
អង្គការជួយឱ្យកុមារគ្មានឱកាសនៅទូទាំងប្រទេស អាចមានឱកាសលេង រៀន និងអភិវឌ្ឍជំនាញកីឡារបស់ខ្លួន។ រូបថត សហការី
ភ្នំពេញ៖ កាលពីជាង ១ ឆ្នាំមុន អង្គការផ្កាយសមុទ្រ ISF បានបង្កើតវិធីសាស្ដ្របាល់ទាត់ថ្មីក្នុងបរិបទកូវីដ ១៩ ដោយបានទទួលការគាំទ្រច្រើនចំពោះទម្រង់លេងរក្សាគម្លាតសុវត្ថិភាពនេះ។ ប៉ុន្មានខែមុន អង្គការនេះបានបង្កការភ្ញាក់ផ្អើលម្ដងទៀតជាមួយការរំលេចរូបភាពឡូហ្គោ និងអក្សរខ្មែរយ៉ាងពិសេសនៅលើអាវប្រកួតនៃក្រុមបាល់ទាត់អង់គ្លេស Tottenham Hotspur (Spurs)។
ថ្ងៃនេះ ក្នុងពេលគម្រប់ខួបការបង្កើតអង្គការរយៈពេល ១៥ ឆ្នាំ អង្គការផ្កាយសមុទ្រ ដែលផ្ដោតលើកីឡា និងការអប់រំ បានជាប់បញ្ជីសម្រាំងក្នុងការប្រកួតអង្គការឆ្នើមនៃពានរង្វាន់ People''s Choice Awards ក្នុងប្រភេទរដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាលល្អបំផុត និងអំពាវនាវឱ្យពលរដ្ឋខ្មែរបោះឆ្នោតទាំងអស់ ក្រោយពីបានឈ្នះរង្វាន់ Stevie International Business Award។
កញ្ញា ជួប វិច្ឆិកា ប្រធានអង្គការ ISF ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា៖ «យើងពិតជាសោមនស្សរីករាយខ្លាំងណាស់ ដែលបានក្លាយជាអង្គការកម្ពុជាដំបូងត្រូវបានជ្រើសរើស ក្នុងការប្រកួតពានរង្វាន់ People''s Choice Awards។ យើងមានបំណងប្រាថ្នា ២ ក្នុងឱកាសខួបការបង្កើតអង្គការនេះឡើង។ ទី១ យើងសូមអំពាវនាវប្រជាជនខ្មែរទាំងអស់បោះឆ្នោតឱ្យបានច្រើន។ ដូច្នេះ យើងអាចឈ្នះគូប្រជែងជាច្រើនទៀត ដូចជា អង្គការមកពីកាលីហ្វ័រនីញ៉ា និងឌូបៃ ជាដើម។ ទី២ សូមបរិច្ចាគទៅក្នុងគេហទំព័រ Global Giving»។
ការប្រកួត People''s Choice Awards ក្នុងប្រភេទអង្គការល្អបំផុតនេះ មានការចូលរួមពីបណ្ដាអង្គការចំនួន ១៦ ដូចជា អង្គការសេដ្ឋកិច្ចឌូបៃ អង្គការមូលនិធិបច្ចេកវិទ្យាតួកគី និងអង្គការរដ្ឋកាលីហ័្វរនីញ៉ា សហរដ្ឋអាមេរិកជាដើម។

កម្មវិធីអប់រំ បង្កើតឡើងសម្រាប់ជួយកុមារ ដែលត្រូវភាពក្រីក្របង្ខំឱ្យបោះបង់ការសិក្សា។ រូបថត សហការី
ចំពោះអង្គការដែលនឹងទទួលពានរង្វាន់នេះ នឹងត្រូវបានសម្រេចដោយការបោះឆ្នោតជាសាធារណៈ ហើយអង្គការ ISF បានលើកទឹកចិត្ដពលរដ្ឋខ្មែរបោះឆ្នោតគាំទ្រផងដែរ។
យោងតាមអង្គការ ISF បានឱ្យដឹងថា មានតែអង្គការដែលបានឈ្នះពាន Stevie International Business Award ដើម្បីមានឈ្មោះចូលរួមប្រកួតកម្មវិធី People''s Choice Awards នេះ។
ISF ដែលទទួលបានពាន Silver Trophy សម្រាប់អង្គការល្អបំផុត នាំឱ្យជាប់ជាបេក្ខភាពមួយរូបដោយស្វ័យប្រវត្ដិ បានបង្ហាញពីនីតិវិធីនៃការបោះឆ្នោតតាមអនឡាញតាមរយៈការចូលទៅកាន់វេបសាយនៃតំណភ្ជាប់នេះ www.bit.ly/voteISF រួចបញ្ចូលលេខកូដ Y129V ដោយមិនចាំបាច់ចុះឈ្មោះទៅតាមគណនីអ៊ីមែលណាមួយឡើយ។
អង្គការផ្កាយសមុទ្រកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដើម្បីផ្ដល់ឱកាសថ្មីដល់កុមារកម្ពុជារស់នៅក្នុងតំបន់សំណង់មិនរៀបរយក្នុងរាជធានីភ្នំពេញ។ អង្គការនេះ ផ្ដោតលើកម្មវិធី ២ គឺកម្មវិធីអប់រំ បង្កើតឡើងសម្រាប់ជួយកុមារ ដែលត្រូវបានបង្ខំឱ្យបោះបង់ការសិក្សាដោយសារភាពក្រីក្រ និងកម្មវិធីដណ្ដើមពានរង្វាន់បាល់ទាត់ បង្កើតឡើងសម្រាប់កុមារគ្មានឱកាសនៅទូទាំងប្រទេសមានឱកាសលេង រៀន និងអភិវឌ្ឍជំនាញកីឡាប្រកបដោយទំនុកចិត្ដ ជាមួយវត្ដមាន ៣ ០០០ នាក់ ចូលរួមក្នុងការប្រកួត រួមទាំងកុមារមានពិការភាព ឬជំងឺហ៊ីវផងដែរ។

បង្កើតឡើងក្នុងឆ្នាំ ២០០៦ អង្គការផ្ដល់ឱកាសថ្មីដល់កុមាររស់នៅក្នុងតំបន់សំណង់មិនរៀបរយ។ រូបថត សហការី
ទន្ទឹមនឹងការបោះឆ្នោតនេះ អង្គការ ISF ក៏បាននិងកំពុងតែប្រារឰខួបការកកើតអង្គការនេះរយៈពេល ១៥ ឆ្នាំ ដោយការចូលរួមក្នុងគម្រោងបរិច្ចាគទ្វេដង ដែលរាល់ការបរិច្ចាគប្រាក់ថ្មីៗរហូតដល់ ៥០ ដុល្លារ វាកើនឡើងទ្វេដង បើធ្វើការបរិច្ចាគតាមរយៈតំណភ្ជាប់នៃវេបសាយ www.bit.ly/giveISF នេះនៅចន្លោះថ្ងៃទី ១៣ ដល់ទី ១៧ ខែកញ្ញានេះ។
កញ្ញា វិច្ឆិកា ដែលបម្រើការនៅអង្គការផ្កាយសមុទ្រកម្ពុជាតាំងពីកកើតមកបាននិយាយថា៖ «រយៈពេល ១៨ ខែចុងក្រោយនេះ ពិតជាមានការលំបាកខ្លាំង តែក្រុមការងាររបស់អង្គការនៅតែបន្ដដំណើរការកម្មវិធីអប់រំ និងបាល់ទាត់របស់យើង។ ពួកយើងអាចប្រារឰខួប ១៥ ឆ្នាំនេះឡើងបានក៏ដោយសារតែការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់រូប»។
អង្គការ ISF មានគោលដៅរៃអង្គាសប្រាក់ ១ ៥០០ ដុល្លារ ក្នុងរយៈពេល ៥ ថ្ងៃ សម្រាប់កិច្ចការទ្រទ្រង់គម្រោងទាំង ២ របស់ខ្លួន៕