ក្រុង​វ៉ាលែនស្យា៖ ពិធី​បុណ្យ​ «ហ្វាឡាស» នៃ​ក្រុង​វ៉ាលែនស្យា បាន​បញ្ចប់​​ទៅ​ដោយ​ការ​ដុត​កាំជ្រួច និង​​រូប​សំណាក​ចម្រុះ​ពណ៌​នា​ចុង​សប្ដាហ៍ ក្រោយ​ការ​ប្រារឰ​ពិធី​​ក្នុង​ទីក្រុង​ភាគ​ខាងកើត​អេស្ប៉ាញ​ ត្រូវ​បាន​​អនុញ្ញាត​ឡើង​វិញ​អំឡុង​ពេល​វិបត្ដិកូវីដ។

ពិធីបុណ្យ​ប្រពៃណី​រយៈ​ពេល ៥ ​ថ្ងៃ ​ធ្លាប់​តែ​ធ្វើ​ក្នុង​ខែ​មីនា​ ត្រូវ​បាន​លុប​ចោល​កាល​ពី​ឆ្នាំ​មុន ខណៈ​​វិបត្ដិ​កូវីដ​ញាំញី​ប្រទេស​អេស្ប៉ាញ​​ខ្លាំង។

ឆ្នាំ​នេះ ក្រុម​មន្ដ្រី​បាន​ពន្យា​រហូត​​ដល់​ថ្ងៃទី ១ ខែ​កញ្ញា​ ក្នុង​​ការ​ធ្វើ​ពិធី​បុណ្យ ហ្វាឡាស ដែល​​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​យូនីស្កូ។

នេះ​ជា​លើក​ដំបូង​ ដែល​ពិធី​បុណ្យ​នេះ​ត្រូវ​បាន​ផ្អាក រាប់​ចាប់​តាំង​ពី​ពេល​បញ្ចប់​​សង្គ្រាម​ស៊ីវិល​អេស្ប៉ាញ​ឆ្នាំ​ ១៩៣៦​-៣៩​។

រៀង​រាល់​ឆ្នាំ ពលរដ្ឋ​ផលិត​រូប​សំណាក​ទីមោង​​ចម្រុះ​ពណ៌​រាប់​រយ​ ​ពី​ឈើ ស្នោ និង​ក្រដាស​ស្អិត ដោយ​ខ្លះ​ធំ​ប៉ុន​អគារ​កម្ពស់ ៤ ​ជាន់​។

ដោយ​មាន​ឈ្មោះ​ថា «​ninots» រូប​សំណាក​​​រំលេច​នូវ​តួអង្គ​ក្នុង​ព្រេង​និទាន​កថា និង​រូប​​អ្នក​នយោបាយ​ និង​តារា​ល្បីៗ​ក្នុង​ទម្រង់​​គំនូរ​ជីវចល​។

រូប​សំណាក ninots ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​តាម​ដង​វិថី​នៃ​ទីក្រុង​មេឌីទែរ៉ាណេ​ រួច​ដុត​ចោល​នៅ​ថ្ងៃ​បុណ្យ​​ចុង​ក្រោយ​ ដែល​ជា​ភ្នក់​ភ្លើង​ដ៏​សន្ធោសន្ធៅ​ហៅ​ថា «​ក្រេម៉ា» ជា​ប្រពៃណី​ច្រើន​សតវត្សរ៍​ ដើម្បី​ឧទ្ទិស​ដល់​​បរិបាល​ជាង​ឈើ​ St Joseph​។

កាំជ្រួច​រំលេច​នូវ​ភាព​ស្រស់​ស្អាត​នៃ​ស្បៃ​រាត្រី ខណៈ​ឆ្នាំ​នេះ មាន​ការ​ដុត​រូប​សំណាក​ប្រមាណ ៧៥០ ​ឈុត​ ត្រូវ​បាន​ប្រារឰ​ឡើង​ដោយ​គ្មាន​អ្នក​អបអរ​រាប់​ពាន់​នាក់​ ដូច​បណ្ដា​មុន​កូវីដ​។

ភ្នក់​ភ្លើង​នៃ​ការ​បញ្ចប់​កម្មវិធី​បុណ្យ​ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​ ២ ម៉ោង​ មុន​បម្រាម​គោចរ​ទប់​ស្កាត់​វីរុស​ចូល​ជា​ធរមាន​នៅ​ម៉ោង​ ១ ​រំលង​អធ្រាត្រ។

វិបត្ដិ​កូវីដ​បាន​បង្ខំ​ឱ្យ​អេស្ប៉ាញ​លុប​ចោល​ព្រឹត្ដិការណ៍​ប្រពៃណី​ធំៗ​ជា​ច្រើន​ រួម​ទាំង​ពិធី​បុណ្យ​គោដេញ​ជល់ ផាមប្លូណា និង​បុណ្យ Seville''s Holy Week៕ AFP/HR