ក្រុងហាណូយ៖ តាម​ដង​​​វីថី​ធ្លាប់តែ​អ៊ូអរ​ប្រែជា​​រហោស្ថាន​ រានដាល​តូចៗ​ក្នុង​​ក្រុង​ហាណូយ បាន​ក្លាយ​ជា​ទីកន្លែង​សម្រាប់​សកម្មភាព​ផ្សេងៗ​​​។

ខណៈ​ពលរដ្ឋ​ក្រុង​ហាណូយ​ត្រូវបាន​បិទខ្ទប់ រានហាល​ក្លាយជាទី​ជ្រកជ្រៀត​សម្រាប់​​ដាក់​តុ​ធ្វើការងារ ក្រាល​កម្រាល​យោគៈ និង​កន្លែងអង្គុយ​ក្រេប​កាហ្វេ​ស្រូប​ខ្យល់​បរិសុទ្ធនៅ​បរិវេណ​ដ៏​តូច​នោះ។

មនុស្ស ៨​លាន​នាក់​រស់​នៅ​ក្នុង​ទីក្រុង​របស់​វៀតណាម​នេះ ស្ថិត​ក្នុង​បម្រាម​ដ៏​តឹងរឹង​តាំងពី​ចុង​ខែ​កក្កដា ដែល​ត្រូវបា​អនុញ្ញាត​ឱ្យ​ធ្វើដំណើរ​ទៅកាន់​ម្ហូប​អាហារ ឬ​​មន្ទីរពេទ្យ​ប៉ុណ្ណោះ។

ទំនាក់ទំនង​ជាមួយ​ពិភព​ខាងក្រៅតែមួយគត់​គឺ​នៅ​លើ​​រានហាល​តូច​នេះហើយ​។ AFP

ថ្វីដ្បិតតែ​វិធានការរ​បិទខ្ទប់​ត្រូវបាន​បន្ធូរ​បន្ថយ​នៅតាម​តំបន់​ខ្លះ​នៃទី​ក្រុង​យ៉ាង​ណាក៏ដោយ ក៏​ពលរដ្ឋ​ភាគច្រើន​ត្រូវសម្ងំ​តែ​ក្នុង​ផ្ទះ​យ៉ាង​តិច ២​សប្ដាហ៍​ទៀត​ ដោយសារ​អត្រា​នៃការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​បន្ដ​ហក់​ឡើង។

អ្នកស្រី ង្វៀង ស៊ួន អាញ បុគ្កលិក​ការិយាល័យ​ ដែល​រស់​នៅ​ក្នុង​ប្លុក​អគារ​ខ្ពស់​ៗ បាន​និយាយ​ថា៖ «​ទំនាក់ទំនង​ជាមួយ​ពិភព​ខាងក្រៅតែមួយគត់​របស់ខ្ញុំ​គឺ​នៅ​រានហាល​តូច​នេះហើយ​»។

អ្នកស្រី​ អាញ បាន​ប្រជ្រៀត​ដាក់​តុ​នៅ​រានហាល​ទំហំ​ ៣​ម៉ែត្រការ៉េ​ ជាកន្លែង​ធ្លាប់​ដាក់​រុក្ខជាតិ​លម្អ។ វា​តូច តែ​ធំ​ល្មម​សម្រាប់​អ្នកស្រី​អង្គុយ​ធ្វើ​ការ​ជាមួយ​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង​ និង​ក្រេប​កាហ្វេ​ពេលព្រឹក​ គន់​មើល​ភាព​ស្ងប់​ស្ងាត់​នៃ​ដងវិថី​នានា​ ដែល​ធ្លាប់​តែ​ណែន​ណាន់។

ទំនាក់ទំនង​ជាមួយ​ពិភព​ខាងក្រៅតែមួយគត់​គឺ​នៅ​លើ​​រានហាល​តូច​នេះហើយ​។ AFP

អ្នកស្រី អាញ បាន​ប្រាប់ AFP ថា​៖ «​កាល​ពេល​មុន ខ្ញុំ​មិន​មាន​ពេល​សូម្បីតែ​ឈរ​បាន ៥​​នាទី​លើ​រានហាលនេះ។ ឥឡូវ វាក្លាយជា​កន្លែង​ប្រចាំ​របស់​ខ្ញុំ​»។

ដោយ​មាន​បម្រាម​ហាត់​ប្រាណ​នៅ​ខាង​ក្រៅ វាគ្មាន​អ្វី​ចម្លែក​ដែល​មើល​ឃើញ​មនុស្ស​ម្នា​ក្រវែល​ក្រវិល​តែ​នៅ​បរិវេណ​ដ៏​តូច​ចង្អៀត​នេះ​នោះទេ។

លោក ត្រាន់ ទ្រុងឃ្វាន ជា​វិស្វករ IT បាន​និយាយថា​៖ «ខ្ញុំ​សម្ងំ​នៅ​រានហាល​ នៅ​ជ្រុង​បន្ទប់ ស្ទើរតែ​ពេញ​មួយថ្ងៃៗ។ សម្ងំ​នៅ​តែ​ក្នុង​ផ្ទះ​អ៊ីចឹង​ពិតជា​មិន​ល្អ​នោះទេ​ ដោយ​ក្មេងៗ​បង្ក​បញ្ហា​ជាច្រើន​ ដែល​យើង​មិនអាច​ផ្ចត់អារម្មណ៍​លើ​ការងារ​បាន​»។

រានហាល​ក្លាយជាទី​ជ្រកជ្រៀត​សម្រាប់​​ដាក់​តុ​ធ្វើការងារ ក្រាល​កម្រាល​យោគៈ និង​កន្លែងអង្គុយ​ក្រេប​កាហ្វេ។ AFP

វៀតណាម ដែលត្រូវបាន​កោតសរសើរ​ចំពោះ​ចំណាត់​ការ​ដោះស្រាយវិបត្ដិ​កូវីដនេះកាលពី​ឆ្នាំ​មុន កំពុង​រង​នូវ​ផលប៉ះពាល់​យ៉ាង​​ខ្លាំង​តាំងពី​រលក​ទី៤ បាន​បក់​បោក​មក​កាលពីខែ​មេសា។

ប្រទេសវៀតណាម បាន​រាយការណ៍​ពីអត្រា​ឆ្លង​ជាង ៥០ម៉ឺន​នាក់​ និង​ស្លាប់​ជាង ១៣ ០០០​ នាក់។ ទីក្រុង​ និង​ខេត្ដ​ជា​ច្រើន​ រួមទាំង មជ្ឈមណ្ឌល​ជំនួញ​ភាគ​ខាងត្បូង​ក្រុង​ហូជីមិញ កំពុង​ស្ថិតនៅ​ក្រោមវិធានការ​បិទខ្ទប​រយៈ​ពេល​ជាច្រើន​ខែ។

លោក ទ្រុង បាន​បន្ដថា៖ «​ក្ដីប្រាថ្នា​របស់ខ្ញុំ​តែមួយគត់​នាពេលនេះ​គឺ​ចង់​ឱ្យ​ដក​បម្រាម​បិទខ្ទប់។ ដូច្នេះ​ខ្ញុំអាច​ទៅធ្វើការដូចមុន​​វិញ។ វាពិតជាមាន​សម្ពាធ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ​ដែល​ធ្វើ​ការ​ចេញ​ពី​រានហាល​ដ៏​ចង្អៀត​នេះ​​»៕ AFP/HR

ទំនាក់ទំនង​ជាមួយ​ពិភព​ខាងក្រៅតែមួយគត់​គឺ​នៅ​លើ​​រានហាល​តូច​នេះហើយ​។ AFP

រានហាល​ក្លាយជាទី​ជ្រកជ្រៀត​សម្រាប់​​ដាក់​តុ​ធ្វើការងារ ក្រាល​កម្រាល​យោគៈ និង​កន្លែងអង្គុយ​ក្រេប​កាហ្វេ។ AFP