ក្រុងហាណូយ៖ ង្វៀង ញ៉ូ ឃ្វីញ កំពុងតែបង្ហើយការងាររបស់ខ្លួន។ អ្នកស្រីទើបបញ្ចប់ការសង់ហាងនំដ៏តូចក្នុងក្ដីស្រមៃ ដែលខ្លួនប៉ងធ្វើតាំងពីមួយទសវត្សរ៍មុន។
នៅក្នុងហាងនំដ៏តូចនេះ មាននំជាច្រើនប្រភេទ ដូចជា នំខេក នំប៉័ង ឃុកឃី និងផាយ ដែលភាគច្រើនផលិតពីដីឥដ្ឋ។
អ្នកស្រី ឃ្វីញ បានប្រាប់ Viet Nam News ពីហាងនំទំហំ ៥៥ x ២៥ x ៣០ សង់ទីម៉ែត្រថា៖ «អ្វីៗគ្រប់យ៉ាងនៅទីនេះ គ្មានសារធាតុខ្លាញ់នោះទេ ដែលជួយឱ្យស្រកទម្ងន់យ៉ាងឆាប់រហ័ស ពីព្រោះគ្រាន់តែអាចមើលប៉ុណ្ណោះ»។
ក្នុងបរិវេណដ៏តូចនេះ មនុស្សម្នាអាចឆាប់មើលឃើញនំភឹងចម្រុះពណ៌ដ៏គួរឱ្យស្រឡាញ់នៅក្នុងទូរផ្នែកខាងស្ដាំ ដោយសូកូឡានៅខាងឆ្វេង និងប៉ាស្ដាដ៏ស្រស់ស្អាតនៅចំកណ្ដាល។
អ្នកទស្សនាជាច្រើនមិនអាចទប់អារម្មណ៍ មិនសរសើរមិនបានចំពោះនំនែកដែលមានសណ្ឋានដូចនំពិតបេះបិត។
ស្ដ្រីវ័យ ៣៣ ឆ្នាំ បានចំណាយពេល ៣ ខែរៀបចំសម្ភារ ឆ្លាក់ដីឥដ្ឋ លាយពណ៌ និងត្រួតពិនិត្យមើលឡើងវិញដើម្បីធានាថា នំតូចៗទាំងនោះដូចនំពិតៗគ្មានខ្វះចន្លោះ។
កាលពីមើលខែឧសភា អ្នកស្រី ឃ្វីញ ត្រូវបានចុះផ្សាយតាមសារព័ត៌មានក្នុងស្រុកជាមួយហាងបន្លែ និងផ្លែឈើ ដែលអ្នកស្រីបានបង្ហោះក្នុងក្រុមហ្វេសប៊ុកដោយមានសមាជិកជាង ២លាននាក់។ ការបង្ហោះនោះទទួលបានអ្នកចុច likes ជាង ១០ ម៉ឺននាក់ ចែករំលែកបន្ដ ១ម៉ឺនដង និងផ្ដោះផ្ដងសំណេរ ១ ៨០០ ដ៏សែនវែង។
អ្នកក្រុងហាណូយរូបនេះ បានបង្ហាញវត្ថុរាប់រយ ដូចជា ល្ហុង ទំពាំងបារាំង ចេក ស្ពៃក្ដោប ម្ទេស និងខ្ទឹមបារាំង ដែលមានប្រវែងពី ០,២ ទៅ ២,៥ សង់ទីម៉ែត្រប៉ុណ្ណោះ។
ឃ្វីញ មានវត្ថុតូចៗចំនួនជាង ១ ០០០ រួមមាន ចំណីអាហារ និងបង្អែម ភេសជ្ជៈ និងផ្ទះតូចៗ។ ម្ដាយកូនមួយរូបនេះ រំពឹងថា អ្នកស្រី នឹងមានឱកាសរៀបចំសិក្ខាសាលា និងជួបជុំអ្នកមានចំណាប់អារម្មណ៍វត្ថុសិល្បៈផលិតពីដីឥដ្ឋតូចៗទាំងនេះក្នុងប្រទេសវៀតណាម។
មិនខុសពីអ្នកស្រី ឃ្វីញ លោក ង្វៀង ភូក ហ៊ួ និងត្រាន់ មិញ តាន់ មានពេលវេលាច្រើនអំឡុងពេលបិទខ្ទប់នេះដើម្បីស្វែងរកអ្វីថ្មីៗ។
លោក ហ៊ួ រើពីក្រុងហូជីមិញ ត្រឡប់ទៅកាន់ស្រុកកំណើតក្នុងខេត្ដបេនត្រេ កាលពីខែឧសភា ដោយសារតែវិបត្ដិកូវីដ។ បុរសវ័យ ២៤ ឆ្នាំនេះជឿថា អាងត្រីរបស់លោកពេលនេះកាន់តែមានភាពទាក់ទាញជាមួយផ្ទះតូចៗទាំងនេះ។
លោកបាននិយាយថា៖ «ខ្ញុំប្រើដីឥដ្ឋដើម្បីរចនាជាសម្ភារផ្ទះខ្លះៗ និងសម្ភារផ្សេងៗទៀត ដូចជា ក្រដាសកាតុង ឫស្សី និងកម្ទេចក្ដាកុំផ្លាកេ»។
ក្រោយចំណាយពេល ៥ ថ្ងៃ ផ្ទះខ្ទមទំហំ ១០ x ១៥ សង់ទីម៉ែត្រ ត្រូវបានរចនារួចរាល់ រួមទាំងគ្រឿងសង្ហារឹមថែមទៀត។
ការកែច្នៃវត្ថុសំណល់ចាស់ៗមករចនាជាវត្ថុមានសម្រស់ស្រស់ស្អាត និងស្ទួយបរិស្ថាន ក៏ជាគំនិតរបស់លោក ង្វៀង មិញ ទ្រូក អាយុ ៦១ឆ្នាំមកពីខេត្ដគៀនហ្គៀង ផងដែរ។
លោក បានឃើញភរិយាបោះចោលកំប៉ុងប្រេង កំប៉ុងម្សៅសាប៊ូ និងដបទឹកប្លាស្ទីក និងចាប់ផ្ដើមប្រមូលទុកដើម្បីច្នៃធ្វើវត្ថុសិល្បៈអំឡុងពេលសម្ងំនៅតែក្នុងផ្ទះនេះ។
កូនស្រីលោក ទ្រូក ឈ្មោះ ង្វៀង ង៉ុក ត្រាន់ បាននិយាយថា៖ «គាត់មិនចេញទៅណា ដោយសារត្រូវរក្សាគម្លាតសុវត្ថិភាព។ ដូច្នេះ គាត់កាត់កំប៉ុង និងដប រួចគូរសត្វក្នុងឆ្នាំទាំង ១២ និងបន្ថែមសត្វសមុទ្រទៀត»។
អ្នកជិតខាង និងមិត្ដភក្ដិបានកើតសរសើរចំពោះស្នាដៃលោក ទ្រូក និងប្រមូលកំប៉ុងឱ្យលោកថែមទៀត។ លើសពីនេះ ហាងអេតចាយក៏អនុញ្ញាតឱ្យលោកយកវត្ថុចាស់ៗដោយសេរីផងដែរ៕ VNS/HR