ក្រុង​កូប៉ិនហាក៖ សារមន្ទីរ​ដែល​នឹង​ដាក់​តាំង​កំណប់​ទ្រព្យ​វត្ថុបុរាណ​បាន​ឱ្យ​ដឹង​​ពី​ថ្ងៃ​ចន្ទ​ថា​ អ្នក​ស្ម័គ្រចិត្ត​​ផ្នែក​បុរាណវិទ្យា​ម្នាក់​បាន​រក​ឃើញ​វត្ថុ​មាស​ចំនួន ២២ មាន​និមិត្ត​សញ្ញា​នៅ​សតវត្សរ៍​ទី៦ ដែល​អាច​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ប្រជាជន​មុន​សម័យកាល​វីគីង​នៅ​ប្រទេស​ដាណឺម៉ាក។

លោក មេដស៍ រ៉ាវន៍ ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​សារមន្ទីរ Vejle នៅ​ភាគ​ខាង​លិច​ប្រទេស​ដាណឺម៉ាក​បាន​ប្រាប់ AFP ថា​ វត្ថុ​ខ្លះ​មាន​គំនូរ​​ និង​សិលាចារឹក​ ដែល​អាច​សំដៅ​លើ​អ្នក​គ្រប់គ្រង​សម័យ​នោះ​ ប៉ុន្តែ​ក៏​រំឭក​ឡើង​វិញ​នូវ​ទេវកថា​ន័រស៍​ផង​ដែរ។

អ្នក​បុរាណវិទ្យា​ស្ម័គ្រ​ចិត្ត​បាន​​ប្រើ​ឧបករណ៍​រាវរក​លោហៈ​ក្នុង​ការ​ស្រាវជ្រាវ​រហូត​ប៉ះ​ទីតាំង​កំណប់​មាស។

យោង​តាម​លោក​ រ៉ាវន៍ ​កំណប់​មាស​​មាន​ទម្ងន់​ប្រហែល ១ ​គីឡូក្រាម។

លោក​បាន​និយាយ​ថា ​បំណែក​មួយ​នៃ​វត្ថុ​មាស​សំដៅ​លើ​អធិរាជ​រ៉ូម​ ខនស្តានទីន​ ចាប់​ពី​ដើម​សតវត្សរ៍​ទី៤។

លោក រ៉ាវន៍ បាន​បន្ថែម​ថា៖ «ការ​រក​ឃើញ​មាន​វត្ថុ​មាស​ជាច្រើន​រួម​ទាំង​មេដាយ​​ទំហំ​ប៉ុន​កូន​ចាន»។

យោង​តាម​ការ​ពិនិត្យ​ដំបូង ​រតនសម្បត្តិ​​អាច​ត្រូវ​បាន​គេ​កប់​ទុក​ជា​តង្វាយ​ដល់​ព្រះ​នៅ​ពេល​ ដែល​មាន​ភាព​ច្របូក​ច្របល់​នៃ​​អាកាសធាតុ​នៅ​អឺរ៉ុប​ខាង​ជើង​ប្រែ​ទៅ​ជា​ត្រជាក់​ជាង​មុន​ បន្ទាប់​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​នៅ​អ៊ីស្លង់​​​ឆ្នាំ ៥៣៦ បាន​បញ្ជូន​ពពក​ផេះ​ទៅ​លើ​មេឃ​គ្រប់​ជិត​បរិយាកាស។

លោក​បាន​និយាយ​ថា៖ «​​មាន​​និមិត្តសញ្ញា​ជាច្រើន​ដែល​ពុំ​ធ្លាប់​ឃើញ​ពី​មុន​មក​ ហើយ​វា​នឹង​ជួយ​ឱ្យ​យើង​ពង្រីក​ចំណេះដឹង​អំពី​ប្រជាជន​នៅ​សម័យ​នេះ»។

កំណប់​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​​នៅ​ជិត​ទីក្រុង​ជេលីង ភាគ​និរតី​នៃ​ប្រទេស​ដាណឺម៉ាក ​ដែល​អ្នក​ប្រវត្តិសាស្ត្រ​ចាត់​ទុក​ថា ​​កំណើត​​​​នៃ​ស្តេច​​យុគសម័យ​វីគីង ដែល​មាន​អាយុកាល​ចន្លោះ​ពី​សតវត្សរ៍​ទី៨ ដល់​ទី១២ ។

កំណប់​ទ្រព្យ​នេះ​ នឹង​ត្រូវ​ដាក់​តាំង​នៅ​សារមន្ទីរ​ក្នុង​ទីក្រុង Vejle ចាប់​ពី​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២២៕ AFP/HR