ក្រុងវេនិក៖ ការ​សារស័ព្ទ​ដ៏​រំជួល​ចិត្ត​​ពី​ផលិតករ​កុន​អាហ្វហ្គានីស្ថាន​នៅ​មហោស្រព​ភាពយន្ដ​ក្រុង​វេនិក​ កាល​ពី​ចុង​សប្ដាហ៍ ខណៈ​ផលិតករ​ភាពយន្ដ​ស្ដ្រី​ ២ ​នាក់ ​ព្រមាន​ប្រឆាំង​នឹង​ការ​សន្យា​របស់​ក្រុម​តាលីបង់​។

ផលិតករ សារ៉ា ការីមី អាយុ ៣៨ ​ឆ្នាំ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​​​មហោស្រព​ភាពយន្ដ​ថា​៖ «​គ្រាន់​តែ​ ២ ​សប្ដាហ៍ បុគ្គល​ឆ្នើម​ភាគ​ច្រើន​នាំ​គ្នា​ចាកចេញ​ពី​មាតុភូមិ​​ រាប់​ពី​អ្នក​ដែល​មាន​លទ្ធភាព​ភៀស​ខ្លួន​»។

អ្នកស្រី ការីមី ដែល​បាន​ឈ្នះ​ពាន​រង្វាន់​អន្ដរជាតិ​ជា​ច្រើន​ចំពោះ​ស្នាដៃ​របស់​ខ្លួន​បាន​បន្ដ​ថា​៖ «​ចូរ​ស្រមៃ​មើល​ថា តើ​ប្រទេស​មួយ​អត់​មាន​អ្នក​សិល្បៈ​វា​ទៅ​ជា​យ៉ាង​ម៉េច?»។

ឧស្សាហកម្ម​ភាពយន្ដ​អាហ្វហ្គានីស្ថាន ត្រូវ​បាន​បញ្ឈប់​ទាំង​ស្រុង​​ត្រឹម​វេលា​អន្ដរកាល​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង ក្រោយ​ពី​ក្រុម​តាលីបង់​គ្រប់គ្រង​ប្រទេស​កាល​ពី​ខែ​មុន​បន្ទាប់​ពី​ទាហាន​អាមេរិក​បាន​ដក​ចេញ​។

អ្នកស្រី​បាន​បន្ថែម​ថា​៖ «​ភាពយន្ដ​នៅ​​ក្នុង​ស្ដុក​កំពុង​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​ក្រុម​តាលីបង់។ ការងារ​របស់​ផលិតករ​ត្រូវ​បាន​បញ្ចប់​ត្រឹម​រយៈពេល​​ប៉ុន្មាន​ម៉ោង។ អ្នក​ខ្លះ​បាន​ចាកចេញ​ដោយ​យក​​កុំព្យូទ័រ​យួរ​ដៃ​ តែ​​ខ្លះ​ទៀត​អត់​បាន​អី​ទៅ​សោះ​»។

មិត្ដភក្ដិ​អ្នកស្រី​ឈ្មោះ សារ៉ា ម៉ានី ដែល​ល្បី​ដោយសារ​ស្នាដៃ​ភាពយន្ដ​ឯកសារ​អំពី​​ជន​រងគ្រោះ​ពី​ការ​រំលោភ​ដោយ​សាច់​ញាតិ «កុមារី​មួយ​ពាន់​នាក់​ដូច​រូប​ខ្ញុំ» បាន​បន្ថែម​ថា​៖ «​ការ​ដួល​រលំ​នេះ​មាន​ន័យ​ថា យើង​បាត់​បង់​អ្វីៗ​គ្រប់​យ៉ាង​»។

ផលិតករ​ភាពយន្ត​អាហ្វហ្គានីស្ថាន​ក្នុងមហោស្រព​ភាពយន្ត​ក្រុង​វេនិក​។ រូបថត AFP

ជាមួយ​ភាព​ភ័យ​ខ្លាច​តែ​ប្ដេជ្ជា​ចិត្ដ​ខ្ពស់ អ្នកស្រី ម៉ានី បាន​ប្រើប្រាស់​គំរូ​សាលារៀន​តន្ដ្រី​ចម្រុះ​តែ ១ ​គត់​របស់​ក្រុង​កាប៊ុល។

អ្នកស្រី​បាន​និយាយ​ទាំង​ទឹក​ភ្នែក​រហាម​ថា​៖ «​ក្រុម​តាលីបង់​ឥឡូវ​កំពុង​គ្រប់គ្រង​អគារ​នោះ​។ ពួក​គេ​បាន​បំផ្លាញ​ឧបករណ៍​សិក្សា​ ​ហើយ​​សិស្ស​ក៏​នាំ​គ្នា​លាក់​ខ្លួន​ផង​ដែរ​»។

អ្នកស្រី ម៉ានី ដែល​ក្លាយ​ជា​ប្រធាន​អង្កភាព​ភាពយន្ដ​អាហ្វហ្គានីស្ថាន​ដំបូង​ក្នុង​ឆ្នាំ​ ២០១៩ បាន​និយាយ​អំពី​ការ​រត់​ភៀស​ខ្លួន​ កាល​ពី​ថ្ងៃទី ១៥ ខែ​សីហា​ថា​៖ «​ខ្ញុំ​​​កំពុង​ធ្វើ​ការ​ធម្មតា​សុខៗ​ស្រាប់តែ​​​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ខ្ញុំ​​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​តឹងតែង​​ក្នុង​ឆាក​ជីវិត​ថា​ តើ​ត្រូវ​នៅ ឬ​ចាកចេញ​​​ពី​ប្រទេស​?»។

អ្នកស្រី​បាន​បន្ត​ថា៖ «យើង​​ជា​អ្នក​សម្ដែង​ អ្នក​ដឹកនាំ​រឿង ផលិតករ​ យើង​​មិន​មែន​អ្នក​នយោបាយ​ទេ។ យើង​គ្រាន់​តែ​​បង្កើត​ក្ដី​សុបិន​របស់​យើង​ប៉ុណ្ណោះ​»៕ AFP/HR