ភ្នំពេញ: គំនូរ​លើ​ជញ្ជាំង​រំលេច​រូបភាព​សាច់ញាតិ​ដែល​ស្លាប់​ក្នុង​របប​ខ្មែរក្រហម ជា​ស្នាដៃ​សិល្បករ​ពី​ក្រុង​ម៉ុងរ៉េអាល់ ដែល​បានធ្វើឱ្យ​លោក​វិល​​ត្រឡប់មក​កម្ពុជា​ម្ដង​ហើយ​ម្ដងទៀត ដើម្បី​ប្រោស​ព្រំ​វប្បធម៌​សិល្បៈ​គំនូរ​តាម​ដង​វិថី​ឱ្យ​រីកចម្រើន​លើទឹក​ដី​ពុំ​សូវ​មាន​ទម្រង់​សិល្បៈ​បែបនេះ​។​

​ប្រមាណ​ ២​ ទសវត្សរ៍​មុន គំនូរ​តាម​ទីសាធារណៈ​ពុំ​សូវ​ត្រូវបាន​ប្រទះ​ភ្នែក​នៅ​កម្ពុជា​នោះ រហូត​ទាល់តែ​វិចិត្រករ ខ្មែរ​-​បារាំង ហ្វុ​ង​គី (Fonki) បាន​នាំ​ប្រភេទ​សិល្បៈ​នេះ​រំលេច​ជាមួយ​ក្បាច់​ខ្មែរ ព្រមទាំង​រូបភាព​ក្រុមគ្រួសារ​របស់លោក ក្នុង​ឆ្នាំ​ ២០១២ សម្រាប់​គម្រោង​ភាពយន្ត​ឯកសារ​ចំណងជើង​ថា «The Roots Remain»​។​

​ជា​ខ្សែភាពយន្ត​និយាយ​អំពី​ការ​គោរព​មនោសញ្ចេតនា​ថ្លៃថ្លា​របស់​វិចិត្រករ​គំនូរ​លើ​ជញ្ជាំង​នៅ​កាណាដា ដែល​បាន​វិល​មក​មាតុភូមិ​វិញ ហ្វុ​ង​គី បាន​គូរ​សាច់ញាតិ​របស់លោក​ដែល​បាត់​បង់ជីវិត​ក្នុង​របប​អាវខ្មៅ​។ ក្នុងនោះ​ក៏មាន​ក្រុមយុវជន ដែល​បាន​វិល​ត្រឡប់មក​កម្ពុជា​ដូចគ្នា​ដោយ​សង្ឃឹមថា នឹង​ប្រោស​ព្រំ​ជីវិត​ថ្មី​ក្នុង​វប្បធម៌​ដែល​ធ្លាប់​ត្រូវបាន​បំផ្លាញ​។​

​ថ្វី​ដ្បិតថា​គ្រានោះ​មិនមែនជា​លើក​ទី​១​ ដែល ហ្វុ​ង​គី បានមក​កម្ពុជា តែ​តាមរយៈ​គម្រោង​នេះហើយ​ដែល​ធ្វើឱ្យ​លោក​សម្រេចចិត្ត​ផ្លាស់​ការរស់នៅ​ពី​កាណាដា​មក​ដែនដី​សុវណ្ណ​ភូមិ​។​

​វិចិត្រករ​វ័យ ៣១ ​ឆ្នាំ​រូបនេះ ​បាន​រំឭក​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ជា​លើក​ដំបូង​ដែល​ខ្ញុំ​បានដឹង​រឿង​ជាច្រើន ដែល​មិន​ធ្លាប់​បានឮ​ពី​ឪពុកម្ដាយ​ខ្ញុំ​។ ចាប់ពី​ឆ្នាំ​ ២០១២ ​ខ្ញុំ​ផ្ដើម​មកជា​ច្រើនដង​ក្នុង ​១ ​ឆ្នាំ ហើយក៏​សម្រេចចិត្ត​ផ្លាស់​មក​កម្ពុជា​ឆ្នាំ​ ២០១៧»​។​

សិល្បករ​ខ្មែរ-បារាំង ហ្វុងគី កំពុង​ប្រើ​កំប៉ុង​ថ្នាំ​បាញ់រំលេចគំនូរ​លើជញ្ជាំង​។ សហការី

​ខ្សែជីវិត​ជា​វិចិត្រករ​របស់ ហ្វុ​ង​គី ចាប់ផ្ដើម​នៅ​វ័យ ១៥​ ឆ្នាំ ក្រោម​ការរួម​គំនិត​ជាមួយ​មិត្តភក្ដិ ទាំង​កាលណោះ​លោក​ធ្លាប់​រំពឹងថា ​ខ្លួន​នឹង​អាច​ក្លាយជា​អ្នក​ផលិត​គំនូរជីវចល​។​

​លោក​បន្តថា​៖ «​ពេល​មាន​ថ្នាំ​កំប៉ុង​ច្រើន ខ្ញុំ​ក៏​យកទៅអនុវត្ត​នៅតាម​ស្ពាន​អាកាស ឬ​កន្លែង​ផ្សេងៗ​។ មានពេលខ្លះ​មិត្តភក្តិ​ទាក់ទង​ឱ្យ​គូរ​បន្ទប់​គេ​ដោយ​ឱ្យ​ប្រាក់កាស​តិចតួច​។ យូរៗ​ក៏មាន​ការចុះ​កុងត្រា ២-៣​ ក្នុង ​១ ​ឆ្នាំ​។ រហូត​បន្ទាប់ពី​ការ​ថតកុន​ឯកសារ ២០១២​ នៅ​កម្ពុជា ខ្ញុំ​ក៏​សម្រេចចិត្ត​ដាក់ចិត្ត​លើ​ការងារ​នេះ​ទាំងស្រុង​»​។​

​ចាប់ពី​ឆ្នាំ​ ២០០៥ មកទល់ពេលនេះ​ស្នាដៃ​ជាង ​១០០​ របស់លោក​តាំងពី​ជញ្ជាំង​ទៅ​ផ្ទាំង​ក្រណាត់ ទទួលបាន​ការគាំទ្រ និង​ត្រូវ​បានដាក់​តាំងនៅ​សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក បារាំង អង់គ្លេស ហ្វីលីពីន ថៃ វៀត​-​ណា​ម និង​បណ្ដា​ប្រទេស​ក្នុង​ទ្វីបអាមេរិក អឺរ៉ុប និង​អាស៊ី​។​

​ហ្វុ​ង​គី បានឱ្យដឹងថា ​គ្រប់កន្លែង​ដែល​លោក​ទៅ លោក​តែងតែ​បន្សល់​ស្នាដៃ​មួយ​នៅ​ទីនោះ​បើទោះជា​គ្មាន​គម្រោង​ក្នុង​ការងារ​ក៏ដោយ​។​

​លោក​ប្រាប់ថា​៖ «​ពេលខ្លះ​ខ្ញុំ​គ្រាន់​​តែ​គូរ​ជាការ​កម្សាន្ត ព្រោះនេះ​ជា​សោភណភាព​របស់​គំនូរ​សា​ធា​​រណៈ​។ បើទោះជា​ពេលនេះ​វា​ក្លាយជា​អាជីព តែ​វា​សំខាន់​ណាស់​ដែល​ខ្ញុំ​ត្រូវ​ចាំ​ថា​ខ្ញុំ​មិនមែន​ធ្វើ​ដើម្បី​តែ​លុយ​។ បើដូច្នោះ​ខ្ញុំ​អាច​បាត់បង់​គោល​គំនិត​ដំបូង​ដែល​ខ្ញុំ​ចាប់ផ្ដើម​វា​»​។​

​កាលពី ១០​ ឆ្នាំមុន ហ្វុ​ង​គី ទទួល​ស្គាល់​ថា រូបលោក​គូរ​បានតែ​ជា​គំនូរ​មនុស្ស​ដូច​ទូទៅ តែ​ពេលនេះ​លោក​អាចធ្វើឱ្យ​រូប​មានព្រលឹង​វិញ្ញាណ​។​

​ជា​វិចិត្រករ​ម្នាក់​លោក​ថា គ្មាន​គោលបំណង​ឱ្យ​ទស្សនិកជន​ត្រូវតែ​ឃើញ ឬ​មាន​អារម្មណ៍​ដូច​លោក​ទៅលើ​ស្នាដៃ​មួយៗ​ទេ​។ បើ​ទោះ​វា​ជា​ការងារ​មាន​ប្រធានបទ ក៏​វា​នៅតែ​អាចមាន​អត្ថន័យ​ផ្សេងៗ​ទៅតាម​ការយល់ឃើញ និង​ភ្នែក​អ្នកទស្សនា​។ ចំណុច​នេះ​ជា​អ្វីដែល​លោក​ស្រឡាញ់​ក្នុង​ការងារ​សិល្បៈ​។​

​បង្ហើប​ពី​តម្លៃ​ស្នាដៃ​ការងារ​មួយៗ ហ្វុ​ង​គី ថា លោក​កំណត់​នៅក្នុង​តម្លៃ​មួយ​ដែល​ខ្ពស់ ព្រោះ​លោក​ចង់​ផ្ដល់​តម្លៃ​លើ​វប្បធម៌​ខ្មែរ​អាយុកាល​ពាន់​ឆ្នាំ និង​បង្កើត​ស្តង់ដា​សម្រាប់​ខ្លួនឯង​ក៏ដូចជា​វិចិត្រករ​ដទៃ​។​

​ផ្លាស់​មក​ទីនេះ​ជិត ​១ ​ទសវត្សរ៍ លោក​បានឃើញ​កំណើន​ឡើង​នៃ​វិចិត្រករ​ដែល​សុទ្ធ​តែមាន​ស្នាដៃ​។ លោក​ថា លោក​រីករាយ​ណាស់​ដែល​ឃើញ​មិត្តភក្តិ​ធ្លាប់​គូរ​ជាមួយ​គ្នាច្រើន​ឆ្នាំមុន​នៅ​បាត់ដំបង នៅតែ​អាច​រស់នៅ​ពឹង​ផ្អែកលើ​ការងារ​សិល្បៈ និង​បានឃើញ​ស្នាដៃ​ពួកគាត់​តាំងនៅ​អគារ​ពាណិជ្ជកម្ម​រ៉ូ​ស​វូត​ផងដែរ​។​

​យ៉ាងណាក្ដី លោក​ឃើញថា វេទិកា​សម្រាប់​សិល្បករ​នៅមានកម្រិត​។​

​សិល្បក​រវិ​វ​ឌ្ឍ​ខ្លួន​ជា​ស្ថាបនិក​វិចិត្រ​សាល​រូបនេះ​បាន​លើក​ហេតុផល​ថា​៖ «​ខ្ញុំ​បង្កើត​វិចិត្រសាល និង​ស្ទូ​ឌី​យោ​ FT Gallery នេះ​ព្រោះ​ខ្ញុំ​ឃើញ​ឱកាស​ជួយ​ដល់​មិត្តភក្តិ សិល្បករ​ដទៃ​បាន​តាំង​ស្នាដៃ​ឱ្យមាន​គេ​ស្គាល់ និង​ភា្ជ​ប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​»​។​

​អ្នក​អភិរក្ស និង​ស្ថាបនិក FT Gallery បន្តថា​៖ «​ខ្ញុំ​ឃើញ​សិល្បៈ​ចាប់​-​ផ្ដើម​ទទួលបាន​ការចាប់អារម្មណ៍​ពី​អន្តរជាតិ​ច្រើន តែ​ក្នុងស្រុក​ទើប​មាន​តិចតួច​។ ខ្ញុំ​គិតថា តាមពិតទៅ​វា​ចាំបាច់​ណាស់​ដែល​ផ្ដើម​ពី​ខ្មែរ​ជួយ​​ខ្មែរ​ហើយ​ជួយ​ទិញ​ស្នាដៃ​កូន​ខ្មែរ​»​។​

​អំឡុងពេល​វិបត្តិ​កូ​វីដ​ជាង ​១ ​ឆ្នាំ បើទោះជា​ស្ត្រេ​ស ការខកខាន​ធ្វើដំណើរ និង​ការលុបចោល ឬ​លើក​ពេល​គម្រោង​ការងារ​ហូរហែ តែ​វា​ជាការ​ល្អ​មួយ ដែល​លោក​អាច​ប្រើ​វិចិត្រសាល​ក្នុង​ការជួយ​ដល់​សិល្បករ​ដទៃ​។​

ស្នាដៃ​គំនូរ​ដ៏​រស់​រវើក​ពីសិល្បករ និង​ស្ថាបនិក​វិចិត្រ​សាល FT លោក Fonki។ សហការី

​ដូចជា​ថ្មីៗ​កាលពី​ខែកញ្ញា ថ្ងៃទី​ ៣-៥​ កន្លងទៅ លោក​ទើបតែ​អាចមាន​កម្មវិធី​ប្រ​ពឹ​ត្ត​ទៅ​នៅ Factory Phnom Penh​ ដោយ​ថ្ងៃ​ដំបូង​គឺ​ជួប​ជាមួយ​លោក​ផ្ទាល់ និង​២​ថ្ងៃ​បន្ទាប់​ គឺ​លោក​បាន​សហការ​ជាមួយ Kampum Era «​ជញ្ជាំង​នៃ​ក្ដីសង្ឃឹម​» និង​វិចិត្រករ​៣​នាក់​ទៀត​។ កម្មវិធី​នេះ​ផ្ដល់ឱកាស​ដល់​អ្នកចូលរួម​អាច​ទស្សនា​គំនូរ គូ​រលើ​ជញ្ជាំង និង​ជជែក​ជាមួយ​សិល្បករ​ផ្ទាល់​។​

​លោក​ក៏បាន​បង្ហើយ​ការងារ​ឡើងវិញ​លើ​រូប​តោ​មាន​ឈ្មោះថា «KiZUNA memorial mural» សម្រាប់​កម្មវិធី​ប្រចាំឆ្នាំ Japan Foundation Asia Center​។ KiZUNA​។

​គំនូរ​លើ​ជញ្ជាំង KiZUNA នេះ​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​អាច​ភ្ជាប់​មនុស្ស​ទោះបី​ស្ថិតក្នុង​ស្ថានភាព​លំបាក​ដូច ហ្វុ​ង​គី និយាយថា​៖ «​សិល្បៈ​គ្មាន​ព្រំដែន អ្នក​អាច​បំបែក​ឧបសគ្គ​ទាំងអស់ និង​បង្កើត​ស្ពាន​រវាង​បុគ្គល ការប្រមូលផ្តុំ​ជាតិ និង​អាច​ភ្ជាប់​មនុស្ស​ទៅ​មនុស្ស ប្រទេស​ ១​ ទៅ​ប្រទេស​ ១»​។​

​ព័ត៌មាន​បន្ថែម ហ្វុ​ង​គី អាច​ស្វែងរក​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក https://www.facebook.com/fonki514៕