ក្រុង​ញូវយ៉ក៖ ក្រុង​ញូវយ៉ក​នា​ថ្ងៃ​ចន្ទ​ត្រូវបានបំភ្លឺ​ដោយ​តារា​ល្បីៗ​មក​ពី​គ្រប់វិស័យ គ្រង​ឈុតហ្វេសសិន​ថ្លៃៗ​​ មក​ចូលរួម​​រាត្រី​សមោសរ​ ក្រោយ​ពី​ខកខាន​ដោយសារ​​ការ​រីករាលដាលនៃ​វីរុសកូរ៉ូណា​​អស់​ជា​ច្រើន​ខែ។

​ភ្ញៀវ​កិត្តិយស​ប្រមាណ ៤០០​ នាក់ ជា​តារា​ហូលីវូដ​លំដាប់​ខ្ពស់​ កំពូល​អត្តពលិក​ អ្នកនិពន្ធ និង​អ្នកសម្ដែង​​មានឈ្មោះបោះសំឡេង ដែល​ខ្លះ​បាន​ចាក់វ៉ាក់សាំង និង​ខ្លះ​ត្រូវបានធ្វើតេស្ត​អវិជ្ជមានកូវីដ ១៩។

អ្នក​ចូលរួម​ភាគ​ច្រើនដែល​​​មិនមាន​ពាក់ម៉ាស់ នាំគ្នា​ដើរ​លើ​កម្រាលព្រំ​ពណ៌​សសាជាថ្មី ជម្នះវិបត្តិ​ជំងឺ​ឆ្លង​សកល ក្រោយ​ពី​កម្មវិធី​នេះ​ខកខាន​ប្រារព្ធ​កាលពី​ឆ្នាំមុន។

តារា​ចម្រៀង​រ៉េប Lil Nas X ដែល​ម្នាក់​ឯង​លេង​ម៉ូដ​សម្លៀក​បំពាក់ដល់ទៅ ៣ឈុត បក​ម្ដង​មួយ​ស្រទាប់ៗ។

តារា​រ៉េប​ស្រីអាមេរិក Megan Thee Stallion ដែល​ទើបតែ​មាន​ឱកាស​ចូលរួម​រាត្រីសមោសរ​នេះ​ជា​លើក​ដំបូង និង​គ្រង​ឈុត​រ៉ូប​ដ៏​ប្រណីត​ បាន​ប្រាប់ទីភ្នាក់ងារ AFP៖ «វា​ពិត​ជា​មិនគួរ​ឱ្យជឿ​សោះ! ខ្ញុំ​មានអារម្មណ៍​ថា ឱ​ព្រះអើយ យើង​ដូច​កំពុង​ស្ថិត​នៅ​ក្រុង​ហ៊ូស្តុន រដ្ឋ​តិចសាស់​សោះ»។

នាង​បាន​បន្លឺឡើង​ថា៖ «ខ្ញុំពិត​ជា​រំភើប​ណាស់​ដែល​បាន​មក​ដល់ទីនេះ»។

យ៉ាងណាមិញ តារា​ចម្រៀង​រូបនេះ​សារភាពថា នាង​ហាក់ដូច​ជា​ប្លែក​ និង​ភ្ញាក់ផ្អើល​នឹង​វត្តមាន​មនុស្ស​ច្រើន ក្រោយ​​ពី​វិបត្តិ​កូរ៉ូណា​ជាសកល​បាន​ធ្វើ​ឱ្យ​មនុស្ស​ម្នា​សាំ​នឹង​ភាព​ឯកា។

ស្ថិត​ក្នុង​ចំណោម​មនុស្ស​តិច​តួច​ដែល​ពាក់ម៉ាស់​ក្នុង​កម្មវិធី តន្ត្រី​ករស្រី​​កាណាដា គ្រីមស៍​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​​ជាដៃគូស្នេហា​ជាមួយ​សេដ្ឋី​ប្រាក់​ពាន់​លាន​ដ៏ល្បីល្បាញ អ៊ីឡុន ម៉ាស បាន​គ្រង​ឈុត​​ប្លែក​ភ្នែក​ពណ៌​ប្រផេះ ដោយ​លីដាវ​​យ៉ាង​ចែង​ចាំង ជួយ​ឱ្យ​នាង​រក្សា​គម្លាត​ពី​ភ្ញៀវ​ដទៃ​ទៀត​យ៉ាងហោច​១​ម៉ែត្រ​កន្លះ។

កីឡាការិនីតេន្នីស ណាអូមី អូសាកា និងកីឡាការិនី​កាយសម្ព័ន្ធ Simone Biles។ AFP

រឹត​តែ​លេច​ធ្លោ​ជាង​គេ​នោះ គឺ​តារា​ចម្រៀង​រ៉េប Lil Nas X ដែល​ម្នាក់​ឯង​លេង​ម៉ូដ​សម្លៀក​បំពាក់ដល់ទៅ ៣ឈុត បក​ម្ដង​មួយ​ស្រទាប់ៗ ផ្ដើម​ចេញ​ពី​អាវ​គ្រង​ដូច​ស្ដេច រហូត​ដល់អ្នក​ចម្បាំងអាវ​ក្រោស​មាស និងចុងក្រោយ​អៀម​ខោ​ប៉ាក់ឌិន​បែប​សិល្បករ។

រីឯ​អត្តពលិក​កាយសម្ព័ន្ធ​​ Simone Biles ដែល​ទើបតែ​ស្រក់​ទឹក​ភ្នែក​នៅ​កីឡា​អូឡាំពិក​ក្រុង​តូក្យូ បាន​គ្រង​ឈុត​រ៉ូប​យ៉ាង​សំពោង ដែល​ទាមទារ​ជំនួយ​ការ ៦​នាក់​ចាំ​​ទាញ​កុំ​ឱ្យ​ទាក់ជើង​ដួល។

ប៉ុន្តែ​អ្វី​ដែល​ចម្លែក​ជាង​គេ​គឺ​​វត្តមាន​ស្រមោល​ខ្មៅ​ដើរ​ដូច​ចម្លាក់​គ្មាន​មុខ ដែល​គ្រប់គ្នា​អាច​សន្និដ្ឋាន​យ៉ាង​ច្បាស់​ថា ជា​ការ​លេង​ស្ទីល​ចម្លែង​របស់​តារា​ទូរទស្សន៍ គីម កាដាសៀន។

កម្មវិធី​សមោសរ​ Met Gala ឆ្នាំ​នេះ​​មានការ​សហការ​ដឹកនាំ​ដោយ​តារាភាពយន្ត Timothee Chalamet កវី Amanda Gorman តារាចម្រៀង Billie Eilish និង​កីឡាការិនី​តេន្នីស ណាអូមី អូសាកា។

តារា​ហូលីវូដ មេហ្គាន ហ្វក ខេដ ហាត់សិន និង តារាម៉ូដែលរុស្ស៊ី Irina Shayk។ AFP

ជាទូទៅ​កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម​ខែ​ឧសភា ប៉ុន្តែ​វា​ត្រូវបាន​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​ទី ១៣ ខែ​កញ្ញា ឆ្នាំ ២០២១ ខណៈ​កម្មវិធី​ឆ្នាំ ២០២០​ត្រូវបាន​លប់ចោល។

សហអ្នក​ដឹកនាំ​កិត្តិយស​រាត្រីសមោសរ​ដ៏​អស្ចារ្យ​នេះ​គឺ អ្នកស្រី អាណា វីនធួរ និពន្ធនាយក​ទស្សនាវត្ដី Vogue ដែល​ជា​អ្នក​ប្រែក្លាយ​កម្មវិធី​សប្បុរសធម៌​​នេះ​ទៅជា​ព្រឹត្តិការណ៍​​ធំ​ក្នុងសកលលោក ក្រោម​ការ​ឧបត្ថម្ភ​ដោយ​ថម ហ្វដ និង​ អាដាម ម៉ូសេរី នាយក​អ៊ីនស្តាក្រាម។

ការ​រៀបចំកម្មវិធី​ដ៏អធិកអធម​នៅសហរដ្ឋ​អាមេរិក​ ខណៈ​ពិភពលោក​​កំពុង​ជួប​វិបត្តិ​ជំងឺ​រាត​ត្បាត ចៀស​ពុំរួច​ទេ​នូវ​ការ​រិះគន់។ ប៉ុន្តែ​មូលហេតុ​ចម្បង​នៃ​រាត្រីសមោសរ​នេះ​គឺ​ការ​ប្រមូល​ចំណូលទ្រទ្រង់វិទ្យាស្ថាន​សម្លៀក​បំពាក់​ នៃ​សារមន្ទីរ​មេត្រូផូលីធិន ក្រុង​ញូវយ៉ក៕ AFP/HR

តារាម៉ូដែល Emily Ratajkowski រាជនីច្នៃម៉ូដ​វ័យ​ចិត​ប្លាយ វ៉េរ៉ា វ៉ាង និង​និពន្ធនាយក Vogue អាណា វីនធួរ។ AFP

ឈុត​ស្រមោលខ្មៅ​គ្រង​ដោយ​តារាទូរទស្សន៍ គីម កាដាសៀន។ AFP

តារាចម្រៀង រីហាណា និង​តារារ៉េប App Rocky។ AFP

គូស្នេហ៍ Shawn Mendes និង Camila Cabello, គូស្នេហ៍ Bennifer និង គូស្នេហ៍ ចាស្ទីន ប៊ីប៊ឺ។ AFP

តារា​ម៉ូដែល Kendall Jenner, Hailee Steinfeld និង​​តារាចម្រៀងនូវែលសេឡង់ Lordes។ AFP