ក្រុង​លីឡុងវ៉េ៖ កាលពី ១៥ ​ឆ្នាំមុន ពេលយប់ ភាព​ងងឹត​ធ្លាប់​តែ​បាំង​បិទ​ភូមិឋាន យូបេ កូស៊ី ដ៏​ដាច់​ស្រាយល​នៅ​ភាគ​ខាង​ជើង​ប្រទេស​ម៉ាឡាវី ដោយ​កុមារ​ធ្វើ​លំហាត់​នៅ​ផ្ទះ​​ក្រោម​ពន្លឺ​ភ្លើង​ទៀន ពីព្រោះ​អត់មាន​អគ្គិសនី​ប្រើ​ប្រាស់។

ប៉ុន្ដែ​នៅ​ឆ្នាំ​ ២០០៦ វាជា​វេលា​ផ្លាស់​ប្ដូរ​ ពេល​អ្នក​ភូមិ​ម្នាក់​ឈ្មោះ កូលរ៉េដ កូស៊ី បាន​បញ្ចប់​អនុវិទ្យាល័យ​នៅ​ទីក្រុង Mzimba ចម្ងាយ​ប្រមាណ ៤០ ​គីឡូម៉ែត្រ​ និង​វិល​ទៅ​ផ្ទះវិញ និង​គិត​ថា លោក​លែង​អាច​រស់​នៅ​ដោយ​គ្មាន​ថាមពល​អគ្គិសនី​ទៀតហើយ។

អាយុ​ ២៣​ឆ្នាំ​កាល​ពី​ពេល​នោះ លោក កូស៊ី បាន​រ​កឃើញ​ថា ទឹក​ហូរ​ក្បែរផ្ទះ ជា​ទីដែល​លោក​ធំដឹក​ក្ដី​ មាន​កម្លាំង​គ្រប់​គ្រាន់​ក្នុង​ការ​រុញច្រាន​ឈ្នាន់​កង់​របស់​លោក​បាន។

លោក កូស៊ី បាន​រ​កឃើញ​ថា ទឹក​ហូរ​ក្បែរផ្ទះ មាន​កម្លាំង​គ្រប់​គ្រាន់​ក្នុង​ការ​រុញច្រាន​ឈ្នាន់​កង់​របស់​លោក​បាន។ AFP

លោក​បង្កើត​ឌីណាម៉ូ​បណ្ដោះ​អាសន្ន​មួយ​ ដែល​អាច​នាំ​ថាមពល​មក​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​របស់​ខ្លួន​បាន។ ឮដំណឹង​នេះ អ្នក​ផ្ទះ​ឥដ្ឋ​ និង​អ្នក​ជិតខាង​តែងតែ​នាំ​គ្នា​យក​មក​ទូរស័ព្ទ​មកសាក​ថ្ម​ជា​ប្រចាំ។

អង្គុយ​ពិនិត្យ​គ្រឿង​ម៉ាស៊ីន​ពី​រានដាល​ក្នុង​សម្លៀកបំពាក់​ពណ៌ខៀវ​ លោក កូស៊ី បច្ចុប្បន្ន​អាយុ ៣៨ ​ឆ្នាំបាន​និយាយថា​៖ «​ខ្ញុំ​ចាប់​ផ្ដើម​ទទួល​ការ​ស្នើ​សុំ​អគ្គិសនី​ប្រើ​ប្រាស់​ និង​សម្រេចចិត្ដ​បន្ថែម​សមត្ថភាព​ផ្គត់​ផ្គង់​»។

ដោយ​មិន​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​អ្វីសោះ លោក​បាន​កែច្នៃ​កុំប្រេះស័រ​ទូរទឹកកក​ទៅជា​ទួលប៊ីន​បូមទឹក​ និង​ដាក់​នៅ​ក្បែរ​ប្រភព​ទឹក​ ដោយ​ផលិត​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់ ៦​ ផ្ទះ។

លោក​បង្កើត​ឌីណាម៉ូ​បណ្ដោះ​អាសន្ន​មួយ​ ដែល​អាច​នាំ​ថាមពល​មក​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​របស់​ខ្លួន​បាន។ AFP

បច្ចុប្បន្ន ភូមិ​ដាច់ស្រយាល​នេះ​ត្រូវបាន​ផ្គត់​ផ្គង់​ដោយ​ទួលប៊ីន​ធំជាង​មុន ដោយ​ច្នៃ​ឡើង​ពី​ម៉ូទ័រ​ម៉ាស៊ីន​បកពោត​បោះចោល។ អ្នក​ប្រើ​ប្រាស់​មិនបាន​ចំណាយ​ប្រាក់​បង់​ថ្លៃ​អគ្គិសនី​នោះទេ តែ​ប្រគល់​ឱ្យ​លោក កូស៊ី មួយចំនួន​សម្រាប់​ការ​ជួសជុល ត្រឹម​ប្រមាណជាង ១ ​ដុល្លារ (ខ្ទង់ ៥ ០០០ ​រៀល​) ក្នុង​ ១ ​ផ្ទះ រយៈ​ពេល​ ១ ខែ។

លោក កូស៊ី បាន​ប្រាប់​កាសែត​ក្នុង​ស្រុក Chichewa ថា​៖ «​ជាទូទៅ អគ្គិសនី​នៅទីនេះ មិន​មាន​ការ​បង់​ថ្លៃ​នោះទេ​»។

លោក​សារភាព​ថា ចំណូល​ពីសេវាកម្ម​ថែទាំ​តិច​តួច​បំផុត​ចំពោះ​ថ្លៃ​ចំណាយ​លើ​ការ​ជួស​ជុល ដែល​លោកត្រូវ​ចេញ​ប្រាក់​ពី​ហោប៉ាវ​របស់​ខ្លួន។ ទោះជួប​ការលំបាក​យ៉ាង​ណា​ក៏ដោយ ក៏​បុរស​រូប​នេះ​នៅតែ​ប្ដេជ្ញា​ចិត្ដ​ពង្រីក​ការ​ផ្គត់ផ្គង់​ទៅ​ដល់​តំបន់​ជុំវិញ​នោះ​បន្ថែម​ទៀត។

លោក​បាន​និយាយថា​៖ «​ពេល​ភូមិឋាន និង​សាលារៀន​​ជា​ច្រើន​ទៀត​មាន​អគ្គិសនី​ប្រើ​ប្រាស់ ប្រជាជន​នឹង​លែង​កាប់​ឈើ​ធ្វើ​ធ្យូង។ សិស្សានុសិស្ស​នឹងមាន​ពេលវេលា​ច្រើន​រៀន​សូត្រ​»៕ AFP/HR

ដោយ​អត់បានចូលសាលា​រៀន​វិជ្ជាជីវៈ លោក​បាន​កែច្នៃ​កុំប្រេះស័រ​ទូរទឹកកក​ទៅជា​ទួលប៊ីន​បូមទឹក។ AFP