​ភ្នំពេញៈ កាលពី ៣ ​ឆ្នាំ មុន លេចដំណឹង​ដ៏​កម្សត់​របស់​តារា​ចម្រៀង​ជើងចាស់​លោក ចាន់ សម័យ ម្ចាស់​បទ «​សុំ​មេមាន់​មួយ​» ដែល​សំងំ​រស់នៅ​ជា​​មួយ​ប្រពន្ធ និង​កូនៗ បាត់​មុខ​លើ​វិថី​សិល្បៈ​ជាង ១០​ ឆ្នាំ​ ​ព្រោះ​មាន​ជីវភាព​លំបាក តែ​ពេលនេះ ជីវភាព​ប្រែប្រួល​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​។​

​គេ​នៅចាំ​ថា កាលពី​ចុងឆ្នាំ ​២០១៨ លោក ចាន់ សម័យ ត្រូវបាន​មហាជន​ដឹង​ពី​ដំណឹង​មាន​ជីវភាព​លំបាក ដោយសារ​ឃើញ​វត្តមាន​លោក​ទៅ​ស្ទូចត្រី​នៅ​មាត់​ទន្លេមេគង្គ ក្នុង​តំបន់​សង្កាត់​ព្រែកលៀប និង​រស់នៅក្នុង​បន្ទប់​ជួល​ជាមួយ​ប្រពន្ធ និង​កូន ៥ ​នាក់​។ លុះ​ដើមឆ្នាំ​ ២០១៩ លោក និង​ក្រុម​​គ្រួសារ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​អំណោយ​ផ្ទះ ១ ​ខ្នង ក្នុង​បុរី ឡេង ណា​វ៉ា​ត្រា នៅ​ម្តុំ​ទួល​ពង្រ និង​ត្រូវ​មិត្ត​អ្នកសិល្បៈ ជួយ​ជ្រោមជ្រែង ឱ្យ​វិល​មកកាន់​ក្បាល​មេក្រូ​ច្រៀង​វិញ និង​ក្លាយជា​តារាចម្រៀង​ប្រចាំ​​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី​។​

​តែ​យ៉ាងណា ការវិល​មក​ប្រឡូក​សិល្បៈ​វិញ​នេះ ម្ចាស់​បទ «​សុំ​មេមាន់​មួយ​» បទ​ «​បំភ្លេច​អូន​មិនបាន​» ចម្រៀង​ក្នុង​កុន​ចិនតៃវ៉ាន់​រឿង «​ស្នេហា F4» លោក ចាន់ សម័យ ហាក់​មិនមាន​សម្ទុះ និង​អាច​រក​កម្រៃ​ចិញ្ចឹម​គ្រួសារ​ឱ្យមាន​ជីវភាព​ល្អ​ឡើយ​។ តែ​ថ្មីៗ​នេះ ស្រាប់តែ​លេចដំណឹង​ប្រែប្រួល​ជីវភាព​របស់លោក ចាន់ សម័យ លើ​វិស័យ​អចលនទ្រព្យ​ទៅវិញ​។ នេះ​បើ​យោងទៅតាម​ប្រភព​អ្នក​ស្គាល់​លោក បាន​ទម្លាយ​ឱ្យដឹង​តាម​សង្គម​ហ្វេ​ស​ប៊ុ​កថា លោក ចាន់ សម័យ កំពុង​តែមាន​ជីវភាព​ខុស​ឆ្ងាយ​ពី ៣ ​ឆ្នាំមុន ដោយ​បច្ចុប្បន្ន​លោក​បាន​ក្លាយជា​នាយក​ប្រតិបត្តិ​នៃ​ក្រុម​​ហ៊ុន​អចលនទ្រព្យ​មួយ​ឈ្មោះ Cambo Dimon Land Property Development-Real Estate Company ឬ CDL and Property-ស៊ី​ឌី​លែ​ន អចលនទ្រព្យ​។​

​យ៉ាងណា ​ភ្នំពេញ ​ប៉ុស្តិ៍ មិនអាច​សុំ​ការបកស្រាយ​ការពិត​បន្ថែម​ពី​លោក​បាន​នោះឡើយ​ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​លោក​តេ​ចូល តែ​បែរជា​គ្មាន​អ្នក​​លើក​ទទួល​។​

​គួរ​រំឭក​ដែរ​ថា អតីត​ជាតា​រា​​ចម្រៀង​ល្បី​ប្រចាំ​ផលិតកម្ម​​ព្រះវិហារ នា​អំឡុង​ឆ្នាំ​ ២០០០-២០០១ លោក ចាន់ សម័យ បានធ្វើឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ទាំង​មហាជន និង​សង្គម​អ្នកសិល្បៈ ក្រោយ​បានឃើញ​ជីវភាព​យ៉ាប់​យ៉ឺ​ន​ខ្លាំង​មិនគួរ​ឱ្យ​ជឿ​របស់​លោក​ដែល​ដើរ​ស្ទូចត្រី​តាម​​មាត់ទន្លេ​ម្តុំ​ព្រែក​​លៀប ដើម្បី​យក​ត្រី​ធ្វើ​ម្ហូប​ចិញ្ចឹមជីវិត​​កូនៗ និង​គ្រួសារ សំងំ​​រស់នៅ​ផ្ទះជួល​ជាង ​១០​ ឆ្នាំ​៕