ក្រុងវីយែន៖ ប៉ូលិស​អូទ្រីស បាន​ឱ្យដឹង​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​រក​ឃើញ​សាកសព​ស្ដ្រី​ម្នាក់​អាយុ ៨៩ ​ឆ្នាំ​ ដែលបាន​​ស្លាប់​កាលពី​មួយ​ឆ្នាំ​មុន និង​ត្រូវបាន​ខ្ចប់​រក្សា​ទុក​ក្នុងបន្ទប់​ក្រោមដីដោយ​កូន​ប្រុស​ ដែល​ចង់​បន្ដ​អត្ថប្រយោជន៍​ពី​ម្ដាយ។

នៅក្នុង​សេក្ដីថ្លែងការណ៍​មួយ ប៉ូលិស​បាន​​ឱ្យដឹង​ថា ម្ដាយដែល​ត្រូវបាន​​ជឿថា​កើត​ជំងឺ​វង្វេង​ បាន​​ស្លាប់​កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន។

ពួកគេបាន​បន្ថែមថា​៖ «​បុរស​អាយុ ៦៦ ​ឆ្នាំ ​បាន​​រក្សា​សព​របស់​អ្នកស្រី​ដើម្បី​បន្ដ​ទទួល​អត្ថប្រយោជន៍​ផ្សេង​ជំនួស​ម្ដាយ​»។

ជនសង្ស័យ​នេះ បាន​រស់​នៅជាមួយ​ម្ដាយ​នៅ​ក្បែរទីក្រុង Innsbruck ក្នុង​តំបន់​ ទីរ៉ុល។ លោក​បាន​សារភាព​ថា ក្រោយ​ម្ដាយ​ស្លាប់​​ ខ្លួន​បាន​​បង្កក​សព​ម្ដាយ​ដោយ​ខ្ចប់​ក្នុង​ថង់ទឹកកក​នៅ​បន្ទប់​ក្រោម​ដី​ ដើម្បី​រក្សា​សព​កុំ​​ឱ្យធុំក្លិន។ បន្ទាប​មក កូន​ប្រុស​រូបនេះបាន​ប្រើ​បង់រុំ​​ខ្ចប់​សព​ដើម្បី​ស្រូប​ទឹក​ចេញ​ពី​សព។

រូបតំណាង៖ ត្រូវបាន​ខ្ចប់​រក្សា​ទុក​ក្នុងបន្ទប់​ក្រោមដីដោយ​កូន​ប្រុស​ ដែល​ចង់​បន្ដ​អត្ថប្រយោជន៍​ពី​ម្ដាយ។

Helmut Gufler ទទួល​បន្ទុក​អង្គភាព​បង្ក្រាប​អំពើ​បោកប្រាស​សន្ដិសុខ​សង្គម​ បាន​ប្រាប់បណ្ដាញ​ផ្សព្វផ្សាយ ORF ថា​៖ «គាត់​បាន​ខ្ចប់​សព​ម្ដាយ​ជាមួយ​​ចំណីឆ្មា​ ដែល​ទីបំផុត​សព​នោះ​ក្លាយជា​ម៉ាំងមី​»។

ពេល​បង​ប្អូន​ប្រុស​របស​បុរស​រូប​នោះ​មក​សាកសួរ​​រឿង​ម្ដាយ​ លោក​បាន​និយាយថា ម្ដាយ​ទៅ​សម្រាក​ព្យាបាល​នៅ​ពេទ្យ។ ជន​សង្ស័យ​រូបនេះ បាន​ទទួល​អត្ថប្រយោជន៍​របស់​ម្ដាយ​ពី​ប្រៃសណីយ​រៀងរាល់​ខែ តែ​អ្នករត់សំបុត្រ​ប្រៃសណីយ​ថ្មី​បាន​ស្នើសុំ​ជួប​អ្នក​ទទួល​អត្ថប្រយោជន៍។

ពេល​កូន​ប្រុស​បដិសេធ អ្នករត់​សំបុត្របាន​រាយ​ការណ៍​ទៅកាន់​អាជ្ញាធរ​ ហើយ​សព​ត្រូវបាន​រក​ឃើញ​នៅថ្ងៃសៅរ៍។

បុរស​រូបនេះបាន​ទទួល​ប្រាក់ ៥​ម៉ឺន​អឺរ៉ូ (៥៩០០០​ដុល្លារ) តាំងពីខែ​មិថុនា ឆ្នាំ​ ២០២០ ពី​ការ​ផ្ដល់​ប្រាក់​នេះ។ ការ​ធ្វើ​កោសលវិច្ឆ័យសព​បាន​បង្ហាញថា បុរស​រូបនេះមិន​បាន​សម្លាប់​ម្ដាយ។ ជនសង្ស័យ​ត្រូវបាន​ចោទ​ប្រកាន់​ពីបទបន្លំ​ទទួល​ប្រាក់​អត្ថប្រយោជន៍​ និង​លាក់សព​ក្នុង​ផ្ទះ៕ AFP/HR

រូបតំណាង៖ ប៉ូលិស​បាន​​ឱ្យដឹង​ថា ម្ដាយ ដែល​ត្រូវបាន​​ជឿថា​កើត​ជំងឺ​វង្វេង​ បាន​​ស្លាប់​កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន។