ក្រុងប៉ារីស៖ ជើង​ខ្លាំង​ដើរ​លើ​ខ្សែ​ពួរ ជនជាតិ​បារាំង​ម្នាក់​បាន​ដើរ​ឆ្លង​ទន្លេ Seine កម្ពស់​ ៧០ ​ម៉ែត្រ​ និង​ចម្ងាយ ៦៧០​ ម៉ែត្រ ក្នុង​ការ​ផ្សងព្រេង​ដ៏គួរ​ឱ្យ​ស្រៀវ​ឆ្អឹង​ខ្នង​ ដោ​យ​មាន​ការ​ទស្សនា​ផ្ដល់​កម្លាំង​ចិត្ដ​ពី​មហាជន​ពី​លើ​ប៉ម​ខ្ពស់​ Eiffel Tower និង​អ្នក​នៅតាម​ដង​ទន្លេ។

ភ្ជាប់ជាមួយ​ខ្សែ​សុវត្ថិភាព យុវជន​វ័យ ២៧ ឆ្នាំ ណាថាន់ ផូលីន បាន​បោះជំហានទៅមុខ​សន្សឹមៗ​នៅ​លើខ្សែ​ពួ​រចង​កាត់​ទទឹង​ទន្លេ​ចន្លោះ​ប៉ម​ Eiffel Tower និង​មហោស្រព​ Chaillot Theatre។

លោក​បាន​ឈប់​សម្រាក​ប៉ុន្មាន​ដង​ ដោយ​អង្គុយ និង​ទម្រេត​ខ្លួន​នៅ​លើ​ខ្សែ​ផង​ដែរ។

លោក ផូលីន បាន​និយាយ​ក្រោយ​ការ​បង្ហាញ​សមត្ថភាព​នៅ​ថ្ងៃសៅរ៍​៖ «​វាមិន​ងាយស្រួល​នោះទេ ក្នុងការ​ដើរ​ចម្ងាយ ៦០០ ​ម៉ែត្រ​ ដោយ​ត្រូវ​ចេះ​ផ្ចង់អារម្មណ៍ មិនគិតពីអ្វីៗ​គ្រប់យ៉ាង​នៅ​ជុំវិញ​ខ្លួន តែនៅ​តែ​មើលឃើញ​ភាព​ស្រស់ស្អាត​»។

ជើង​ខ្លាំង​ដើរ​លើ​ខ្សែ​ពួរ ជនជាតិ​បារាំង​ម្នាក់​បាន​ដើរ​ឆ្លង​ទន្លេ Seine កម្ពស់​ ៧០ ​ម៉ែត្រ​ និង​ចម្ងាយ ៦៧០​ ម៉ែត្រ។ AFP

លោក​បាន​ឱ្យដឹងថា ការ​សុំច្បាប់​ពីអាជ្ញាធរ​គឺជា​កិច្ចការ​លំបាកមួយ​សម្រាប់​លោក ហើយ​ស្ដ្រេស​ទាក់ទងនឹង​មហាជន​ ដែល​មាន​មនុស្ស​មើល​យ៉ាង​ច្រើន​កុះ​កុញ​ ក៏ជា​សម្ពាធ​មួយ​ទៀត។

លោក ផូលីន ដែល​បាន​គ្រង​កំណត់ត្រា​ពិភពលោក​ជាច្រើន បាន​បង្ហាញ​សមត្ថភាព​ពិសេស​ដើម្បី​អបអរ​ទិវា​បេតិកភណ្ឌ​ប្រចាំ​ឆ្នាំ​របស់​បារាំង ពេល​មនុស្ស​ម្នា​ត្រូវបាន​អញ្ជើញ​មក​ទស្សនា​សំណង់​បេតិកភណ្ឌ​ប្រវត្ដិសាស្ដ្រ ដែល​តែងតែ​បិទទ្វារ​មិន​ទទួល​ភ្ញៀវ។

លោក​បាន​និយាយថា៖ «​លោក​តែងតែ​មាន​បំណង​ធ្វើកិច្ចការ​ល្អៗ​ និងចែករំលែក​ ក៏ដូចជា​នាំពាំ​អ្វីថ្មីៗ​ ដែល​ធ្វើ​ឱ្យ​បេតិកភណ្ឌ​នៅមាន​រស់​រវើក​»។

លោក​បាន​ដើរលើ​ខ្សែ​ពួ​​រឆ្លង​ទន្លេ Seine នៅ​ទិវា​បេតិកភណ្ឌ​ក្នុ​ឆ្នាំ​ ២០១៧​៕ AFP/HR

ភ្ជាប់ជាមួយ​ខ្សែ​សុវត្ថិភាព យុវជន​វ័យ ២៧​ ឆ្នាំ ណាថាន់ ផូលីន បាន​បោះជំហានទៅមុខ​សន្សឹមៗ​។ AFP