ក្រុងកាប៊ុល៖ ក្រុម​វិចិត្រកររបស់​សកម្មជន​អាហ្វហ្គានីស្ថាន អូមែដ សារីហ្វី បាន​ចំណាយ​ពេល ៧ ​ឆ្នាំ​ ប្រែក្លាយជញ្ជាំង​​បេតុង​អគារ​មិន​រៀបរយ​ទៅជាគំនូរ​ពណ៌​ស្រស់​ឆើត។ ប៉ុន្ដែ​ឥឡុវ ក្រុម​តាលីបង់​បាន​លុប​ចោល​ទាំង​អស់។

រយៈ​ពេល​តែ​ប៉ុន្មាន​សប្ដាហ៍​នៃការ​គ្រប់​គ្រង​របស់​ក្រុម​អ៊ិស្លាម​ជ្រុល​និយម​ ស្នាដៃ​សិល្បៈ​តាម​ដង​វិថី​ជា​ច្រើន​ត្រូវបាន​លប់​ ជំនួស​មកវិញ​នូវ​ពាក្យ​ស្លោក​មនោគមវិទ្យា​ពណ៌​ប្រផេះ​ ខណៈ​តាលីបង់​ដាក់​ប្រទេស​ក្នុង​របប​គ្រប់​គ្រង​ដ៏​តឹង​រឹង​ឡើងវិញ។

រូបភាព​កម្មករ​លាប​ថ្នាំ​ពណ៌​សលប់​គំនូរ​សិល្បៈ​ គឺជា​ប្រថ្នូរអាក្រក់​ចំពោះ​សកម្មភាព សារីហ្វី ដែល​សហករ​សិល្បៈ​ ArtLords របស់​លោក បាន​ខិត​ខំ​រចនា​គំនូរ​ជាង ២ ២០០ ​ផ្ទាំង ​ទូទាំង​ប្រទេស​តាំងពី​ឆ្នាំ​ ២០១៤។

សហករ​សិល្បៈ​ ArtLords បាន​ខិត​ខំ​រចនា​គំនូរ​ជាង ២២០០​ផ្ទាំង​ទូទាំង​ប្រទេស​តាំងពី​ឆ្នាំ​២០១៤។

លោក​បាន​ប្រាប់ AFP បទសម្ភាស​តាម​ទូរស័ព្ទពី​អេមីរ៉េត អារ៉ាប់រួម​ កាលពីថ្ងៃ​ចន្ទ​ថា​៖​ «រូបភាព​ដែល​ស្ថិត​ក្នុង​ក្រអៅ​បេះដូង​របស់​ខ្ញុំ​គឺ (តាលីបង់​) ប្រើពណ៌ស​ កាហ្វហ្វាន​ នៅទូទាំង​ទីក្រុង​»។

លោក​ចង់​សំដៅ​ថា កាហ្វហ្វាន គឺជា​ក្រណាត់​ពណ៌​ស​សម្រាប់​រុំ​សព​បញ្ចុះ​ក្នុង​ប្រពៃណី​អ៊ិស្លាម។

បុរសអាយុ ៣៤ ​ឆ្នាំ បាន​និយាយ​ពី​ជំរំ​ជន​ភៀសខ្លួន​អាហ្វហ្គានីស្ថានមក​ថា​៖ «​យើង​នឹង​មិន​អាច​សម្ងំស្ងៀម​បាន​ឡើយ​»។

ក្រុម​សិល្បករ​បាន​ចំណាយ​ពេល ៧ ​ឆ្នាំ​ ប្រែក្លាយជញ្ជាំង​​បេតុង​អគារ​មិន​រៀបរយ​ទៅជាគំនូរ​ពណ៌​ស្រស់​ឆើត។

លោក សារីហ្វិ ជាសហស្ថាបនិក​ ArtLords​ ម្នាក់ ដែល​ត្រូវបាន​បង្កើត​ឡើង​​ក្នុង​ឆ្នាំ ​២០១៤ ដោយ​ប្រើ​ប្រាស់​សិល្បៈ​ធ្វើ​យុទ្ធនាការ​ដើម្បី​សន្ដិភាព យុត្ដិធម៌​សង្គម និង​ការ​ទទួល​ខុស​ត្រូវ។

ពលរដ្ឋ​អាហ្វ​ហ្គានីស្ថាន​រាប់​ម៉ឺន​នាក់​បាន​នាំ​គ្នា​សម្រុក​ចូល​បរិវេណ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល ខណៈ​ទីក្រុង​ត្រូវ​បាន​ដួល​រលំ​ ដែល​បង្កការ​ភ័យខ្លាច​បាត់បង់​ជីវិត​ក្នុង​​របប​តាលីបង់​ ដោយ​រួមទាំង សិល្បករ និង​សកម្មភាព​ ដូចជា រូប​លោក សារីហ្វី ផង​ដែរ។

លោក​បាន​ឱ្យដឹងថា​៖ «​ពិតជា​ជម្រើស​ដ៏​លំបាក​បំផុត​ ហើយ​ខ្ញុំ​គ្រាន់តែ​សង្ឃឹម​ថា មិន​មាន​នរណា​ម្នាក់​ជួប​បទពិសោធ​ដែល​យើង​បាន​ឆ្លង​កាត់​នេះទេ។ អាហ្វហ្គានីស្ថាន គឺជា​ផ្ទះ​របស់​ខ្ញុំ​ វា​ជា​អត្ដសញ្ញាណ​របស់​ខ្ញុំ។ ខ្ញុំមិន​អាច​ភ្លេច​កំណើត​ខ្លួន​ឯង​ និង​ទៅ​សោយសុខ​នៅ​ពិភព​ថ្មី​នោះទេ​»។

សហករ​សិល្បៈ​ ArtLords បាន​ខិត​ខំ​រចនា​គំនូរ​ជាង ២ ២០០ ​​ផ្ទាំង ​ទូទាំង​ប្រទេស​តាំងពី​ឆ្នាំ​ ២០១៤។

លោក សារីហ្វី បាន​និយាយថា លោក​អាច​ជួយ​អ្នក​សិល្បៈ ៥៤ ​នាក់ ​ភៀស​ខ្លួន​ជាមួយ​គ្រួសារ​របស់ពួកគេ តែ​មនុស្ស​ជាង ១០០ ​នាក់​ទៀត​នៅ​ជាប់​ក្នុង​ប្រទេស​នៅ​ឡើយ។

លោក​បាន​បញ្ជាក់​ថា​៖ «​ពួកគេ​ទាំងអស់​កំពុង​លាក់​ខ្លួន​តាំងការ​ភ័យ​ខ្លាច។ ពួកគេ​ព្យាយាម​ស្វែង​រក​វិធី​ថ្មី​ក្នុង​ការ​ចាក​ចេញ​ពី​អាហ្វហ្គានីស្ថាន​»។

ហើយ​លោក ប្ដេជ្ញា​ចិត្ដ​ថា​នឹង​បន្ដ​យុទ្ធនាការ​ និង​បង្កើត​ស្នាដៃសិល្បៈ​បន្ថែម។

លោក​បាន​លើកឡើងថា​៖ «​ខ្ញុំ​ទុក​ចោល​អ្វីៗ​គ្រប់​យ៉ាង​ទាំងអស់។ អ្វីដែល​ធ្វើ​ឱ្យ​ខ្ញុំ​នៅតែ​មាន​ឆន្ទះ​មោះ​មុត​នោះ​គឺ​ ខ្ញុំគិត​ថា វា​មិន​ទាន់​ដល់​ទី​បញ្ចប់​នោះទេ»៕ AFP/HR

ក្រុម​សិល្បករ​បាន​ចំណាយ​ពេល ៧ ​ឆ្នាំ ​ប្រែក្លាយជញ្ជាំង​​បេតុង​អគារ​មិន​រៀបរយ​ទៅជាគំនូរ​ពណ៌​ស្រស់​ឆើត។

សហករ​សិល្បៈ​ ArtLords បាន​ខិត​ខំ​រចនា​គំនូរ​ជាង ២ ២០០ ​ផ្ទាំង​ទូទាំង​ប្រទេស​តាំងពី​ឆ្នាំ​ ២០១៤។