ភ្នំពេញ: ជំទង់​ជា​វ័យ​មួយ​ដែលមាន​ការអភិវឌ្ឍ​ខួរក្បាល​ខ្លាំង និង​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ខ្លួន​ពី​មនុស្ស​ធ្លាប់តែ​ពឹងផ្អែក​ទៅជា​មនុ​ស្សមាន​ឯករាជ្យ​លើ​ខ្លួនឯង​។ ឪពុកម្ដាយ​ភាគច្រើន​ស្ទាក់​ស្ទើរនឹង​ផ្ដល់​ភាព​ឯករាជ្យ​ឱ្យ​កូន​ដោយ​ក្ដីបារម្ភ​ខ្លាច​ពួកគេ​ធ្លាក់ខ្លួន​ជា​បុគ្គល​មិនល្អ​ក្នុងសង្គម​។

​អ្នកជំនាញ​សុខភាព​ផ្លូវ​ចិ​ត្ដ លោក ហឿ សេ​ធុល បាន​ចំណាយពេល​អំឡុង​ប្រទេស​ជួប​វិបត្ដិ​កូ​វីដ​ដោយសារ​សាលារៀន​អប់រំ​ពិសេស​របស់លោក​ត្រូវ​ផ្អាក មក​សរសេរ​សៀវភៅ​ទាក់ទង​ការអប់រំ​ផ្លូវ​ចិ​ត្ដ​កុមារ និង​ក្មេង​ជំទង់​។

«​គ្រួសារ និង​ជំទង់​» មាន ១៣១​ ទំព័រ ដែល​ត្រៀម​ចេញលក់​ក្នុង​ខែកញ្ញា​នេះ ជាមួយ​តម្លៃ ២ ​ម៉ឺន​រៀល ផ្ដោតលើ​ជុំវិញ​បញ្ហា និង​ដំណោះស្រាយ​រវាង​គ្រួសារ និង​ក្មេង​ជំទង់ អាយុ​ចន្លោះ​ពី ១១ ទៅ ២៤ ​ឆ្នាំ ដើម្បី​ជំរុញ​ឱ្យ​ក្លាយជា​បុគ្គល​ល្អ​ក្នុងសង្គម​។

​លោក សេ​ធុល ស្ថាបនិក​សាលារៀន​អប់រំ​ពិសេស KCPS Counseling and Psycho-Education Services និង​ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់ និង​អ្នក​ចិ​ត្ដ​សាស្ដ្រ​នៅ​កម្ពុជា បាន​និយាយថា​៖ «​យើង​ផ្ដោតលើ​ការអប់រំ​ដល់​ក្មេង​ជំទង់​។ ខ្ញុំ​មើលឃើញថា ជំទង់​ប្រឈមមុខ​ច្រើន​ទាក់ទង​នឹង​ទំនាក់ទំនង​គ្រួសារ ការ​គាំ​ទ្រ ការមិនយល់​អំពី​បញ្ហា​នៃ​ការរីកលូតលាស់​

​ផ្លូវ​ចិ​ត្ដ និង​របៀប​នៃ​ការចិញ្ចឹម​បីបាច់​ជំទង់​ពី​សំណាក់​ក្រុមគ្រួសារ​»​។​

​លោក​បាន​និយាយ​ក្នុងនាម​ជា​អ្នក​​ចិ​ត្ដ​សាស្ដ្រ និង​មាន​បទពិសោធ​ធ្វើការ​ជាមួយ​ក្មេង មនុស្ស​ចាស់ និង​ជំទង់ ក៏ដូចជា​ទទួលបាន​ព័ត៌មាន​ច្រើន​ពី​សាលារៀន​ក្នុងស្រុក និង​សាលា​ស្ដង់ដា​អន្ដរជាតិ​ដែល​រាយការណ៍​អំពី​បញ្ហា​ប្រឈម​របស់​ជំទង់​។

​សៀវភៅ​គ្រួសារ និង​ជំទង់ ដែល​ចំណាយពេល​ចងក្រង​ជិត ២ ​ឆ្នាំ រៀបរាប់​អំពី​រឿងរ៉ាវ​របស់​ជំទង់ ប្រភេទ​គ្រួសារ​ដែល​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ជំទង់ របៀបរបប​គ្រប់គ្រង​របស់​ឪពុកម្ដាយ និង​វិធីសាស្ដ្រ​ចិញ្ចឹម​កូន​តាមបែប​សម័យថ្មី រួមទាំង​របៀប​នៃ​ការអភិវឌ្ឍ​ខ្លួនប្រាណ​របស់​ជំទង់​។

​លោក សេ​ធុល បាន​ប្រាប់ ភ្នំពេញ​ ​ប៉ុស្ដិ៍ថា​៖ «​ចំណុច​ទី​១ ជំទង់​មួយ​ដែល​ត្រូវបាន​យកមក​សរសេរ​ជា​បទ​ពិសោធ តែ​មិនមែន​ផ្ដោតលើ​ក្មេង​ណា​ជាក់លាក់​នោះទេ​។ ចំណុច​ទី​២ យើង​និយាយ​ពី​គ្រួសារ ទម្រង់​នៃ​គ្រួសារ បែបបទ​នៃ​គ្រួសារ​ថា តើ​ប្រភេទ​គ្រួសារ​បែបណា​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ជំទង់​។ ខ្ញុំ​លើកយក​ទ្រឹស្ដី​អ្នក​ចិ​ត្ដ​សាស្ដ្រ អ្នក​សិក្សា​សង្គម​មួយចំនួន​ស្ដីពី​គ្រួសារ ក៏ដូចជា​វប្បធម៌​គ្រួសារ​បែប​ខ្មែរ​»​។

​លោក​បានឱ្យដឹងថា ពេល​បាន​អាន​សៀវភៅ​នេះ ប្រិ​យ​មិ​ត្ដ​នឹង​បានដឹងថា តើ​គួររៀបចំ​គ្រួសារ​បែបណា​ដែលមាន​ផល​ល្អ​ទៅលើ​ជំទង់ ដោយ​ផ្ដល់​ភាព​​កក់ក្ដៅ និង​ទំនុក​ចិ​ត្ដ​។​

​លោក សេ​ធុល បាន​បន្ដថា​៖ «​ទី​៣ ខ្ញុំ​ផ្ដោតទៅលើ​ប្រភេទ​ឪពុកម្ដាយ ដោយសារ​ឪពុកម្ដាយ​ខ្លះ​ខ្វាយខ្វល់​ពេក ខ្លះ​តឹងរ៉ឹង​ពេក ហើយ​ខ្លះទៀត​ព្រងើយកន្ដើយ​ពេក​។ តើ​ឪពុកម្ដាយ​បែបណា ដែល​ជួយ​ឱ្យ​ជំទង់​មានការ​ប្រាស្រ័យ​ទាក់ទង​បានល្អ​? ១​ ទៀត ខ្ញុំ​ប្រើពាក្យ​ថា ការចិញ្ចឹម​បីបាច់​តាមបែប​សម័យថ្មី តាមរយៈ​ការប្រើប្រាស់​ពាក្យពេចន៍ ការអប់រំ​ជំទង់ ការផ្ដល់​សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ​ដល់​កូន របៀប​នៃ​ការប្រាស្រ័យ និង​ពិភាក្សា​។

​អ្នកជំនាញ​សុខភាព​ផ្លូវចិត្ត​ ​និង​ប្រឹក្សា​យោបល់​ផ្នែក​ចិត្តសាស្ដ្រ​រូបនេះ បាន​រៀបរាប់​អំពី​របៀប​នៃ​ការអភិវឌ្ឍ​ឆ្ពោះទៅកាន់​ភាព​វ័យ​ជំទង់​ស្រាយ​ចម្ងល់​ថា​តើ​អ្វី​ទៅជា​វ័យ​ជំទង់​? តើ​ពួកគេ​អភិវឌ្ឍ​ផ្នែក​រាងកាយ​យ៉ាងដូចម្ដេច​? តើ​ការអភិវឌ្ឍ​ផ្នែក​ផ្នត់​-​គំនិត​យ៉ាងដូចម្ដេច​? និង​តើ​ខួរក្បាល​ពួកគេ​មានការ​ប្រែប្រួល​ដូចម្ដេច​?

​លើសពីនេះ វា​ក៏បាន​ឆ្លើយ​ទៅនឹង​សំណួរ​សួរថា តើ​ជំទង់​ប្រឈមមុខ​នឹង​បញ្ហា​ផ្លូវ​ចិ​ត្ដ​អ្វីខ្លះ​? ជំទង់​នឹង​ស្វែង​​យល់​ពី​ដំណោះស្រាយ​នៃ​បញ្ហា​ដោយ​ខ្លួនឯង ក្នុង​ដំណើរ​ប្រកបដោយ​ឯករាជភាព​។

​សៀវភៅ​គ្រួសារ និង​ជំទង់ ជួយ​ជំរុញ​ពួកគាត់​ប្រើ​ឱ្យ​អស់ពី​សមត្ថ​ភាពទាក់ទង​នឹង​ការអភិវឌ្ឍ​ផ្នែក​ខួរក្បាល ពីព្រោះ​ពី​កុមារ​រហូតដល់​វ័យ​ជំទង់ ខួរក្បាល​របស់​ក្មេង​មានការ​អភិវឌ្ឍ​ខ្លាំង (Critical period) ជា​ដំណាក់​កាល​មួយ​នៃ​ការលូតលាស់​ដ៏​ស្រួច​ស្រាល់​បំផុត​។

លោក ហឿ សេធុល ​ប្រធាន​សមាគម​អ្នក​ប្រឹក្សា​​យោបល់ និង​អ្នក​ចិត្ដសាស្ដ្រ​​នៅ​កម្ពុជា។ សហការី

​លោក សេ​ធុល ដែល​បញ្ចប់​ការ​​សិក្សា​ផ្នែក​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជា​អ្នក​​ប្រឹក្សា​យោបល់​ចិ​ត្ដ​សាស្ដ្រ​ពីសា​កល​វិទ្យាល័យ De La Salle ប្រទេស​ហ្វីលីពីន បាន​និយាយថា​៖ «​ជំទង់​ស្ថិតក្នុង​វ័យ transaction period [​អន្តរកាល​] ដែល​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ខ្លួន​ពី​មនុស្ស​ធ្លាប់តែ​ពឹងផ្អែក​ទៅជា មនុស្ស​មាន​ឯករាជភាព​»​។

​លោក​បន្ថែមថា​៖ «​បើសិនជា​យើង​មិនបាន​បង្វឹក​គាត់​បានល្អ​ទេ ពួកគេ​នឹង​នៅតែ​ជាម​នុស្ស​ពឹងផ្អែក​។ ប៉ុន្ដែ​ឪពុកម្ដាយ​ខ្លះ​បែរជា​ខ្លាច​ភាព​ឯករាជ្យ​របស់​កូន​។ ជាក់ស្ដែងយើង​ឃើញ​គាត់​ចេញទៅ​ក្រៅ យើង​ខ្លាច យើង​ភ័យ យើង​អត់​ហ៊ាន​ឱ្យ​គាត់​ចេញ​ប្រឡូក​ក្នុងសង្គម​ទេ ដោយ​ខ្លាច​គាត់​ខិល​​ខូច​។ ការគិត​បែបនេះ​អាច​ត្រឹមត្រូវ តែ​វា​ក៏​ជាការ​រារាំង​មួយ ដែល​ធ្វើឱ្យ​គាត់​បាត់បង់​ឯករាជភាព​របស់គាត់​។

​មុនពេល​ចូល​រោង​ពុម្ព «​គ្រួសារ និង ជំទង់​» ត្រូវបាន​ស្នើឱ្យ​ឪពុកម្ដាយ​មួយចំនួន​អាន​សាកល្បង​ដើម្បី​ស្វែងយល់​ចំណាប់អារម្មណ៍​ពី​អត្ថប្រយោជន៍​នៃ​បទពិសោធ ក៏ដូចជា ភាព​ងាយ​យល់​នៃ​ការប្រើប្រាស់​ពាក្យពេចន៍​។

​ដោយ​មិន​ចាត់ទុក​ខ្លួន​ជា​អ្នកនិពន្ធ លោក​បាន​បញ្ជាក់ថា ការបោះពុម្ព​សៀវភៅ​កើតចេញពី​ចំណូល​ចិ​ត្ដ​សរសេរ​ចងក្រង ជា​ផ្នែក​មួយ​នៃ​វិជ្ជាជីវៈ​របស់លោក​។

​អ្នក​ចិត្តសាស្ត្រ​ដែល​ព្យាយាម​ផ្សព្វ​​ផ្សាយ​លក់​សៀវភៅ មិនមាន​នៅតាម​បណ្ណាគារ​រូបនេះ បានលើកឡើង​ពី​សមិទ្ធផល​កន្លងមក​ថា​៖ «​សៀវភៅ​ដំបូង​របស់ខ្ញុំ បុត្រ​តូច​សំណព្វ​ចិ​ត្ដ ដែល​ត្រូវបាន​បោះពុម្ព​ ៣ ០០០​ ក្បាល យើង​បាន​លក់ដាច់​អស់​។ នៅមាន​ឪពុកម្ដាយ​មួយចំនួន សុំឱ្យ​បោះពុម្ព​ឡើងវិញ​។ ដូច្នេះ យើង​បោះពុម្ព​ឡើងវិញ ដោយ​បានធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ព័ត៌មាន​ថ្មីៗ​ចូល ពី​ជាង ៦០ ​ទំព័រ​ ដល់​ជាង ១៤០​ ទំព័រ​»​។

​លោក សេ​ធុល បាន​និយាយ​អំពី​សៀវភៅ «​បុត្រ​តូច​សំណព្វ​ចិ​ត្ដ​» និពន្ធ​ក្នុង​ឆ្នាំ​ ២០១៧ និង​ត្រូវបាន​បោះពុម្ព​ឡើងវិញ ដែល​ផ្ដោតលើការចិញ្ចឹម​បីបាច់​កូន​តាមបែប​វិជ្ជមាន និង​ចិ​ត្ដ​សាស្ដ្រ ចំពោះ​កុមារ​អាយុ​ចាប់ពី ២ ទៅដល់ ១០ ​ឆ្នាំ​។

​សៀវភៅ​ «​ឪពុក​ម្ដាយ​កុមារ​អូ​ទី​សឹម​»។ សហការី

​សៀវភៅ​ ១ ​ក្បាល​ទៀត «​ឪពុក​ម្ដាយ​កុមារ​អូ​ទី​សឹម​» មាន ៤០​ ទំព័រ ចង​ក្រោយ​ដោយ​អ្នកគ្រូ សុខ សុគន្ធ​មាលា បង្រៀន​នៅ​សាលា​អប់រំ​ពិសេស KCPS ដើម្បីឱ្យ​មាតាបិតា​ស្វែងយល់ថា តើ​អ្វី​ទៅជា​អូ​ទី​សឹម ហើយ​វា​មាន​លក្ខណៈ​បែបណា​?

​ជាមួយ​ជំនឿ​ចិត្ត​ថា ការទទួល​ចំណេះ​ដឹង​ពី​សៀវភៅ​ទាំងនេះ ​រួមចំណែក​មួយផ្នែក​ដើម្បី​បង្កើត​ធនធានមនុស្ស លោក សេ​ធុល ក៏បាន​ឱ្យដឹង​ដែរ​ថា​៖ «​ភាគច្រើន ខ្ញុំ​មិន​យក​ថវិកា​នេះ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ទេ ខ្ញុំ​ដក​តែ​ថ្លៃដើម ហើយ​សេសសល់​ខ្ញុំ​ធ្វើការ​បរិច្ចាគ​ទៅ​សាលារៀន ទិញ​សម្ភារ​សិក្សា​ចែក​កុមារ​នៅ​ទីជនបទ ចូលរួម​ថវិកា​គន្ធបុប្ផា មន្ទីរពេទ្យ​កុមារ​អង្គរ និង​ជួយ​គ្រួសារ​ចង់​បង្កើត​មុខរបរ បាន ៣-៤ ​គ្រួសារ​»៕