ក្រុងវេនិក៖ យាន​ផ្លូវទឹក Noah''s Violin ដែល​ជាឈ្មោះ​វីយូឡុង​យក្ស​បង្កើតឡើង​ដោយ​សិល្បករ​​ក្រុង​វេនិក អ៊ីតាលី លីវីយូ ដឺម៉ារឈី បាន​សម្ពោធ​វត្តមានរបស់ខ្លួន​លើ​ដដង​ព្រែក​ហ្គ្រេនខាណល ឯក្រុង​វេនិក កាលពីថ្ងៃទី ១៨ ខែ​កញ្ញា។

វីយូឡុងយក្ស​ប្រវែង ១២ ​ម៉ែត្រកន្លះ​​ ជា​និមិត្ត​រូប​នៃ​ការ​កកើត​នៃ​ទីក្រុង​វេនិក តាមរយៈ​​សិល្បៈ វប្បធម៌ និង​តន្ត្រី។

យានជំនិះ​រាង​រៅជាឧបករណ៍​តន្ត្រីមួយនេះ បាន​នាំ​យក​សិល្បករ​សិល្បការិនី ពី​ក្រុម​តន្ត្រីបុរាណ Benedetto Marcello Conservatory មក​ប្រគំ​បទ​ភ្លេង​​បុរាណ Vivaldi។

វីយូឡុងយក្ស​ប្រវែង ១២​ ម៉ែត្រកន្លះ​​ ជា​និមិត្ត​រូប​នៃ​ការ​កកើត​នៃ​ទីក្រុង​វេនិក តាមរយៈ​​សិល្បៈ វប្បធម៌ និង​តន្ត្រី។ AFP

ស្ថិត​ក្នុង​ចំណោម​ទូកបុរាណ​អត្តសញ្ញាណ​ក្រុង​វេនិក វីយូឡុង​យក្សធ្វើដំណើរ​លើផ្ទៃទឹក ទាក់ទាញក្រសែភ្នែក​មនុស្ស​ម្នា កាណុ​កាមេរ៉ា និង​ទូរស័ព្ទ​​ឱ្យ​ផ្ដិតយករូបភាព។

វីយូឡុង​យក្ស​នេះ​ផលិត​ដោយ​ប្រើប្រាស់​ឈើ​ប្រភេទ​ខុសៗគ្នា​ទៅតាមមុខងារ នឹង​បំពាក់ដោយមូទ័រ​​ខាង​ក្នុង។ នាវា​រាង​រៅ​ដូចឧបករណ៍​តន្ត្រី​នេះ​ ទាមទារ​បទ​ពិសោធ​ខ្ពស់​ក្នុងការ​បញ្ជា​លើផ្ទៃទឹក។

សមាជិក​ក្រុមសម្ព័ន្ធ Consorzio Venezia Sviluppo លោក មីឆែល ភីទែរី ដែល​ផ្ដល់​ហិរញ្ញវត្ថុ​​ក្នុងការសាងសង់​ទូក​វីយូឡុង​នេះ បាន​និយាយ​ថា៖ «វត្តមាន​វីយូឡុងយក្ស គឺ​ជា​សញ្ញា​នៃ​ការ​រស់រាន​មានជីវិត​ឡើងវិញ​នៃក្រុង​វេនិក​យើង បន្ទាប់ពី​ភាពស្ងាត់ជ្រងំ​នៃ​ការ​បិទ​ខ្ទប់ទីក្រុង​ដោយសារវីរុសកូរ៉ូណា​កន្លងមក»។

វីយូឡុងយក្ស​ប្រវែង ១២​ ម៉ែត្រកន្លះ​​ ជា​និមិត្ត​រូប​នៃ​ការ​កកើត​នៃ​ទីក្រុង​វេនិក តាមរយៈ​​សិល្បៈ វប្បធម៌ និង​តន្ត្រី។ AFP

អ្នក​សាងសង់​វីយូឡុងយក្ខ លោក​ ដឺម៉ារឈី បាន​ឱ្យ​ឈ្មោះវា​ថា Noah''s Violin ដោយ​រំពឹង​ថា វា​នឹង​ផ្សព្វផ្សាយ​សារ​នៃ​ក្ដីសង្ឃឹម​ សិល្បៈ វប្បធម៌ និង​តន្ត្រី បន្ទាប់ពី​ព្យុះភ្លៀង​រសាយ​ផុត​ទៅ។

លោក លីអន ហ្សានណូវែឡូ ប្រធាន​សម្ព័ន្ធ​​នេះ បាន​និយាយ​ថា គម្រោង​នេះ​ហាក់បីដូចជាផ្ដល់ពន្លឺ​ដល់ថ្ងៃ​ដែល​អាប់រស្មី​បំផុត​នៃ​ក្រុង​វេនិក ដោយសារ​តែ​វិបត្តិ​កូវីដ​សកល។

លោក​បាន​លើកឡើង​ថា៖ «ទាំងបណ្ដាក្រុមហ៊ុន និង​បុគ្គល ដែល​នៅក្រៅសម្ព័ន្ធ បាន​ចូលរួម​ជួយ​យើង ប្រកបដោយ​សាមគ្គីភាព។ យើង​ធ្វើកិច្ចការ​នេះ​អស់ពី​ចិត្ត ធ្វើ​ដោយចេញ​បេះដូងតែម្ដង»។

វីយូឡុង​យក្សធ្វើដំណើរ​លើផ្ទៃទឹក ទាក់ទាញក្រសែភ្នែក​មនុស្ស​ម្នា កាណុ​កាមេរ៉ា និង​ទូរស័ព្ទ​​ឱ្យ​ផ្ដិតយករូបភាព។ AFP

កាលពីថ្ងៃសៅរ៍ លោក ហ្សានណូវែឡូ បាន​ធ្វើដំណើរ​ដោយ​ទូក ប្រដេញ​តាម​​វីយូឡុងយក្ស​​នៅ​លើ​ដង​ព្រែក​ហ្គ្រេន​ខាណល ដោយ​ក្ដី​មោទន និង​រំភើប។

រីឯអ្នក​សាងសង់​ទូកវីយូឡុង​លោក ដឺម៉ាឈី បាន​ស្រែក​បន្លឺឡើងថា៖ «អស្ចារ្យណាស់ អ្នកទាំង​អស់គ្នា​ធ្វើបានល្អណាស់!»៕ AFP/HR

វីយូឡុង​យក្សធ្វើដំណើរ​លើផ្ទៃទឹក ទាក់ទាញក្រសែភ្នែក​មនុស្ស​ម្នា កាណុ​កាមេរ៉ា និង​ទូរស័ព្ទ​​ឱ្យ​ផ្ដិតយករូបភាព។ AFP

វីយូឡុងយក្ស​ប្រវែង ១២​ ម៉ែត្រកន្លះ​​ ជា​និមិត្ត​រូប​នៃ​ការ​កកើត​នៃ​ទីក្រុង​វេនិក តាមរយៈ​​សិល្បៈ វប្បធម៌ និង​តន្ត្រី។ AFP