ក្រុង​បាងកក៖ ចំពោះ​អ្នក​លក់ដូរ​នៅតាម​ផ្សារ​ក្នុង​ក្រុង​បាងកក ការ​បែក​ញើស​ហៀរ​ទឹក​ក្លៀក​ស្រោច​អាវ​យឺត​ក្នុង​បរិយាកាស​ក្ដៅ​ហើយ​សើម​ អាច​ផ្ទុក​នូវ​សមាសធាតុ​ ដែលអាច​វិភាគ​រក​សញ្ញា​ផ្ទុក​​វីរុស​កូរ៉ូណា។ នេះ​បើយោង​តាម​ក្រុម​អ្នក​វិទ្យា​សាស្ដ្រ​ក្នុង​ស្រុក។

ក្រុម​អ្នក​ស្រាវជ្រាវ​កំពុង​តែ​អភិវឌ្ឍ​ឧបករណ៍​ស្វែង​រក​វីរុស​ចល័ត​នៅ​លើ​ញើស​ និង​ការ​ធ្វើ​តេស្ដ​នៅ​តាម​ហាង​ដងផ្លូវឯផ្សារ​ម្ហូប​អាហារ​​ក្នុង​ទីក្រុង​បាងកក។

លោក ឆាឌីន កូលស៊ីង មកពី​សាកលវិទ្យាល័យ​ឈូឡាឡុងកន ក្រុង​បាងកក បាន​និយាយថា​៖ «​ពីសំណាក​ទាំងនេះ យើង​បាន​រក​ឃើញថា អ្នក​ឆ្លង​ជំងឺកូវីដ ១៩ បាន​បញ្ចេញ​សារធាតុ​គីមី​ដ៏គួរ​ឱ្យ​កត់សម្គាល់។ យើងបាន​ប្រើ​លទ្ធផល​នៃការ​រក​ឃើញនេះ​ដើម្បី​អភិវឌ្ឍ​ឧបករណ៍​មួយ​ក្នុង​ការ​ស្វែង​រក​ក្លិន​ជាក់លាក់​ដែលផលិតដោយ​បាក់តេរី​ណាមួយ​នៅ​ក្នុង​ញើស​អ្នក​ជំងឺកូវីដ ១៩​»។

លោក ឆាឌីន ដែល​និយាយថា ការ​ធ្វើ​តេស្ដ​មាន​កម្រិតជាក់លាក់​រហូត​ដល់ ៩៥​ភាគរយ រំពឹង​ថា វា​អាច​ត្រូវបាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ក្នុងតម្លៃ​ទាប​សមរម្យ​ជាង​ឧបករណ៍​រតេស្ដ​ស្ដង់ដារ ដែល​តម្រូវ​ចូល​មន្ទីរពិសោធ។

យ៉ាងណាមិញ វា​ស្ថិត​ក្នុង​តំណាក់​កាល​អភិវឌ្ឍ​នៅឡើយ ហើយ​ការ​ស្រាវជ្រាវ​នៅ​មិន​ទាន់​ត្រូវបាន​ចុះ​ផ្សាយ​ ឬ​សិក្សា​បន្ថែម​នោះទេ។​ ក្រុមអ្នក​វិទ្យា​សាស្ដ្រ​បាន​កែសម្រួល​ឧបករណ៍​ ដែល​ប្រើ​សម្រាប់​ស្វែង​រក​សារធាតុ​គីមី​ពុល​ក្នុង​បរិស្ថាន។

លោក ឆាឌីន កូលស៊ីង មកពីសាកលវិទ្យាល័យឈូឡាឡុងកនថា​ ការ​ធ្វើ​តេស្ដ​មាន​កម្រិតជាក់លាក់​រហូត​ដល់ ៩៥​ភាគរយ។ AFP

ការ​ធ្វើ​តេស្ដ​ពាក់​ព័ន្ធការ​ដាក់​សំឡី​ក្រោម​ក្លៀក​ចំនួន ១៥​នាទី មុន​ពេល​យក​មក​ដាក់​លើ​កែវ​កញ្ចក់​ និង​សម្លាប់​មេរោគ​ដោយ​ប្រើ​កាំរស្មី​ UV។

លោក ឆាឌីន បាន​និយាយថា​៖ «​អ្នក​បច្ចេកទេស​បាន​ទាញ​យក​សំណាក​មួយ​ចំនួន​ដោយ​ប្រើ​ទុយោបឺត និង​ច្របាញ់​ទៅក្នុង​ឧបករណ៍​វិភាគ​ដើម្បី​ពិនិត្យ​លទ្ធផល​»។

ការ​ប្រមូល​សំណាក​ប្រើ​ពេល ១៥​នាទី ហើយ​លទ្ធផលបញ្ចេញ​មក​ត្រឹម ៣០​វិនាទី​ប៉ុណ្ណោះ។ ការ​តេស្ដ​តាម​រយៈ​ញើស​ទទួល​បាន​ការ​សាទរ​ពី​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ក្រុង​បាងកក ដែល​និយាយថា វា​ល្អ​ជាង​ឧបករណ៍​តេស្ដ​រុក​ច្រមុះ​ទៅទៀត។

អ្នក​លក់ឪឡឹក​អាយុ ៤៣​ឆ្នាំ​ម្នាក់​បាន​ប្រាប់ AFP ថា​៖ «​ការ​តេស្ដ​ញើសនេះ​ពិត​ជា​ងាយស្រួល​ដោយសារ​ខ្ញុំ​ត្រូវការ​ធ្វើ​ការ​លក់ដូរ​អំឡុង​ពេល​លទ្ធផល។ ដោយ​ការ​តេស្ដ PCR ខ្ញុំ​ត្រូវ​ទៅកាន់​មជ្ឈមណ្ឌល​តេស្ដ អង្គុយ និង​រង់ចាំ​លទ្ធផល​យូរ​ ហើយវា​ពិតជា​ខ្ជះខ្ជាយ​ពេលវេលា​មែនទែន​»។

ថៃ ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​រលកទី ៣ និង​រលក​ដ៏​កាន់តែ​អាក្រក់​ទៀត បា​នរាយការណ៍​អត្រា​ឆ្លង ១៦០០០​នាក់​កាលពីថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ ដែល​នាំ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ជិត ១,៣៤​លាន​នាក់​៕ AFP/HR