ក្រុងម៉ូស្គូ៖ ខ្លាឃ្មុំទឹកកកអាកទិករុស្ស៊ី ត្រូវបានប្រទះឃើញវត្តមាននៅឆ្នេរសមុទ្រអេសសិនប៊េ កាន់តែកៀកនឹងកន្លែងសម្បូរមនុស្សរស់នៅ។
ទោះជាវត្តមានខ្លាឃ្មុំទឹកកកសម្បុរសក្បុស ធ្លាប់ជារឿងដ៏កម្រនឹងបានឃើញ ពេលនេះសត្វដែលរស់នៅតំបន់ទឹកកកឆ្ងាយពីមនុស្ស ត្រូវបានគេកត់សម្គាល់ពីវត្តមានរបស់វាមិនឆ្ងាយពីក្រសែភ្នែកមនុស្ស។
ខណៈដែលការរលាយផ្ទាំងទឹកកកបានជំរុញឱ្យពួកវាផ្លាស់ទីមកកាន់កន្លែងមានមនុស្សរស់នៅ ដើម្បីស្វែងរកចំណីអាហារចំនួនរបស់សត្វទ្វីបទឹកកកមួយនេះក៏បានធ្លាក់ចុះ ស្របនឹងការកើនកម្ដៅផែនដីផងដែរ។
ទីភ្នាក់ងារត្រួតពិនិត្យតាមដានអាកាសធាតុរុស្សីបាននិយាយថា កម្រាស់ទឹកកកគ្របដណ្ដប់ទ្វីបអាកទិក កាន់តែស្ដើងឡើងៗក្នុងល្បឿនពី ៥ ទៅ ៧ ដងបើធៀបនឹងទសវត្សរ៍ឆ្នាំ ១៩៨០។
ការសិក្សាស្រាវជ្រាវកាលពីឆ្នាំ ២០២០ បានកត់ត្រានូវចំនួនខ្លាឃ្មុំទឹកកកប្រមាណ ២៥ ០០០ ក្បាល នៅសេសសល់ ហើយអ្នកជំនាញបានប៉ាន់ប្រមាណថា ពួកវាអាចនឹងត្រូវបានដាច់ពូជគ្មានសេសសល់នៅចុងសតវត្សរ៍ខាងមុខនេះ។
សត្វស៊ីសាច់ជាអាហារ នេះមានកម្ពស់ពី ២ ទៅ ៣ ម៉ែត្រ និងទម្ងន់ពី ៣៥០ ទៅ ៧០០ គីឡូក្រាម។ វាអាចហែលទឹករាប់គីឡូម៉ែត្រ ដើម្បីប្រមាញ់ត្រី និងសត្វក្នុងទឹកជាអាហារ។
ប៉ុន្តែទម្លាប់រស់នៅ និងការប្រមាញ់អាហាររបស់ពួកវាបានប្រែប្រួលហើយ។ ខ្លាឃ្មុំខ្លះនាំគ្នាឡើងគោក ពេលហ្វូងបក្សីសមុទ្រក្រាបពង។
ព្រោះតែក្ដីស្រែកឃ្លាន ពួកវាបែរជានាំគ្នាស្វែងរកពងបក្សីសមុទ្រស៊ីជាអាហារ ដោយសារបម្រែបម្រួលអាកាសធាតុបានបង្រួមទឹកដីប្រមាញ់របស់ខ្លួន ហើយសត្វធ្លាប់តែជាតែស៊ីជាចំណីក៏រឹតតែខ្សត់ខ្សោយ។ ដោយសារតែខ្លាឃ្មុំទឹកកកត្រូវស៊ីអាហារច្រើនសន្ធឹកសន្ធាប់ ពួកវាបង្ខំចិត្ដស្វែងរកចំណីដូចជា កាកសំណល់សំរាមពីមនុស្សជាដើម៕ AFP/HR