ក្រុងហែលស៊ីនគី៖ បុរស​ហ្វាំងឡង់​ម្នាក់ ដែល​ចំណាយពេល​ ២​ទសវត្សរ៍​ក្នុង​ពន្ធនាគារ​ពីបទមនុស្ស​ឃាត កំពុងព្យាយាម​សងបំណុលដល់​សង្គមជាតិវិញ​តាមរយៈការ​បង្កើត «​បន្ទប់​បញ្ចេញកំហឹង» ដោយ​អនុញ្ញាត​ឱ្យអតិថិជន​បញ្ចេញ​កំហឹង​របស់ខ្លួន​ទៅលើ​វត្ថុ​ផ្សេងៗ​នៅក្នុង​ផ្ទះសម្បែង​ជាមួយ​ព្រនុង​លេងបេសបល។

លោក ចេន រ៉ានីនេន អាយុ ៤៤ ឆ្នាំ រង​បទចោទ​មនុស្ស​ឃាត​ពីរ​ករណី បាន​បើក​មជ្ឈមណ្ឌល​ «Raivoomo» ក្រុង​ហែលស៊ីនគី កាលពី ២​ខែមុន​ដោយ​ប្រើប្រាស់​ប្រាក់​កម្ចី​ពី​មិត្ដភក្ដិ​ និង​បាន​និយាយថា​ លោក​កំពុង​ទទួល​ការ​កក់​ពេញ​តាំងពី​បើកសម្ពោធ​មក។

លោក​បាន​និយាយថា៖ «​ខ្ញុំ​ជាប់​គុក​រហូត​ដល់ ៦ ខែមុន ហើយខ្ញុំ​គិតថា ពេលខ្ញុំ​ចេញ​មកវិញ ខ្ញុំ​នឹង​ចាប់ផ្ដើម​កសាង​បន្ទប់​នេះ និង​អនុញ្ញាត​ឱ្យមនុស្ស​បញ្ចេញ​កំហឹង​នៅទីនេះ​ជាជាង​ការ​ប្រព្រឹត្ដិ​ទង្វើ​ឆ្កួតៗ​ ដែល​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​កាលពី​យុវវ័យ​»។

វាជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ការ​បញ្ចេញ​កំហឹង​ និង​អារម្មណ៍​មួលហ្មង​ផ្សេងៗ​ AFP

លោក រ៉ានីនេន ដែល​ក្លាយជា​ក្រុមឥន្ធពាល​ខណៈ​រស់​នៅ​ជាយ​ក្រុង​ដ៏ខ្វះខាត​នៃ​ប្រទេស​ស៊ុយអែត ក៏​បាន​ការ​ប្រឹក្សា​ដល់​យុវជន ដោយ​ព្យាយាម​តម្រែតម្រង់​ផ្លូវ​ឱ្យ​ពួកគេ​ចាក​ឆ្ងាយ​ពី​ក្រុម​បាត​សង្គម។

បន្ទប់​បញ្ចេញ​កំហឹង​ជា​ទីកន្លែង​ធម្មតា​នៅតាម​ប្រទេស​មួយ​ចំនួន ដូចជា​សហរដ្ឋអាមេរិក ហើយ​បន្ទប់​ថ្មី​របស់​លោកនេះ​រមែង​ទទួលបាន​អតិថិជន​ជា​ស្ដ្រី​ដែល​អារម្មណ៍​ក្រេវក្រោត​របស់​ពួកគេ​កើតឡើង​ពីភាព​ស្មុគស្មាញដោយសារតែកូវីដ។

អ្នកស្រី សានន់ណា ស៊ូលីន ដែល​មក​ប្រារឰខួប​កំណើត​ ៥០​ឆ្នាំ​ ជាមួយ​ការ​វាយ​បំផ្លាញ​ម៉ាស៊ីន​ព្រីន​ចាស់​ៗ​ ម៉ាស៊ីន​បូមធូលី និង​គ្រឿង​ចាន​ឆ្នាំង​ ក៏ដូចជា​ថាស​ចម្រៀង​ដែល​ខ្លួន​ចូលចិត្ដ​ បាន​និយាយថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ខ្លាំង​ណាស់​ ហើយ​ថែមទាំង​អាច​បញ្ចេញ​លើស​បាន​ទៀត​»។

«​បន្ទប់​បញ្ចេញកំហឹង» អនុញ្ញាត​ឱ្យអតិថិជន​វាយ​របស់របរ​រំសាយ​អារម្មណ៍តានតឹង។ AFP

អ្នកស្រីបាន​បន្ដថា​៖ «​យើង​ជា​ស្ដ្រី​ធ្លាប់តែ​ធ្វើ​ចរឹក​ត្រឹមត្រូវ​ និង​ចេះ​គ្រប់​គ្រង​ខ្លួន​បាន​ល្អ​»។

លោក រ៉ានីនេន បាន​កត់​សម្គាល់ថា អតិថិជន ៨០​ភាគរយ​ជា​ស្ដ្រីអាយុ​ចន្លោះពី ២៥ ទៅដល់ ៤៥​ ឆ្នាំ។

លោក​បន្ថែមថា​៖ «​នៅរយៈ​ពេលយូរ​អង្វែង វាគួរតែ​ទៅជួប​អ្នក​ជំនាញ​ផ្លូវចិត្ដ​ដើម្បី​ទទួល​ការ​ប្រឹក្សា​យោបល់​ចំពោះ​បញ្ហា​របស់​លោក​អ្នក​»។

ប៉ុន្ដែ​ចំពោះ​អារម្មណ៍​ឆេវ​មួយ​គ្រា នេះជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ការ​បញ្ចេញ​កំហឹង​ និង​អារម្មណ៍​មួលហ្មង​ផ្សេងៗ​៕ AFP/HR

៨០​ភាគរយ​ជា​ស្ដ្រីអាយុ​ចន្លោះពី ២៥ ទៅដល់ ៤៥​ឆ្នាំ។ AFP