាកាសធាតុ​ (IPCC) របស់​អង្គការ​សហប្រជាជាតិ​ បាន​បង្ហាញ​ថា បម្រែ​បម្រួល​អាកាសធាតុ​កំពុង​តែ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ ដែល​ពិតជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ នោះ​ដោយសារ​តែសកម្មភាព​របស់​មនុស្សកន្លង​មក។

សូម្បីតែ​ពេលនេះ ពលរដ្ឋ​ក្រុង​ឌូបៃ តែងតែ​​ចាក​ចេញ​ទៅ​គោល​ដៅ​​​ត្រជាក់ៗ​​អំឡុង​ពេល​ខែ​ក្ដៅខ្លាំង ខណៈ​មនុស្ស​ជា​ច្រើន ដែល​នៅតែ​សម្ងំ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ និង​ពឹង​អាស្រ័យ​លើសេវាកម្ម​ដឹកជញ្ជូនផ្សេងៗ។

​អេមីរ៉ាត់​ អារ៉ាប់រួម ក៏ជា​ប្រទេស​ដ៏​ក្ដៅ​ស្ងួត​សោះ​ក​ក្រោះ​បំផុត​មួយ​ក្នុង​លោក ហើយ​រយៈ​ពេល ៧ ​ឆ្នាំ​ចុងក្រោយ​ ប្រទេស​នេះ​មាន​យន្ដហោះ​បង្កើត​ពពក​ភ្លៀង​សិប្បនិម្មិត​ទៀតផង។

លោក អេលហ្វាទី អេលតាហៀរ សាស្ដ្រាចារ្យ​ជលវិទ្យា និង​អាកាសធាតុ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​ម៉ាសាឈូសេត បាន​និយាយ​ថា​៖ «​ជាទូទៅ កម្រិត​រលក​កម្ដៅ​នឹង​បន្ដ​ហក់ឡើង​យ៉ាង​ខ្លាំង​»។

តំណក់​ទឹកត្រជាក់​ព្រោសព្រំ​បន្សាប​កម្ដៅ​ដល់អ្នក​ដំណើរ​តាមផ្លូវ។ AFP

លោក​បាន​ព្រមានថា ជាមួយ​សីតុណ្ហភាព​កាន់តែ​ក្ដៅ​ និង​សើម​ នៅចុង​សតវត្សរ៍​នេះ ផ្នែក​ខ្លះ​នៃ​ឈូងសមុទ្រ​នឹង​ជួប​នូវ «​រលក​កម្ដៅ​ ដែល​នឹង​ធ្វើ​ឱ្យ​មនុស្ស​ពិបាក​រស់​នៅ​»។

ល្បាយ​កម្ដៅ និង​សំណើម​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត បើ​មនុស្ស​មិន​អាច​រក្សា​សភាព​ត្រជាក់​អំឡុង​ពេល​បែក​ញើស​នោះទេ។

ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​ប៉ាន់​ប្រមាណថា មនុស្ស​ពេញ​វ័យ​ដែលមាន​សុខភាព​ល្អ​នៅក្នុង​ម្លប់​ដោយ​ទទួលទាន​ទឹក​អត់​កំណត់ ប្រាកដ​ជាស្លាប់​ បើ​សីតុណ្ហភាព​ហៅ​ថា «​អំពូល​ភ្លើង​សើម​» បាន​កើន​ឡើងលើស​ ៣៥​ អស្សាសេ ​រយៈ​ពេល​ ៦ ​ម៉ោង។

អំពាវ​នាវ​ឱ្យ​កាត់​បញ្ចេញកាបោន​ដែល​បង្ក​បញ្ហា​យ៉ាង​ធ្ងន់​ធ្ង​រ​ដល់​សេដ្ឋកិច្ចសម្រាប់​បណ្ដាល​ប្រទេស​សម្បូរ​ប្រេង​ និងឧស្ម័ន​ទាំង​នេះ ចាប់​ពី​អារ៉ាប៊ី សាអូឌី រហូតដល់​អូម៉ង់ និង​កាតា។

ប៉ុន្ដែ​នា​ប៉ុន្មាន​ឆ្នាំនេះ រដ្ឋ​នៅតាម​បណ្ដា​ឈូង​សមុទ្រ​មួយ​ចំនួន​មានបំណង​ងាយរក​គោលការណ៍បរិស្ថានបៃតង ខណៈ​ពួកគេ​ព្យាយាម​ស្ទួយ​បរិស្ថាន​ និង​កែសម្រួល​សេដ្ឋកិច្ច​ដែល​បញ្ចៀស​ពី​ប្រេង។

ប្រទេស​​តំបន់​ឈូងសមុទ្រ​ដ៏សម្បូរ​ប្រេង ​ក្ដៅ​ដល់កម្រិត​មិន​​សមនឹងមនុស្ស​​រស់នៅ​​។ AFP

អារ៉ាប់រួម អេមីរ៉េត មាន​គោលដៅ​បង្កើន​ការ​ពឹង​អាស្រ័យ​លើ​ថាមពលស្អាត​រហូត​ដល់ ៥០​ ភាគរយ ​នៅ​ត្រឹម​ឆ្នាំ​ ២០៥០ និង​កាត់​បន្ថយ​សារធាតុ​កាបោន​ពី​ម៉ាស៊ីន​ភ្លើង​ដល់ ៧០​ភាគរយ។

ទីក្រុង​​អាប៊ូដាប៊ី ស្ថិត​ក្នុង​ចំណោម​ទីក្រុង​​ ៧ នៅ​តំបន់​អារ៉ាប់ រួមជាមួយ ឌូបៃ បាន​ឱ្យដឹងថា ខ្លួន​កំពុងកសាង​រោងចក្រ​សូឡា​មួយ​ទីតាំង​ដ៏​ធំ​បំផុត​ក្នុង​លោក​ ដែល​នឹង​មាន​សមត្ថភាព​ផ្ដល់​ថាមពល​អគ្គិសនី​ផ្គត់​ផ្គង់​ប្រមាណ ១៦ ​ម៉ឺន​ផ្ទះ​នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​ ២០២២។

លោក ខាលេដ ចាម៉ាល់ អាល់-ហ្វាលី បាន​និយាយ ផ្ទះ​របស់លោក​ប្រើ​ថាមពល​សូឡា​សុទ្ធ និង​ទទូច​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​សម្រេច​ចិត្ដ​ឱ្យ​ប្រាកដ​ប្រជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ។

លោក ហ្វាលី បាន​បន្ដថា​ គំនិត​គិត​ចង់​ចាកចេញ​ពី​សភាព​ពិត​នៃ​សីតុណ្ហភាព​ដ៏ក្ដៅ​ជាសកលគឺ «​មិន​អាច​ទៅ​រួច​នោះទេ»៕ AFP/HR

ប្រទេស​សម្បូរ​ប្រេង​ប្រើប្រាស់ធនធាន​​ច្រើន​ដើម្បី​ទប់ទល់​នឹង​កម្ដៅ​ប្រចាំ​ថ្ងៃ។ AFP