ក្រុងឡូសអេនជឺលេស៖ ក្រោយ​ពី​រំលង​ឱកាស​បុណ្យ​ហាឡូវីន​ ១ ឆ្នាំ​មក យូនីវើសហ្សល​ស្ទូឌីយោ​​ហូលីវូដ (Universal Studios Hollywood) ​ដ៏​ល្បីល្បាញ​បាន​លេង​យ៉ាង​អស់​ដៃ​ដោយ​​បង្ក​ការ​ពញ្ញាក់​ព្រឺព្រួច ដក​ស្រង់​តាម​​ខ្សែ​ភាពយន្ត​ភ័យ​រន្ធត់​សម័យ​ដើម​មក​​តុបតែង​​ជុំវិញ​ឧទ្យាន​កម្សាន្ត​របស់ខ្លួន​ឯ​រដ្ឋ​កាលីហ្វ័រនីញ៉ា។

ខណៈ​ពេល​ដែល​ព្រឹត្តិការណ៍ «រាត្រី​រន្ធត់​ហា​ឡូ​វីន» កាល​ពី​ឆ្នាំ​មុន​ត្រូវ​បាន​លុប​ចោល​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ អ្នក​រៀបចំ​កម្មវិធី​កំពុង​បំផុស​ថា ​អតិថិជន​នៅ​ឆ្នាំ ២០២១ នឹង​មាន​អារម្មណ៍​រំភើប​រីករាយ​ចំពោះ​យប់​ដ៏​​គួរ​ឱ្យ​ភ័យខ្លាច​ជាង​ពេលណាៗ​ទាំង​អស់។

នាយក​ច្នៃប្រឌិត​លោក ចន ម័រហ្វី បាន​ប្រាប់​ទីភ្នាក់ងារ AFP ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ពី​ក្រោយ​ឆាក​ថា៖ «ភាព​​ភ័យរន្ធត់​ស័ក្ដិសម​នឹង​​ស្ថានភាព​​​មាន​បញ្ហា​បំផុត​ក្នុង​ជីវិត»​។

ភាពយន្ត​ខ្មោច​​នានា ដូចជា​រឿង​បិសាច​ជញ្ជក់​ឈាម Dracula ឆ្នាំ ១៩៣១ និង​រឿង​ខ្មោច​ពីរ៉ាមីដ The Mummy ឆ្នាំ​ ១៩៣២ ជាដើម។

លោក​ ម័រហ្វី បាន​និយាយ​ថា៖ «ទាំង​នេះ​ គឺ​ជា​ខ្សែ​ភាពយន្ត​ល្បីៗ នៅ​សម័យ​មាស​របស់​ពួក​គេ។ ភាព​ភ័យ​រន្ធត់​ឆ្លើយ​តប​នឹង​​ស្ថានភាព​បច្ចុប្បន្ន​ ហើយ​​ការ​ទស្សនា​វា​ធ្វើ​ឱ្យ​យើង​ដក​ឃ្លា​ចេញ​ពី​សង្គម​ដ៏​គ្រោះថ្នាក់​»។

អ្នក​ទស្សនា​ដែល​ប្រាថ្នា​បទពិសោធ​ព្រឺ​សម្បុរ​​អាច​មក​កាន់​​ឧទ្យាន​​កម្សាន្ត​នៅ​ជុំវិញ​ទីក្រុង​ឡូសអេនជឺលេស​ ដែល​បាន​បើក​ឡើង​វិញ​នៅ​ខែ​មេសា​ បន្ទាប់​ពី​​កូវីដ ១៩ បាន​វាយ​លុក​ក្រុង​ធំ​ជាង​គេ​ទី២ នៅ​សហរដ្ឋអាមេរិក។

ទិដ្ឋភាព​ហាឡូវីន​ឆ្នាំ​នេះ​ ក៏​​មាន​ភ្ជាប់​នូវ​សាច់​រឿង​ពាក់​ម៉ាស់​ទាញ​ចូល​បរិបទ​កូវីដ សម្រាប់​បិសាច​​ផង​ដែរ ដោយ​លោក​​បាន​និយាយ​ថា៖ «វា​ជា​ការ​បន្ថែម​រសជាតិ​​ច្នៃ​ប្រឌិត​ថែម»។

ឈរ​ក្បែរ​ធុង​ថ្លុក​ឈាម លោក ​ម័រហ្វី និយាយ​ថា៖ «ភាព​ភ័យ​រន្ធត់​ព្រឺព្រួច​បង្រៀន​យើង​ពី​វិធី​ដោះស្រាយ​នឹង​ការ​ភ័យ​ខ្លាច​ផ្ទាល់​ខ្លួន​ នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង»៕ AFP/HR