ក្រុងប៉ារីស៖ ស្ថិត​នៅ​លើ​ដែន​កោះ​កាន់​តែ​រួម​តូច​ដោយសារ​តែ​កម្ពស់​ទឹក​សមុទ្រ​ហក់​ឡើង ល្មូន​នាគ​កូម៉ូដុ​នៅ​ឥណ្ឌូនេស៊ី ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​សត្វ «​ជិត​ផុត​ពូជ» ក្នុង​បញ្ជី​ក្រហម​សត្វ​ព្រៃ​​បច្ចុប្បន្ន​ដែល​ក៏​ព្រមាន​ថា ការ​នេសាទ​​ហួស​ប្រមាណ​បាន​គំរាម​កំហែង​ដល់​ការ​ផុត​ពូជ​ពពួក​ឆ្លាម ២​ ​ក្នុង​ចំណោម ៥ ​ប្រភេទ​ផង​ដែរ។

ប្រមាណ ២៨ ​ភាគរយ​នៃ​អម្បូរ​សត្វ ១៣៨ ០០០ ​ប្រភេទ ដែល​កត់ត្រា​ដោយ​សហភាព​អន្ដរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ (IUCN) ចំពោះ​ការ​ឃ្លាំមើល​នៃ​ការ​រស់រាន​របស់​ពួក​វា កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​ជា​រៀង​រហូត ខណៈ​សកម្មភាព​ដ៏​បំផ្លិចបំផ្លាញ​របស់​មនុស្ស​លើ​ពិភព​ធម្មជាតិ​កាន់​តែ​អាក្រក់។

ប៉ុន្ដែ​ការ​ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ​នៃ​បញ្ជី​ក្រហម​ស្ដីពី​អម្បូរ​សត្វ​រង​ការ​គំរាម​កំហែង ក៏​បង្ហាញ​ពី​សក្ដានុពល​រស់រាន​ឡើង​វិញ​​ ដោយ​ត្រីធូណា​ ៤ ​ប្រភេទ ​ត្រូវ​បាន​សង្គ្រោះ​ពី​ការ​រលត់រលាយ​​ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង ១ ​ទសវត្សរ៍ ​ទប់ស្កាត់​ការ​នេសាទ​​ច្រើន​ហួស​ហេតុ​។

វត្ដមាន​ឡើង​វិញ​ដ៏គួរ​ឱ្យ​កត់​សម្កាល់​បំផុត​ គឺ​ត្រូវ​បាន​មើល​ឃើញ​ចំពោះ​ត្រី​ធូណា​ព្រុយ​ខៀវ​អាត្លង់ទិក​ ដែល​ងើប​ផុត​ពី​ពពួក​សត្វ​ជិត​ផុត​ពូជ​ពី​អម្បូរ​ត្រី​ ៣ ​ប្រភេទ​ទៀត​មក​កាន់​តំបន់​ប្រឈម​តិច​ដ៏​គួរ​ឱ្យ​មាន​សុវត្ថិភាព​។

ត្រីធូណា​ ដែល​ជាអាហារ​ស៊ូស៊ី​ដ៏​មាន​តម្លៃ​នៅ​​ជប៉ុន ត្រូវ​បាន​​វាយ​តម្លៃ​​ចុង​ក្រោយ​ក្នុង​ឆ្នាំ​ ២០១១​។

អគ្គនាយក IUCN លោក​ប្រូណូ អូបេឡេ បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា​៖ «​ការ​វាយ​តម្លៃ​បញ្ជី​ក្រហម​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​ជិតស្និទ្ធ​រវាង​ជីវិត​មនុស្ស និង​ជីវភាព​រស់នៅ​ផ្សារ​ភ្ជាប់​នឹង​ជីវចម្រុះ​»។

កិច្ច​ខំប្រឹងប្រែង​បានធ្វើ​ឱ្យ​ត្រី​ធូណា​ព្រុយ​ខៀវ​ធូរស្បើយ​ពីការ​នេសាទ​។ រូបថត AFP

សារ​គន្លឹះ​មួយ​ពី​សមាជ IUCN ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​ម៉ារសីយ៍​ ប្រទេស​បារាំង បាន​បង្ហាញ​ថា ពូជ​សត្វ​ដែល​កំពុង​បាត់​វត្ដមាន​ និង​ការ​បំផ្លិច​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​ មិន​គំរាម​កំហែង​ខ្លាំង​​ដូច​កត្តា​ប្រែប្រួល​អាកាស​ធាតុ​ឡើយ​។

ជាមួយ​គ្នា​នេះ​ដែរ កត្ដា​ប្រែប្រួល​អាកាសធាតុ​តែ ១ ​មុខ​បាន​ និង​កំពុង​តែ​ជះស្រមោល​ខ្មៅ​​កាន់​តែ​ឆ្ងាយ​​លើ​អនាគត​នៃ​អម្បូរ​សត្វ​ជា​ច្រើន​ទៀត ជា​ពិសេស​សត្វ​ និង​រុក្ខជាតិ​នៅ​​តំបន់ ដែល​រស់នៅ​លើ​ដែន​កោះ​តូចៗ​ ឬ​តំបន់​ជីវ​ចម្រុះ​ជាក់​លាក់​ណាមួយ​។

ល្មូន​នាគ​កូម៉ូដុ​ជា​អម្បូរ​​បង្គូយ​ដ៏​ធំ​បំផុត​ក្នុង​លោក​ត្រូវ​បាន​ប្រទះ​ឃើញ​តែ​នៅ​ក្នុង​ឧទ្យាន​ជាតិ​កូម៉ូដុ​ និង​ ប្រជុំ​កោះ Flores ចុះ​បញ្ជី​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភព​លោក​ប៉ុណ្ណោះ​។

សត្វ​បុរេប្រវត្ដិ​ទាំង​នេះ​កាន់តែ​រង​នូវ​ការ​គំរាម​កំហែង​ដោយ​ប៉ះពាល់​ប្រែប្រួល​អាកាសធាតុ​ ដែល​ធ្វើ​ឱ្យ​កម្រិត​ទឹក​សមុទ្រ​ហក់​ឡើង​លិច​ដែន​ជម្រក​តូចៗ​យ៉ាង​តិច ៣០ ​ភាគរយ​នៅ​រយៈ​ពេល ៤៥ ​ឆ្នាំ​ក្រោយ​។

ស្ថិត​នៅ​ក្រៅ​តំបន់​ការពារ​វិសាលភាព​រស់​នៅ​របស់​ពួក​វា​កាន់​តែ​រួម​តូច​ ដោយសារ​តែ​ការ​វាត​ទី​ពី​មនុស្ស​។

លោក អេនទ្រូ ធើររី នាយក​ផ្នែក​អភិរក្ស​នៅ​អង្គការ Zoological Society ក្រុង​ឡុងដ៍ លើក​ឡើង​ថា​៖ «នេះ​ជា​សារ​ដ៏​​ច្បាស់​ពី​ធម្មជាតិ​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ស្នូល​នៃ​ការ​សម្រេច​ចិត្ដ​ទាំង​អស់»៕ AFP/HR