ក្រុង​ម៉ាទ្រីដ៖ ខ្លា​ឃ្មុំ​ផេនដា​យក្ស​មួយ​ក្បាល​បាន​ផ្ដល់​កំណើត​កូន​ភ្លោះ​នៅ​សួនសត្វ​ក្រុង​ម៉ាទ្រីដ កាលពី​ថ្ងៃចន្ទ នូវ​អ្វិ​ដែល​ក្រុម​មន្ដ្រី​មាន​ការ​អបអរ​យ៉ាង​ខ្លាំង​នោះ​គឺ «ជា​ការ​ចូលរួម​ចំណែក​ដ៏​ធំធេង​» ចំពោះ​កិច្ចការ​អភិរក្ស​ពូជ​សត្វ​ងាយ​រង​គ្រោះ​ទាំង​នេះ។

សួនសត្វ​ Zoo Aquarium ក្រុង​ម៉ាទ្រីដ បាន​ឱ្យ​ដឹងថា ផេនដា​ញី​មួយ​ក្បាល​ឈ្មោះ ហួ ហ៊្សុយ​ បា បាន​ផ្ដល់​កំណើត​កូន​ដំបូង​នៅ​ម៉ោង ៨​:៣០ ​ព្រឹក ដោយ​ប្រើ​រយៈ​ពេល ៤​ ម៉ោង​ ខណៈ​កូន​ទីពីរ​កើត​មក​នៅ​ពេល​ថ្ងៃ​ត្រង់។

វីដេអូ​ឃ្លីប​កូន​ដំបូង​ដែល​ចាប់​កំណើត​បាន​បង្ហាញ​រូប​ភាព​កូន​ខ្លាឃ្មុំ​អត់​រោម​ ពណ៌​ផ្កាឈូក មាន​កាយវិការ​ស្រវេស្រវា​ពេល​បាន​ឃើញ​ពន្លឺ ដោយ​មេ​របស់​វា​ចាប់​ផ្ដើម​សម្អាត​រាងកាយ និង​ដាក់​វា​លើ​ពោះ។

កូន​ខ្លា​ឃ្មុំ​ផេនដា​ទាំងពីរ​ក្បាល​នឹង​រស់​ពឹង​អាស្រ័យ​ទាំង​ស្រុង​លើ​មេ​ក្នុង​រយៈ​ពេល ៤​ ខែ​ដំបូង ​រហូត​ដល់​ពួកវា​អាច​ដើរ​ដោយ​ខ្លួន​ឯង។ នេះ​បើយោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​សួន​សត្វ។

​អ្នក​បច្ចេកទេស​ពីរនាក់​មក​ពីមជ្ឈមណ្ឌល​បង្កាត់​ពូជ​ផេនដាក្រុង​ឈិងឌូ ប្រទេស​ចិន​ នឹង​ជួយ​ពេទ្យ​សត្វ​ក្នុង​ស្រុក​ក្នុង​ការ​ថែទាំ​កូន​ផេនដា​ ដែល​ភេទ​របស់​ពួកវា​មិន​ត្រូវបាន​សម្គាល់​នោះទេ។

វីដេអូ​ឃ្លីប​កូន​ដំបូង​ដែល​ចាប់​កំណើត​បាន​បង្ហាញ​រូប​ភាព​កូន​ខ្លាឃ្មុំ​អត់​រោម​ ពណ៌​ផ្កាឈូក។

ពួកវា​ទាំងពីរ​ក្បាល​គឺជា​កូន​ទី៥ និង​ទី៦ របស់​មេ​ ហួ ហ៊្សុយ បា ជាមួយ​ដៃគូ​ឈ្មោះ ប៊ីង ស៊ីង។

សួនសត្វ​បាន​ឱ្យ​ដឹង​ទៀត​ថា​៖ «​កំណើត​របស់​ពួកវា​គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​ធំ​ដល់​កិច្ចការ​អភិរក្ស​ពពួក​សត្វ​រង​ការ​គំរាម​កំហេង។ សត្វ​ផេនដាញី​រមែង​មាន​កូន​ពីរក្នុ​ងពេល​តែមួយ។

យោង​តាម​អ្នក​ជំនាញ បាន​ឱ្យដឹងថា ការ​បន្ដ​ពូជ​របស់​សត្វ​ផេនដា ទាំង​នៅ​សួនសត្វ និង​ក្នុង​ព្រៃ ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ ដោយ​សារ​សត្វ​តិច​តួច​ណាស់​ដែលមាន​អារម្មណ៍​ចង់​បង្ក​កំណើត​ ទោះបីជា​ពួកវា​ចង់​ ពួកវា​ក៏​មិន​ចេះ​ដោយ​ញីដោយ​ឈ្មោល​ថែមទៀត។

បញ្ហា​កាន់តែ​ស្មុគ​ស្មាន​ទៀត​នោះ ទ្វារ​បើក​ទទួល​ការ​បង្ក​កំណើត​ហាក់​តូច​ចង្អៀត​ដោយសារ​ផេនដា​ញី​មាន​កម្ដៅ​រាងកាយ​តែម្ដង​គត់​ក្នុង​មួយ​ឆ្នាំ​ ត្រឹម​តែ​មួយ ឬពីរ​ថ្ងៃ​ប៉ុណ្ណោះ។

ផេនដា​យក្ស​ត្រូវបាន​ចុះ​បញ្ជី​ជា​ពូជ​សត្វ​ជិតផុតពូជ​ដោយ​សហភាព​អន្ដរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ​ ដោយ​មាន​សត្វ​ប្រមាណ​តិច​ជាង ២ ០០០ ​ក្បាល ​នៅមានវត្ដមាន​ក្នុង​ព្រៃ៕ AFP/HR

កូន​ខ្លា​ឃ្មុំ​ផេនដា​ទាំង២​ក្បាល​នឹង​រស់​ពឹង​អាស្រ័យ​ទាំង​ស្រុង​លើ​មេ​ក្នុង​រយៈ​ពេល ៤ ​ខែ​ដំបូង។