ក្រុង​ឡូ​ស​អេ​ន​ជឺ​ឡេស​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​​ ឪពុក​របស់តារាចម្រៀងប៉ុប ប្រ៊េដនី ស្ពៀរ បានដាក់​លិខិត​​សុំ​បញ្ចប់​ការរក្សាតួនាទី​ឃុំ​គ្រង​​របស់​កូនស្រី​ខ្លួន។

ការដាក់​ឯកសារ​នេះ​កើតឡើង​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី លោក ចាមី ស្ពៀរ បាន​និយាយថា ​លោក​​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ដកខ្លួន​ចេញពី​តួនាទី​ជា​អ្នក​ឃុំគ្រង​អភិរក្ស​កូនស្រី ​​បន្ទាប់ពី​មានការ​ស្នើសុំ​ម្តង​ហើយ​ម្តងទៀត​ពី​សំណាក់​​តារា​ប៉ុប ប្រ៊េដនី ស្ពៀរ ​ដើម្បី​ដក​រូប​លោក​គាត់​ចេញពី​អ្វី ដែលរូប​​នាង​ និង​អ្នកគាំទ្រ​របស់​នាង​ចាត់ទុក​ថា ​​ជាការ​រៀបចំ​ដ៏​ឃោរឃៅ​ និង​កេងប្រវ័ញ្ចលើ​ញើសឈាម​កូនស្រី។

យោងតាម​សារព័ត៌មាន CNN បាន​និយាយថា៖ «ព្រឹត្តិការណ៍ថ្មីៗទាក់ទង​នឹង​តួនាទី​អភិរក្ស​ឃុំ​គ្រង​កូន​នេះ​ នេះ​បាន​ចោទ​ជា​សំណួរ​ថា​ តើ​កាលៈទេសៈ​បាន​ផ្លាស់ប្តូរ​ដល់​កម្រិតណា ​ដែល​មូលដ្ឋាន​សម្រាប់ការ​អនុវត្ត​តួនាទី​នេះ​អាច​នឹងមិន​មាន​ទៀត​ទេ»។

កាលពីថ្មីៗ​នេះ តារាចម្រៀង ប្រ៊េដនី ស្ពៀរ បាន​ប្រាប់​តុលាការ​ថា ​នាង​ចង់បាន​ការគ្រប់គ្រង​ជីវិត​របស់​នាង​មក​វិញ​​ដោយ​គ្មាន​ផ្លូវ​សុវត្ថិភាព​ណា​មួយ​សម្រាប់ជីវិត​រស់នៅ​ក្នុងការ​ឃុំគ្រង​ពីអាណាព្យាបាលឡើយ។

នាង​ចង់​មានលទ្ធភាព​ធ្វើការ​សម្រេចចិត្ត​ទាក់ទង​នឹង​ការថែទាំ​សុខភាព​ផ្ទាល់ខ្លួន​ ដោយ​សម្រេចចិត្តថា​ ពេលណា​កន្លែង​ណា ​និង​ពេលណា​ ដើម្បី​ទទួល​ការព្យាបាល។

នាង​ចង់​គ្រប់គ្រង​ប្រាក់​ដែល​នាង​រកបាន​ពី​អាជីព​របស់​នាង ​ហើយ​ចាយវាយ​ដោយ​គ្មាន​ការត្រួតពិនិត្យ​ ឬ​ឃាត់ឃាំង។ នាង​ចង់​មានលទ្ធភាព​រៀបការ​ និង​មានកូន​ប្រសិនបើ​នាង​ជ្រើសរើសធ្វើដូច្នោះ។

ញ្ញាតិ​របស់​តារាចម្រៀង ប្រ៊ីដនី ស្ពៀរ បាន​រាយរាប់ថា៖ «បើ​និយាយ​ឱ្យ​ខ្លី​គឺ​នាង​ចង់​រស់នៅក្នុង​ជីវិត​របស់​នាង​ដូច​ដែល​នាង​ជ្រើសរើស​ ដោយ​គ្មាន​ការបង្ខិតបង្ខំ​ពី​អ្នក​​ឃុំ​គ្រង ​ឬ​ដំណើរការ​នីតិវិធី​របស់​តុលាការ»។

ឯកសារបាន​​បន្ថែមថា លោក ចាមី ស្ពៀរ ជា​ឪពុក​របស់នាង​ ចង់បាន «អ្វីដែល​ល្អ​បំផុត​សម្រាប់​កូនស្រី​របស់​គាត់» ហើយក៏ «ជឿជាក់ថា​នាង​អាច​ដោះស្រាយ​ជីវិត​ផ្ទាល់ខ្លួន​របស់​នាង»។

លោក មាធ្យូ រ៉ូសេនហ្គាត ជាមេធាវី​របស់តារាចម្រៀង ប្រ៊េដនី ស្ពៀរ បាន​និយាយថា ​ញត្តិ​នេះស្ដែង​ពី​ជំហរ​​​ចំពោះ​កូនក្តី​របស់គាត់។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ទាក់ទង​តំណាង​មកពី​ភាគី​ទាំងពីរ​ប៉ុន្តែ​មិន​ទទួលបាន​ការឆ្លើយតបភ្លាមៗចំពោះ​ការសាកសួរ​ឡើយ។

តារាចម្រៀង​វ័យ ៣៩ ឆ្នាំ ប្រ៊ីដនី ស្ពៀរ​ ​បាន​សាង​ភាព​ល្បីល្បាញ​ក្នុង​វ័យ​ជំទង់​របស់​នាង​ ប៉ុន្តែ​បានទទួល​រង​ការ​អាម៉ាស​ជា​​សាធារណៈ​នៅ​ឆ្នាំ ២០០៧ នៅពេល​ដែល​នាង​ទប់អារម្មណ៍​លែង​ជាប់​ហើយ​ជះ​កំហឹង​ដោយ​វាយប្រហារ​រថយន្ត​​របស់​អ្នក​តាមប្រមាញ់​រូបថត​នាង​នៅ​ឯ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ។

ហេតុការណ៍​នោះ​នាំ​ឱ្យ​នាង​ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​អាណាព្យាបាល​ស្របច្បាប់​ដែល​គ្រប់គ្រង​ដោយ​ឪពុក​របស់​នាង។

នាង​បាន​ស្តីបន្ទោស​របស់​នាងឪពុក​របស់នាង​​ម្តង​ហើយ​ម្តងទៀត​អំពី​ការឃុំគ្រង​ហួស​ដែនកំណត់ ដោយ​អះអាង​ថា​មានភាព​ គាបសង្កត់​ ឃោរឃៅ និង​កេញ​ចំណេញ។

តារាចម្រៀង ប្រ៊ីដនី ស្ពៀរ ​បាន​រៀបរាប់ថា នាង​មិនមានសិទ្ធិ​សូម្បី​តែ​ដក​កង​ពន្យារ​កំណើត​បាន​រារាំង​មិនឱ្យ​យក​អ៊ី​យូ​អ៊ី​ពន្យារកំណើត​ចេញ​ ដើម្បី​មានកូន​ថែមទៀត។ នាង​ក៏​ត្រូវ​បាន​បង្ខំ​ឱ្យ​ប្រើ​ថ្នាំ​ ដែល​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ថា​​ស្រវឹង។

ការដកតួនាទី​ឃុំ​គ្រង​​របស់លោក ចាមី ស្ពៀរ ចេញ​ពីកូនស្រី​របស់លោក​ គឺជា​ការទាមទារ​ដ៏​យូរអង្វែង​របស់​អ្នកគាំទ្រនាង​​ទូទាំង​ពិភពលោក​ ដែល​ធ្វើ​យុទ្ធនាការ​ក្រោម​ពាក្យស្លោក #FreeBritney៕ AFP/HR