ក្រុងព័រតូណូវ៉ូ៖ ព្រៃ​ទឹកសាប​ Hlanzoun ភាគ​ខាង​ត្បូង​ប្រទេស​​​បេណាំង​មាន ដើម​ឈើ​ដ៏​ស្រស់ស្អាត​ បំពេញ​ន័យ​ជាមួយ​សំឡេង​សម្រែក​បក្សី​ និង​ហ្វូង​ស្វា​ដ៏​រវាស​។

ជា​ដែន​ដី​រុក្ខជាតិ និង​សត្វ​ដ៏​សម្បូរ​បែប ក្រុម​អ្នក​ជំនាញ​ព្រមាន​ថា បរិស្ថាន​ដ៏​ផុយស្រួយ​ ដែល​សេសសល់​តែ ១ ​គត់ ​នៅ​អាហ្វ្រិក​ខាង​លិច​នេះ កំពុង​តែ​ប្រឈម​​រលាយ​បាត់​។

ព្រៃ​ទំហំ ៣ ០០០ ​ហិកតា ជា​ដែន​ជម្រក​រុក្ខជាតិ ២៤១ ​ប្រភេទ និង​សត្វ ១៦០ ​ប្រភេទ​ រួមទាំង ស្វា​ពោះ​ក្រហម​ដ៏​កម្រ និង​ស្វាភក់ និង​រមាំង​ភក់​ជាដើម​។ ​ទំ​នៅ​លើ​ចុង​ឈើ​ធំ គឺ​ជា​បក្សី​កេងកង ពណ៌​ស្រស់ រំលេច​ចំពុះ​ធំ។

លោក វីនសេន រ៉ូមេរ៉ា អ្នក​រូបថត និង​បក្សីសាស្ដ្រ​ជនជាតិ​បារាំង បាន​និយាយ​ថា​៖ «​បក្សី​កេងកង​ស៊ី​សត្វ​ល្អិត និង​ផ្លែ​ឈើ​ជា​ចំណី​។ ពួក​វា​ចូលចិត្ដ​​ហើរ​តាម​ហ្វូង​ស្វា​ ដោយសារ​ស្វា​តែងតែ​ធ្វើ​ឱ្យ​ពពួក​សត្វ​ល្អិត​ចេញ​ពី​រូង​ពេល​ពួក​វា​បំផ្លាស់​ទី​ ដែល​ធ្វើ​ឱ្យ​បក្សី​កេងកង​ងាយ​ស្រួល​ចាប់​ជា​ចំណី​»។

ដោយ​ការ​ប្រើប្រាស់​កែវយឹត លោក រ៉ូមេរ៉ា ចូលចិត្ដ​គយគន់​គ្រួសារ​ស្វា​ហក់​​លោត​ពី​ដើម​ឈើ​ ១ ​ទៅ​ដើម​ឈើ​ ១ ទៀត​ តែ​​លោក​បារម្ភ​ថា​៖ «សត្វ​ទាំង​នោះ​កាន់​តែ​​ភ័យ​ខ្លាច​»។

លោក​កំពុង​​ពិចារណា​ប្រើ​កាមេរ៉ា​បង្កប់​ ដើម្បី​ថតរូប​របស់​ពួក​វា តែ​ក៏​ជា​ការ​រាប់​ចំនួន​សត្វ​ក្នុង​ព្រៃ​ផង​ដែរ​។

ព្រៃតំបន់ដីសើម​អាចទៅដល់បានតាមរយៈ​ការ​ជិះទូកតែ​ប៉ុណ្ណោះ​​​​​។ រូបថត AFP

ជួន​កាល សំឡេង​ធម្មជាតិ​ដ៏​ទ្រហឹង​អឺងកង​រមែង​រំខាន​ដោយ​ស្នូរ​កាំភ្លើង​អ្នក​​​ប្រមាញ់ ដោយ​សហគមន៍​នានា​ដែល​រស់​នៅ​ជុំវិញ​តំបន់​ដីសើម​​នេះ ត្រូវ​ការ​ប្រាក់​។ នេះ​បើ​យោង​តាម​ការ​ពន្យល់​របស់​មគ្គុទេសក៍​ទេសចរណ៍​ក្នុង​ស្រុក រ៉ូជ័រ ហោនកាន់រីន។

ស្ថិត​នៅ​ម្ខាង​នៃ​ផ្លូវ ដែល​ឆ្លង​កាត់​ព្រៃ ​Hlanzoun ពពួក​ល្មូន ក្រពើ និង​ពស់ ត្រូវ​បាន​ក្រុម​ប្រមាញ់​សម្លាប់​សម្រាប់​ការ​ជូញ​ដូរ​។ សត្វ​ស្វា​ក៏​ត្រូវ​បាន​សម្លាប់​យក​សាច់​ផង​ដែរ។

ប៉ុន្ដែ​លើស​ពី​ការ​បរបាញ់​ លោក ចូសៀ ដូសសួ បូរេនូ នាយក​អង្គការ Nature Tropicale ដែល​ធ្វើ​ការ​លើ​បរិស្ថាន​នៅ​បេណាំង បា​ន​និយាយ​ថា ទម្លាប់​ដុតរានដី​ព្រៃ​ធ្វើ​កសិកម្ម​ដ៏​បំផ្លិចបំផ្លាញ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​។

រដ្ឋាភិបាល​បេណាំង ចាប់​ផ្ដើម​ទទួល​ស្គាល់​សារៈសំខាន់​នៃ​កិច្ច​គាំពារ​ព្រៃ​ជាទូទៅ​។ នេះ​បើ​យោង​តាម​ធនាគារ​ពិភព​លោក​។

លោក​ បូរេនូ បាន​បន្ដ​ថា​៖ «រដ្ឋ​ត្រូវ​តែ​ចាត់​វិធានការ​បន្ទាន់​ភ្លាមៗ និង​គាំទ្រ​ដល់​សហគមន៍​ព្រៃឈើ​។ ដូច្នេះ ពួក​គេ​អាច​បន្ដ​រក​ចំណូល​ផ្សេង​ដោយ​ការ​អភិវឌ្ឍ​កសិកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍​ចីរភាព​»៕ AFP/HR