ក្រុង​ម៉ាទ្រីដ៖ ស្ដ្រីវ័យ ១៩​ ឆ្នាំ​ម្នាក់ កំពុង​ព្យាយាម​ទាមទារ​សំណង​រាប់​លាន​អឺរ៉ូ​ក្រោយ​ពី​មាន​ហេតុ​ការណ៍​ ដែល​នាង​ត្រូវបាន​ផ្លាស់​ប្ដូរ​ជាមួយ​ទារិកាមួយ​ផ្សេង​ទៀត​នៅ​មន្ទីរពេទ្យ​អេស្ប៉ាញ​មួយ​កាល​ពីជិត​ ២​ ទសវត្សរ៍​មុន។

ទារិកាទាំងពីរ​ត្រូវបាន​​ដាក់​ច្រឡំគ្នា​ក្នុង​ឆ្នាំ​ ២០០២ ក្រោយ​ពី​ពួកគេ​កើត​ខុស​គ្នា ៥​ ម៉ោង និង​បាន​ដាក់​ក្នុង​ទូរចិញ្ចឹម​នៅ​មន្ទីរពេទ្យ San Millan de Logrono ភាគ​ខាង​ជើង​ប្រទេស​អេស្ប៉ាញ ដោយសារតែ​ «​បញ្ហា​ខុស​បច្ចេកទេស​របស់​មនុស្ស​ដ៏​មហា​កម្រ​»។ នេះ​បើ​យោងតាម​អាជ្ញាធរ​សុខាភិបាល​​ក្នុង​តំបន់។

កំហុស​ឆ្គង​នេះ​ត្រូវបាន​រ​កឃើញ​កាលពី ៤ ​ឆ្នាំ​មុន ក្រោយ​ពី​យុវតីម្នាក់​ ដែល​ត្រូវបាន​ប្ដូរ​ បាន​ធ្វើ​តេស្ដ DNA ជាផ្នែក​មួយ​នៃ​ជម្លោះ​លើ​ការ​ចំណាយ​អាហារកិច្ច​របស់​កូន។

រូបតំណាង៖ ទារិកាទាំងពីរ​ត្រូវបាន​​ដាក់​ច្រឡំគ្នា​ក្នុង​ឆ្នាំ​២០០២ ក្រោយ​ពី​ពួកគេ​កើត​ខុស​គ្នា ៥​ម៉ោង។

មេធាវី ចូស សែស-ម៉រហ្គា បាន​ប្រាប់ AFP ថា ពេលនេះ យុវតី អាយុ ១៩ ឆ្នាំ កំពុង​ទាមទារ​ប្រាក់​សំណង​ ៣​ លាន​អឺរ៉ូ (៣,៥​ លាន​ដុល្លារ) ពី​អាជ្ញាធរ​សុខាភិបាល​ចំពោះ​ការ​ប្រគល់​កូន​ខុស​ឪពុកម្ដាយ​បង្កើត។

លោក​បាន​និយាយថា​៖ «​យើង​កំពុង​និយាយ​អំពី​ការ​ខូចខាត​ដ៏​សម្បើម ដែល​នឹង​ធ្វើ​ឱ្យមានការ​ផ្លាស់​ប្ដូរ​ជីវិត​គាត់​ និង​មិន​អាច​ប៉ះប៉ូវ​វិញ​បាន​»។

លោក​បាន​បន្ដថា អាជ្ញាធរ​សុខាភិបាល​ក្នុង​តំបន់​រីអូចា ពេលនេះ​បាន​ផ្ដល់ឱ្យ​យុវតី​រូប​នេះ ដែល​ចង់​រក្សា​ភាព​អនាមិក នូវសំណង​​ទឹក​ប្រាក់ ២១៥​ ០០០​ អឺរ៉ូ (២៥៤ ០០០ ដុល្លារ​)។

ប្រធាន​សុខាភិបាល​តំបន់ សារ៉ា អាល់បា បាន​និយាយថា ប្រព័ន្ធ​កុំព្យូទ័រ​កាលពី​ជំនាន់​នោះ​មិនមាន​ព័ត៌មាន​លម្អិត​ ដូច​បច្ចុប្បន្ន​នេះ​ទេ​ និង​បាន​សង្កត់​ធ្ងន់​ថា ករណី​ច្រឡំគ្នា​ស្រដៀង​នេះ​មិនអាច​កើត​ឡើង​ម្ដង​ទៀត​នោះទេ។

រូបតំណាង៖ ទារិកាទាំងពីរ​ត្រូវ​​បាន​ដាក់​ក្នុង​ទូរចិញ្ចឹម​នៅ​មន្ទីរពេទ្យ San Millan de Logrono។

អ្នកស្រីបាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា ក្រុម​មន្ដ្រី​មិន​បា​នដឹង​អំពី​ករណី​ដទៃ​ទៀត​នៅ​​មន្ទីរពេទ្យនោះ​ ដែល​ក្រោយ​មក​បាន​បិទទ្វារ។

អ្នកស្រី អាល់បា បាន​បន្ដថា​៖ «​យើង​មិន​អាច​កំណត់​ថា តើ​នរណា​គួរ​ត្រូវ​តែទទួល​ការ​បន្ទោស​ចំពោះ​កំហុង​នេះ​ឡើយ។ វា​ជា​បញ្ហា​បច្ចេកទេស​ដ៏​កម្រ​បំផុត​ ដែលមិន​អាច​កើតឡើង​នៅ​ពេល​បច្ចុប្បន្ន​ជាដាច់ខាត។ យើង​អាច​ធានា​ថា វា​នឹង​មិន​កើត​ឡើង​ឡើយ​»។

មេធាវី សែស-ម៉រហ្គា បាន​ឱ្យដឹងថា យុវតី​ម្នាក់​ទៀត​ដែល​ត្រូវបាន​ច្រឡំ​ពេល​ប្រសូត និង​ត្រូវបាន​ប្រគល់​ឱ្យ​គ្រួសារ​ផ្សេង ក៏បាន​ធ្វើ​តេស្ដ DNA ដែរ។

លោក​បាន​បន្ថែមថា​ យុវតី​បាន​ស្នើ​សុំ​មិន​បញ្ចេញ​អត្ដសញ្ញាណ មកទល់ពេល​នេះ​ពុំ​បាន​ដាក់ពាក្យ​​បណ្ដឹងទេ។

យោង​តាម​របាយការណ៍​ពីអេស្ប៉ាញ ទារិកា​ម្នាក់ត្រូវបាន​​​ប្រគល់​ឱ្យបុរស​ស្ត្រី​មួយគូ​ដែល​ជា​ឪពុកម្ដាយ​របស់នាង រីឯ​ទារិកា​មួយ​ទៀត​ ដែល​ធំឡើង​បាន​ដាក់ពាក្យបណ្ដឹង ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​ស្ត្រី​ម្នាក់​ដែល​នាង​តែង​យល់ច្រឡំ​ថា​គឺ​ជា​ជីដូន​បង្កើត​របស់​នាង​៕ AFP/HR

រូបតំណាង៖ ទារិកាទាំងពីរ​ត្រូវ​បាន​ច្រឡំ​នៅ​មន្ទីរពេទ្យ​អេស្ប៉ាញ​មួយ​កាល​ពីជិត​ ២​ ទសវត្សរ៍​មុន។