ក្រុង​ប៉ារីស៖ អ្នក​និយម​លេង​ម៉ូដ​សក់​កន្ទុយ​ក្ងោក​ ជា​ម៉ូដសក់​និមិត្ដរូបទសវត្សរ៍​ឆ្នាំ​ ១៩៨០ បាន​រក​ឃើញ​ជើង​ឯក​ថ្មី​ ក្រោយ​ពី​ស្ទីល ​«សក់​ខ្លី​ខាង​មុខ និង​វែង​ខាងក្រោយ»​ របស់​បុរស​ជនជាតិ​ប៊ែលហ្ស៊ិក​ ត្រូវ​បាន​ចាត់​ទុក​ជា​ម៉ូដ​ស្អាត​បំផុត​ប្រចាំ​តំបន់​អឺរ៉ុប​នៅ​ឯពិធី​បុណ្យ​មួយ​នៅ​ភាគ​កណ្ដាល​ប្រទេស​បារាំង។

ម៉ូដលក់​បែប​សុភាព និង​កាង​ ឬដែល​មើល​ពីមុខ​ជា​សក់​អ្នក​ការិយាល័យ​ ហើយ​បែរ​ពី​ក្រោយ​សក់វែង​ដូច​តន្ត្រីករ​រ៉ុក​ គឺជា​ការ​ពេញនិយម​របស់​បុរស​ ៥០០ នាក់​​​ ក្នុង​កម្មវិធី​ជួប​ជុំ​មួយ​កាលពី​ថ្ងៃ​សៅរ៍ នៅ​ភូមិ​ Cheniers ភាគ​កណ្ដាល​ប្រទេស​បារាំង។

លោក ហាប៊ឺត ដែល​ខំ​ស្កាត់​តាំងពី​ប៊ែលហ្ស៊ិក​ ជាទីដែល​កម្មវិធី​ជើង​ឯក​អ្នក​លេង​ម៉ូដ​សក់​កន្ទុយ​ក្ងោក​តំបន់​អឺរ៉ុប​ក្រៅ​ផ្លូវការ​លើក​ដំបូង ត្រូវបាន​រៀបចំ​ឡើង​កាល​ពី ២ ​ឆ្នាំ​មុន​ បាន​និយាយថា​៖ «វាជា​ស្ទីល​មួយ​នៃ​ជីវិត​ ដែល​ធ្វើ​ឱ្យ​ខ្លួន​ឯង​ពេញ​ចិត្ដ​ចំពោះ​ខ្លួន​ឯង​»។

សក់កន្ទុយក្ងោក ជា​​ស្ទីល​កាត់សក់​​បុរស ​«ម៉ូដ​​ខ្លី​ខាង​មុខ និង​វែង​ខាងក្រោយ»​។ AFP

អ្នក​ចូលរួម​បាន​បង្អួត​ម៉ូដ​សក់​របស់​ខ្លួន ឬមក​តម្រង់​ជួរ​កាត់​សក់​ពី​អ្នក​ជំនាញ​លេង​ម៉ូដ​សក់​ ​​កំដរមាត់​ដោយ​ស្រាបៀរ​ត្រជាក់ៗ​ ដែល​ក្រុម​អ្នករៀបចំ​កម្មវិធី​បាន​និយាយថា អ្នក​ចូលរួម​ប្រាកដជា​ច្រើនជាង​នេះ បើ​មិន​មាន​កូវីដ​ចូល​មក​កំហិត​ចំនួន​មនុស្ស​បែប​នេះ។

សម្រាប់អ្នកចូលរួម​​បុរសៗ ពួកគេហាក់​បាន​យល់ថា ម៉ូដ​សក់​កន្ទុយ​ក្ងោក​ពិតជា​ទាក់ទាញ​ ជាមួយ​ឈើ​សក់​ដំរី​ ពុក​ចង្កា​ធំ ឬ​យ៉ាងហាច​ណាស់ ត្រូវមាន​ពុក​មាត់​បន្ដិច​ដែរ។

វិបត្ដិ​កូវីដ ទំនង​ជា​អាច​ជួយ​ជំរុញ​ប្រជាប្រិយភាព​ម៉ូដសក់​កន្ទុយ​ក្ងោក​កាន់តែ​ល្បី ដោយសារ​បុរសៗ​យក​ពេលវេលា​បិទខ្ទប់​នេះ​ទុក​សក់​ឱ្យ​វែង​ៗ​ ដែល​ទាក់​ទង​នឹង​វប្បធម៌ Deep South ភាគ​ខាង​ត្បូង​​​អាមេរិក​ ឬ​ឈុត​សម្លៀកបំពាក់​ធំៗ​ដ៏​ពេញនិយម​សម្រាប់​តារា​ប៉ុប​នា​សម័យ​នោះ។

អ្នក​និយម​លេង​ម៉ូដ​សក់​កន្ទុយ​ក្ងោក​ ដែល​ជា​ម៉ូដសក់​និមិត្ដរូបទសវត្សរ៍​ឆ្នាំ​១៩៨០។ AFP

លោក ចូហាន់ ដេធួរ បាន​និយាយថា​៖ «​គ្រាន់តែជាការ​កម្សាន្ដ​ មិត្ដ​ភក្ដិ​ខ្ញុំ​ម្នាក់​បាន​ប្រាប់​មិត្ដម្នាក់​ទៀត​ ដែល​មាន​អារម្មណ៍​មិនសូវចូលចិត្ដ​ថា គាត់មើល​ទៅ​ដូច​ក្បាល​កន្ទុយក្ងោក (មនុស្ស​ល្ងីល្ងើ)។ នោះ​ហើយ​ជា​ពេល​ដែល​យើង​នឹក​ឃើញ​ចង់​រៀបចំ​កម្មវិធី​នេះ​ឡើង​»។

មនុស្ស​ប្រមាណ ១០០​ នាក់ ​​ប្រកួត​ដណ្ដើម​មកុដ​ ដែល​ពាក់​ដោយ​ នីកូឡាស វ៉ាន់ដេខេឡេន ជា​អ្នក​បើកបរ​រថយន្ដ​ធុនធំ​ជនជាតិ​ប៊ែលហ្ស៊ិក ដែល​បាន​និយាយថា លោក​ពេញ​និយម​លេង​ម៉ូដ​សក់​កន្ទុយ​ក្ងោក​នេះ ២០ ​ឆ្នាំ​មកហើយ។

លោក​យក​លំនាំ​តាម​លោក Gauthier Istin មក​ពី​បារាំង ដែល​បាន​និយាយថា លោក​រីករាយ​ក្នុង​ការ​ផ្ទេរ​តំណែង​នេះ។

លោក​បាន​អះអាងថា​៖ «​ប៉ុន្ដែ​ខ្ញុំបាន​ដាក់​សក់​ខ្ញុំ​ប៉ុន្មាន​សរសៃ​នៅក្នុង​ពាននេះ​ ដោយ​ខ្ញុំ​សង្ឃឹមថា ជើង​ឯកជំនាន់​ក្រោយ​នឹង​ធ្វើ​ដូច​គ្នា​នេះ»៕ AFP/HR

ជំនួប​នៃ​អ្នក​និយម​លេង​ម៉ូដ​សក់​កន្ទុយ​ក្ងោក​ ដែល​ជា​ម៉ូដសក់​និមិត្ដរូបទសវត្សរ៍​ឆ្នាំ​១៩៨០។ AFP

ម៉ូដសក់​មើល​ពីមុខ​ជា​សក់​ខ្លី​បែប​អ្នក​ការិយាល័យ​ ហើយ​បែរ​ពី​ក្រោយ​សក់វែង​ដូច​តន្ត្រីករ​រ៉ុក​។ AFP