ស៊ីហ្សូអូកា៖ សំឡេង​ដ៏​លន្លង់លន្លោច​​ពី​វីយូឡុង​របស់ ​ម៉ាណាមី​ អ៊ីតូ​ បាន​បន្លឺ​ឡើង​ពេល​អ្នកស្រី​ប្រើដៃ​សិប្បនិម្មិត​កូតយ៉ាង​ស្ទាត់​ជំនាញ​​។

តន្ត្រីករ​ស្រី​​ជនជាតិ​ជប៉ុន​រូប​នេះ​​បាន​ធ្វើ​ឱ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​ជាមួយ​​ការ​សម្ដែង​ដ៏​ខ្លី​​ក្នុង​ពិធី​បើក​​ព្រឹត្តិការណ៍​ប៉ារ៉ាឡាំពិក​ ក្រុង​តូក្យូ​ បើ​ទោះជា​ការ​លេង​វីយូឡុង​មិនមែន​ជា​អាជីព​ប្រចាំថ្ងៃ​​របស់​អ្នក​ស្រី​ក្ដី​។

ស្ត្រី​វ័យ ៣៦ ឆ្នាំ​រូប​នេះ​ គឺ​ជា​គិលានុបដ្ឋាយិកា និង​​អតីត​អ្នក​ហែល​ទឹក​ប៉ារ៉ាឡាំពិក ក្រោម​ការ​ហ្វឹកហាត់​ជាច្រើន​ឆ្នាំ ចាប់​តាំង​ពី​​អ្នកស្រី​​បាន​​បាត់បង់​ដៃស្ដាំ​ដោយសារ​​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​វ័យ​ ២០ ​ឆ្នាំ​។

អ្នកស្រី អ៊ីតូ ​រំឭក​ថា៖ «កាល​ណោះ​ ខ្ញុំ​​គិត​ថា​ ខ្ញុំ​នឹង​បង្ខាំង​ខ្លួន​ឯង​នៅ​ផ្ទះ​ ១ ជីវិត។ ខ្ញុំ​អត់​ចង់​ឱ្យ​មិត្តភក្ដិ ឬ​អ្នក​ជិត​ខាង​​ឃើញ​រាងកាយ​ខ្ញុំ​ទេ»។

ដោយ​មើល​ឃើញ​ការ​ឈឺ​ចាប់​របស់​ឪពុក​ម្ដាយ​ អ្នកស្រី​បាន​ភ្ញាក់​រឭក​​​ក្រោក​ឈរ​ឡើង​វិញ។

ស្ថិត​នៅ​ផ្ទះ​ម្ដាយ​របស់​អ្នកស្រី​ក្បែរ​មាត់​ទន្លេ​ទេសភាព​ពណ៌បៃតង​ខ្ចី អ្នកស្រី​ម៉ាណាមី អ៊ីតូ បាន​​​រំឭក​ប្រាប់​ថា៖ «ខ្ញុំ​មិន​អាច​​ធ្វើ​ឱ្យ​ពួក​គាត់​ញញឹម​បាន​ទេ ​ប្រសិន​បើ​ខ្លួន​ខ្ញុំ​ផ្ទាល់​​មិន​ញញឹម»។

អ៊ីតូ ​ត្រូវ​បាន​អ្នក​​ម្តាយ​​​លើក​ទឹក​ចិត្ត​ឱ្យ​លេង​វីយូឡុង​តាំង​ពី​អ្នកស្រី​​នៅ​ក្មេង ​ហើយ​បន្ទាប់​ពី​គ្រោះថ្នាក់​បាត់បង់​ដៃម្ខាង ​​អ្នកស្រី​​បាន​សម្រេច​​ចិត្ត​សាកល្បង​វា​ម្តង​ទៀត។

ដំបូង​អ្នកស្រី​​ព្យាយាម​លេង​ដោយ​ប្រើ​ជើង​កូត ប៉ុន្តែ​វា​ត្រូវ​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ មុន​ពេល​ដែល​អ្នកស្រី​​ទទួល​បាន​ដៃ​សិប្បនិម្មិត​ពិសេស ​និង​អាច​បញ្ជា​វាយ៉ាង​​ស្ទាត់ជំនាញ​​ ដើម្បី​បញ្ចេញ​សំឡេង​ដ៏​ពីរោះ​ដូច​សព្វថ្ងៃ។

អ្នកស្រី​​​បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​បង្ហាញ​ដល់​ពិភព​លោក​ថា​ បើ​​​គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​បាន មិនមែន​មាន​ន័យ​ថា ​ខ្ញុំ​​​ធ្វើ​មិន​បាន​នោះ​ទេ»។

អ្នកម្ដាយ​វ័យ ៣៦ ​ឆ្នាំ ចំណាយពេល​មើលថែ​កូនស្រីទាំង ២។ រូបថត AFP

អ៊ីតូ​ ធ្លាប់​ជា​និស្សិត​គិលានុបដ្ឋាយិកា​​នៅ​ពេល​មាន​គ្រោះថ្នាក់​ ហើយ​នៅ​ឆ្នាំ ២០០៧ អ្នកស្រី​ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​​​គិលានុបដ្ឋាយិកា​​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ដំបូង​គេ​នៅ​ប្រទេស​ជប៉ុន ​ដោយ​ប្រើ​ដៃ​សិប្បនិម្មិត។

បន្ទាប់​មក អ្នកស្រី​​បាន​រកឃើញ​ចំណង់​ចំណូល​ចិត្ត​ពី​​កុមារភាព​មួយ​ទៀត​ គឺ​ការ​ហែល​ទឹក។

អ្នកស្រី​​បាន​ចាប់​ផ្តើម​ហ្វឹកហាត់​​ និង​បាន​ចូលរួម​ប្រកួត​​​ប៉ារ៉ាឡាំពិក ក្រុង​​ប៉េកាំង ក្នុង​​ឆ្នាំ ២០០៨ និង​ទីក្រុង​ឡុងដ៍ ​ឆ្នាំ ២០១២ ដោយ​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ៣ ដង​។

អ៊ីតូ ​បាន​លាលែង​ពី​អាជីព​ថែទាំ​អ្នក​ជំងឺ​នៅ​ឆ្នាំ ២០១៥ បន្ទាប់​ពី​រៀបការ​​រួច ដើម្បី​ទុក​ពេល​មើលថែ​កូន​ស្រី​អាយុ ២ ​ឆ្នាំ និង ​៥ ​ឆ្នាំ។

អ្នកស្រី​បាន​និយាយ​ថា៖ «នៅ​ពេល​កូនស្រី​ខ្ញុំ​ធំ​ឡើង ​ថ្ងៃណា​មួយ​​​មិត្តភក្តិ​​នាង​ច្បាស់​ជា​សួរ​ថា ម៉េច​ក៏​ម្ដាយ​របស់​​នាង​ប្លែក​ខុស​គេ​អ៊ីចឹង»។

តន្ត្រីករ​វីយូឡុង​ដៃ​សិប្បនិម្មិត​រូប​នេះ​បាន​ប្រាប់​ថា៖ «ខ្ញុំ​ចង់​ឱ្យ​កូន​ខ្ញុំ​ជឿជាក់​ថា នេះ​ជា​ម្ដាយ​របស់​ពួក​គេ ហើយ​ពាក្យ​​ថា «ធម្មតា» វា​មាន​ន័យ​ខុស​ៗ​គ្នា​​​សម្រាប់​មនុស្ស​ម្នាក់ៗ និង​គ្រួសារ​នីមួយៗ»៕ AFP/HR