ក្រុង​កាប៊ុល: នៅ​មជ្ឈមណ្ឌល​​ហ្វឹកហ្វឺន​បណ្ដោះអាសន្ន​មួយ​នៅ​អាកាសយានដ្ឋាន​ក្រុងកាប៊ុល សុនខជាច្រើន​ក្បាល​ដែល​ត្រូវបាន​ទុក​ចោល​អំឡុង​ពេល​ជម្លៀស​ខ្លួន​ដ៏ចលាចល​មួយ​ខែ​ចុង​ក្រោយ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន ពេល​នេះ​បាន​រក​ឃើញ​ផ្ទះ​ថ្មី​ និង​ក្រុមអ្នក​បង្វឹក​ថ្មីហើយ។

ខណៈ​មិនច្បាស់​ថា​នរណា​ជាម្ចាស់របស់​ឆ្កែទាំង​នេះ ពួកវា​ជា​ច្រើន​ក្បាល​ត្រូវបាន​រក​ឃើញ​នៅ​តាមបរិវេណ​អាកាសយានដ្ឋាន​ ដែលត្រូវបាន​ប្រើ​ដោយ​កង​ទ័ព​អាមេរិក ហើយ​ឆ្កែ​ខ្លះ​ត្រូវបាន​បង្វឹក​ឱ្យហិត​រក​គ្រឿងផ្ទុះ។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​បង្វឹក​ថ្មី។

ពួកវា​ស្ថិត​ក្នុង​ចំណោម​សំណល់​ពី​កិច្ចការ​អន្ដរាគមន៍​របស់​អាមេរិក​ ២​ ទសវត្សរ៍ ដែល​មមាញឹក​ក្នុងការ​ជម្លៀស​មនុស្ស​ជាង ១២ ​ម៉ឺន​នាក់​ពី​ទីក្រុង​កាប៊ុល ខណៈ​ក្រុង​តាលីបង់​វិល​មក​កាន់​អំណាច។

ជា​អ្នក​បង្វឹក ហេវាដ អាហ្ស៊ីហ្ស៊ី ដែល​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​មួយ​ផ្ដល់​សេវាកម្ម​សន្ដិសុខ​នៅ​អាកាសយានដ្ឋាន​ បាន​និយាយថា លោកបាន​ចេញ​ស្វែង​រក​សុនខ​ត្រូវបាន​បោះ​បង់​ចោល​ ពេល​ដែល​ជើង​យន្ដហោះ​ចុង​ក្រោយ​របស់​អាមេរិក​ចាក​ចេញ​ទៅ។

ពួកវា​ស្ថិត​ក្នុង​ចំណោម​សំណល់​ពី​កិច្ចការ​អន្ដរាគមន៍​របស់​អាមេរិក​ ២ ​ទសវត្សរ៍។ AFP

លោក​បាន​ប្រាប់ AFP នៅមជ្ឈមណ្ឌល​ហ្វឹកហ្វឺន ដែលស្ថិត​នៅ​តាម​​សាល​អកាសយានដ្ឋាន​ត្រូវបាន​ប្រើ​សម្រាប់​យានហោះអាមេរិក​ និង​សម្ភារ​យោធា។

លោកបាន​ឃើញ​ ៣០ ​ក្បាល ដោយ​​ពាក់​កណ្ដាល​នៅបរិវេណ​នោះ ដែល​គ្រប់គ្រងដោយ​កងទ័ព​អាមេរិក។ សត្វ​ឆ្កែ​ជាច្រើន​ទៀត ត្រូវ​បាន​រក​ឃើញ​នៅ​តាម​បរិវេណ​ដទៃ​ទៀត ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​អតីត​ប៉ូលិស​អាហ្វហ្កានីស្ថាន។

ពេលនេះ សត្វ​ទាំង​នេះ​ត្រូវបាន​ផ្ដល់​ចំណី​អាហារ ថែទាំ​ និង​បង្វឹក​ដោយ​លោក អាហ្ស៊ីហ្ស៊ី និង​ក្រុម​ការងារ​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​របស់​ក្រុមហ៊ុន​សន្ដិសុខ​ ដែលជា​ជម្រក​ច្នៃចេញពី​ទូកុងតឺន័រ​ពីរ​ បែងចែក​តាម​ទ្រុងរបស់វា។ ​

សហរដ្ឋអាមេរិក​បាន​ដកចេញ​កងទ័ព​ចុងក្រោយ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​កាលពីថ្ងៃទី ៣០ ខែ​សីហា ដោយបញ្ចប់​សង្គ្រាម​ដ៏​យូរ​បំផុត​របស់​អាមេរិក​នៅ​មុន​ខួប​ការ​វាយ​ប្រហារ​ថ្ងៃទី ១១ ខែ​ កញ្ញា ឆ្នាំ ​២០០១ ដែល​នាំ​ឱ្យមានការ​ឈ្លាន​ពាន​របស់​អាមេរិក។

ប៉ុន្មាន​ម៉ោង​ក្រោយ​ទាហាន​ចុងក្រោយ​ចាកចេញ ក្រុម​អង្នការ​សិទ្ធិសត្វ PETA បាន​ឱ្យដឹង​ក្នុង​សេចក្ដី​​ថ្លែងការណ៍​ថា ឆ្កែ​ហិត​គ្រឿង​ផ្ទុះ ៦០​ ក្បាល និង​ឆ្កែ​ធ្វើការងារ​ ៦០​ ក្បាល​ទៀត​ ត្រូវបាន​បោះ​បង់​ចោល​ដោយ​កងទ័ព​អាមេរិក។

ក្រុម​អង្គការ​បាន​អំពាវនាវ​ដល់​ប្រធានាធិបតី ចូ បៃដេន «​ចាត់វិធានការ​ភ្លាមៗ» ដោយ​ព្រមាន​ថា ឆ្កែទាំង​នោះ​ជួប​ទុក្ខ​ព្រោះ​កម្ដៅ​ថ្ងៃ​ដោយ​គ្មាន​លទ្ធភាព​ទទួល​បាន​អាហារ និង​ទឹក​ថែទៀត។

ភ្លាមៗនេះ មន្ទីរ​បញ្ឆកោណ​បាន​ច្រានចោល​ថា កង​ទ័ព​អាមេរិក​បាន​បោះបង់​សុខនមួយ​ចំនួន​នៅ​អាកាសយានដ្ឋាន​នោះទេ​៕ AFP/HR