ក្រុង​មូស្គូ៖ បណ្ដែត​ខ្លួន​នៅ​លើ​សាគរ​ក្នុង​តំបន់​អាកទិក​ដ៏​សែន​ត្រជាក់ ​មេបញ្ជាការ​នាវា​ Dmitry Lobusov បាន​ចុច​ស៊ីប្លេរ​ជាសញ្ញា​ប្រាប់​ដល់​អ្នក​ដំណើរ​ថា ពួកគេ​ជិត​មក​ដល់​គោលដៅ​នៃ​ប៉ូល​ខាង​ជើង​ហើយ។

មហាសមុទ្រ​អាកទិក​មាន​ជម្រៅ​ជ្រៅ​ខ្លាំង​ដែល​មិន​អាច​បោះ​យុថ្កា​បាន តែ​កំណក​ទឹកកក​ក្រាស់ៗ​អាច​ឱ្យ​នាវា​ធុន​យក្សរបស់​លោក Lobusov សំចត​បាន។ នាវានេះ​អាច​បរ​បំបែក​ផ្ទាំង​ទឹកកក​ដោយសារតែ​ថាមពល​នុយក្លេអែរ​របស់​រុស្ស៊ី។

នាវា​ប្រវែង ១៦០ ​ម៉ែត្រ ឈ្មោះ 50 Let Pobedy ឬ ជ័យជម្នះ​ ៥០​ ឆ្នាំ បាន​បន្ថយ​ល្បឿន​របស់​វា។

លោក Lobusov បាន​ប្រាប់​មេបញ្ជារង​ Diana Kidzhi និង​ជា​ស្ដ្រី​ដ៏គួរឱ្យ​គោរព​បំផុត​ម្នាក់​នៅ​លើ​នាវា​បំបែក​ផ្ទាំង​ទឹកកក​ដើរ​ដោយ​ថាមពល​នុយក្លេអែរ​របស់​រុស្ស៊ី​ថា​៖ «​បត់​ទៅឆ្វេង​​ រួច​យើង​ឈប់​នៅ​ទីនេះ​សិន​»។

អ្នក​ដំណើរ រួមមាន សិស្ស​វិទ្យាល័យ​មួយ​ក្រុម បាន​ចុះ​ទៅលើ​ផ្ទាំង​ទឹកកក និង​ទាញ​កាមេរ៉ាថត​រូប​ភាព។ AFP

៣០​ នាទី​ក្រោយ​មក នាវា​ពណ៌​ឈាម​ជ្រូក​ដ៏ធំ​នេះ​បាន​ឈប់​ដោយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ចំណុច​ភាគ​ខាង​ជើង​ផុត​នៃ​ភព​ផែនដី។

លោក Lobusov បាន​ចាប់​រលាក់​ដៃ​ជាមួយ​អ្នកស្រី Kidzhi និង​និយាយ​មុន​ពេល​ចុះ​ពីនាវា​ថា​៖ «​ធ្វើ​បាន​ល្អ​ណាស់​!»។

អ្នក​ដំណើរ រួមមាន សិស្ស​វិទ្យាល័យ​មួយ​ក្រុម ដែល​បាន​ឈ្នះ​ដំណើរ​កម្សាន្ដ​នេះ​ពីការ​ប្រកួត​ប្រជែង​ បាន​ចុះ​ទៅលើ​ផ្ទាំង​ទឹកកក និង​ទាញ​កាមេរ៉ាថត​រូប​ភាព។

ផ្ទាំង​ទឹកកក ដែល​ពួកគេ​កំពុង​តែ​ឈរ​លើ ស្ថិតលើ​មហាសមុទ្រ​នៃ​តំបន់​ប៉ូល​ខាង​ជើង កំពុងតែ​ផ្លាស់​ប្ដូរ​ចរន្ដ​ទឹក​អាកទិក​ ដែល​នាំ​ពួកវា​រសាត់​ចេញ​ពី​តំបន់​ប៉ូល​បន្ដិច​ម្ដង​ៗ។

ផ្ទាំង​ទឹកកក ដែល​ពួកគេ​កំពុង​តែ​ឈរ​លើ ស្ថិតលើ​មហាសមុទ្រ​នៃ​តំបន់​ប៉ូល​ខាង​ជើង។ AFP

លោក Viktor Boyarsky អាយុ ៧០ ​ឆ្នាំ ជា​អ្នក​ផ្សងព្រេង​រុស្ស៊ី​វិលទៅកាន់​តំបន់​អាកទិក​វិញ បាន​និយាយ​ថា៖ «​ឯង​តែងតែមាន​អត្ដសញ្ញាណ​​ខ្លួន​ឯង ប៉ូល​ខាង​ជើង​»។

នាវា​បំបែក​ផ្ទាំងទឹកកក​ត្រូវ​ការ​ពេល​ ៣​ថ្ងៃ​កន្លះ ក្នុង​ការ​ធ្វើ​ដំណើរ​​លើ​ចម្ងាយ​ផ្លូវ ២៤០០​គីឡូម៉ែត្រ​ទៅកាន់​ប៉ូល​ខាងជើងពីទីក្រុង Murmansk ជាមូលដ្ឋាន​នាវា​ភាគ​ខាង​ជើង​របស់​រុស្ស៊ី។

ដំណើរ​កម្សាន្ដ​នេះ​អាច​ធ្វើ​ទៅបាន​នៅរដូវ​ក្ដៅ​ប៉ុណ្ណោះ ពេល​ទឹកកក​គ្រប​ដណ្ដប់​មាន​កម្រាស​ស្ដើង​បន្ដិច។ បម្រែបម្រួល​អាកាសធាតុ​កំពុង​តែជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​កាន់តែ​ងាយស្រួល​ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នា។

ប៉ុន្ដែ​ក្រុមការងារ​ដ៏​រឹងមាំ ៩៥ ​នាក់​ នៅតែបំពេញ​ភារកិច្ច​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ផ្ទាំង​ទឹកកក​ធំៗ​ ដែល​អាច​រារាំង​ដល់​ដំណើរ​ការ​របស់​នាវា​យក្ស។ ក្រុមបុគ្គលិក​បញ្ជា​នាវា​ធ្វើ​ការ​យ៉ាង​ស្និទ្ធិជាមួយ​ក្រុមការងារ​គ្រប់​គ្រង​រ៉េអាទ័រ​នុយក្លេអែរ​របស់​នាវា។

លោក Viktor Boyarsky អាយុ ៧០ ​ឆ្នាំ ជា​អ្នក​ផ្សងព្រេង​រុស្ស៊ី​វិលទៅកាន់​តំបន់​អាកទិក​វិញ។ AFP

លោក Vladimir Yudin ជា​ប្រធាន​វិស្វករ​មេកានិក​ ជា​អ្នក​ទទួល​បន្ទុក​ម៉ាស៊ីន​កម្លាំង ៧៥០០០​សេស ឬ​ស្មើនឹង​កំពូល​រថយន្ដ​ប្រណាំង Formula 1 ចំនួន ៧៥ ​គ្រឿង។

លោក​ Yudin បាន​និយាយថា​៖ «​យើង​មាន​គោលដៅ​ចំនួន ១ ១៤៤​ កន្លែង ​ដែល​ត្រូវ​គ្រប់​គ្រង និង​បំពាក់​សេនស័រ​យ៉ាង​ច្រើនបំផុត​ ដែល​ត្រូវបាន​​ត្រួតពិនិត្យ​ជា​ប្រចាំ​»។

លោក Lobusov បាន​ពន្យល់ថា ម៉ាស៊ីន​ដ៏​មាន​ថាមពល​នោះ បាន​រុញ​ច្រាន​នាវា​បរ​ទៅមុខ​ ដែល​មាន​សមត្ថភាព​កាត់​ផ្ទាំង​ទឹកកក។ ផ្នែក​ខាង​មុខ​នាវា​មាន​សណ្ឋាន​ដូច​ស្លាប​ព្រារ។

បុរស​អាយុ ៥៧ ​ឆ្នាំ ដែល​ចំណាយ​ពេល​ជិត​ពាក់​កណ្ដាល​នៅ​លើ​មហាសមុទ្រ​អាកទិកបាន​បន្ដថា​៖ «​វា​អនុញ្ញាត​ឱ្យ​យើង​មិន​ជាប់​គឿង​ និង​ឆ្លង​កាត់​ឧបសគ្គ​បាន​ស្រួល​»។

លោ​ក​បាន​អះអាងថា តួ​នាវា​ក៏ត្រូវបាន​ស្រោប​ដែក​ដេរ៉ា​ ជួយ​ផ្ដល់​ភាព​រលូន​ដល់​នាវា​ និង​មិន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ពពួក​ខ្លា​ឃ្មុំ​ទឹកកក​៕ AFP/HR​

នាវា​ប្រវែង ១៦០ ​ម៉ែត្រ ឈ្មោះ 50 Let Pobedy ឬ ជ័យជម្នះ​ ៥០​ ឆ្នាំ បាន​បន្ថយ​ល្បឿន​របស់​វា។ AFP