ក្រុងប៉ារីស៖ រូបសំណាក​សំរិទ្ធិ​អំពី​ស្ដ្រី​ទាសករ​ស្បែក​ខ្មៅ​ក្នុងទីក្រុង​ប័រដូររបស់​បារាំង ជាអតីត​មជ្ឈមណ្ឌល​ជួញដូរ​ទាសករ ត្រូវបាន​​ធ្វើឱ្យខូច​ទ្រង់ទ្រាយ​ដើម​ជាមួយ​ការ​លាប​ថ្នាំ​ពណ៌ស បំណង​វាយ​ប្រហារ​លើ​ការរើសអើង។ នេះ​បើ​យោង​តាម​ក្រុង​ប័រដូរ បាន​ឱ្យដឹង​កាលពីថ្ងៃចន្ទ។

រូបសំណាក​ប៉ុន​មនុស្សពិត នៃ​ស្ដ្រីទាសករ​អាហ្វ្រិក​ ModesteTestas ដែល​ត្រូវបាន​ទិញដោយ​គ្រួសារ​មួយ​ក្នុង​ក្រុង​ប័រដូរ នៅសតវត្សរ៍ទី ១៨ និង​ត្រូវបាន​និរទេស​ទៅកាន់​ដែន​កោះ Hispaniola នៃសមុទ្រ​ខារីបៀន ដើម្បីធ្វើការ​ក្នុង​ចម្ការ​អំពៅ។

អ្នកស្រី​ក្រោយ​មក​បាន​មាន​សរីភាព​បន្ទាប់ពី​មរណភាព​របស់​ម្ចាស់​ជនជាតិ​បារាំង នៅសហរដ្ឋអាមេរិក និង​បាន​ត្រឡប់​មក​តាំង​លំនៅឋាន​នៅភាគ​ខាង​លិច​នៃដែនកោះ Hispaniola ដែលបច្ចុប្បន្ន​ស្គាល់ជា ហៃទី ជាទីដែល​អ្នកស្រី​រស់​នៅ​រហូត​ដល់ស្លាប់។

កាលពី​ព្រឹកថ្ងៃចន្ទ រូប​សំណាក​របស់​ស្ដ្រី​ស្បែក​ខ្មៅ​រូបនេះ ដែល​ឈរ​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេ Garonne ត្រូវបាន​ប្រទះ​ឃើញ​លាប​ពណ៌ស​តាំងពី​ក្បាល​រហូត​ដល់​ចង្កេះ។

សាលាក្រុង​ប័រដូរ ដែល​បាន​សម្អាត​រូបសំណាកនោះវិញ​នៅ​ពេលថ្ងៃត្រង់ បាន​ឱ្យដឹង​ថា ខ្លួន​នឹង​ដាក់​ពាក្យ​ពី​បទព្រហ្មទណ្ឌ​ទៅ​ឧប្បត្ដិហេតុ​នេះ ដោយ​បាន​និយាយថា វាប្រហែលជា​អ្នក​ប្រឆាំង​ការ​រើសអើង​ពណ៌សម្បុរ។

រូបសំណាក​ត្រូវបាន​​ធ្វើឱ្យខូច​ទ្រង់ទ្រាយ​ដើម​ជាមួយ​ការ​លាប​ថ្នាំ​ពណ៌ស បំណង​វាយ​ប្រហារ​លើ​ការរើសអើង។

​មន្ដ្រី​ប្រឹក្សា​ទទួល​បន្ទុក​បេតិកភណ្ឌ ស្ដេហ្វាន ហ្គូម៉ូត បាន​និយាយថា បើ​បញ្ហា​នៃការ​រើសអើង​ជាតិសាសន៍​ត្រូវបាន​បញ្ជាក់​ច្បាស់ វាត្រូវបាន​ចោទ​ពីបទ​វាយ​ប្រហារ​ដោយហិង្សា​លើ​វត្ថុ​តំណាង​ រួមទាំង «រូប​សំណាក​​មនុស្ស​ដែលត្រូវបាន​និរទេស​ដោយ​អ្នកជួញដូរ​ទាសករ»។

ភាគ​ខាង​លិច​ក្រុង​ប័រដូរ ធ្លាប់​ជាមជ្ឈមណ្ឌល​ធំបំផុត​មួយ​ក្នុង​ប្រទេស​បារាំង​ចំពោះ​ការ​ជួញដូរ​ទាសករ​​​មក​ពី​អាហ្វ្រិក ដែល​ក្រោយមក​ត្រូវបាន​បញ្ជូន​តាម​នាវា​ឆ្លង​កាត់​មហាសមុទ្រ​អត្លង់ទិក​ទៅកាន់​តំបន់​អាមេរិក។

រូបសំណាក ដែល​រំលេច​រូប​អ្នកស្រី Testas គ្រង​សំពត់​វែង ដែល​លើកដៃម្ខាង​ដាក់លើ​ស្មា ត្រូវបាន​បើកសម្ពោធ​កាលពីខែ​ឧសភា ឆ្នាំ​២០១៩។ វាជា​រូបសំណាក​មួយ​ចំណោម​រូប​ជា​ច្រើន​ដែល​ស្ថិត​នៅ​តំបន់ផលិត​ស្រា​ទំពាំងបាយជូរ​ក្នុងការ​បង្ហាញ​ពី​របប​ទាសភាព​សម័យ​អាណានិគមន។

កូនចៅជនជាតិ​ហៃទី របស់​អ្នកស្រី Testas បានចូលរួម​ការ​បើក​សម្ពោធ​រូប​សំណាក​នេះផង​ដែរ៕ AFP/HR