ទីក្រុងរ៉ូតធើរដាំ៖ នៅចំ​កណ្ដាល​ហ្វូង​កុក​ ​និង​កុងតឺន័រ​នៃ​កំពង់ផែក្រុង​រ៉ូតធើរដាំ (Rotterdam) ​ទស្សនីយភាព​ដ៏​អស្ចារ្យ​មួយគឺ សត្វ​គោមួយ​ហ្វូង​កំពុង​ស៊ី​ផ្លែទំពាំងបាយជូរ​លើ​កសំណង់អណ្ដែតទឹកដំបូងគេ​បង្អស់​ក្នុងពិភពលោក។

​ប្រទេស​ហូ​ឡង់​ដែល​មានសណ្ឋាន​ដី​ទាបធៀប​នឹង​នីវ៉ូសមុទ្រ ហើយ​​ប្រឈម​បញ្ហា​​កង្វះខាត​ដី​ រឹត​តែ​​បង្កើន​ភាព​ច្នៃ​ប្រឌិត​របស់ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ដោយ​រំលេច​សំណង់​គ្រោង​ដែក​ និង​កញ្ចក់​បីជាន់​អណ្ដែត​លើផ្ទៃទឹក ក្នុងបំណង​បង្ហាញ​ពី «អនាគត​នៃ​ការ​បង្កាត់​ពូជសត្វ» ។

សត្វ​គោ​​រស់នៅ​ជាន់​ខាងលើ ​ត្រៀម​​បញ្ចេញ​ទឹកដោះគោ​សម្រាប់​​ផលិត​ទៅជា​ឈី​ស​ ទឹកដោះគោជ័រ និង​ប៊័រយ៉ា​អួរ ​និង​ប៊ឺ​​នៅ​ជាន់​កណ្ដាល ខណៈ​ឈីស​ដែល​រក្សា​ទុក​ល្មម​ដល់ពេល​ទទួលទាន ត្រូវ​បានស្ដុក​នៅ​ជាន់​ខាង​ក្រោម​បង្អស់។

លោកស្រី Minke van Wingerden អាយុ ៦០ ឆ្នាំ​ ដែល​គ្រប់គ្រង​កសិដ្ឋាន​ជាមួយ​ស្វាមី​​ឈ្មោះ Peter បាន​និយាយថា៖ ពិភពលោក​កំពុងស្ថិត​នៅក្រោម​សម្ពាធ»។

កសិដ្ឋាន​ប​ណ្តែ​ត​ទឹក​ដែល​​បាន​បើក​ដំណើរ​នៅ​ឆ្នាំ ២០១៩ អនុវត្ត​គោលការណ៍​និរន្តរភាព​បរិស្ថាន​ល្អ​ឥត​ខ្ចោះ។ AFP

អ្នកស្រីបាន​បន្ត​ទៀត​ថា៖ «យើង​ចង់ឱ្យ​កសិដ្ឋាន​មាន​ភាពរឹងមាំ​ និង​មាន​ភាពឯករាជ្យ​​​មិន​បារម្ភ​ពីមហន្តរាយ​ទឹកជំនន់​តាម​ដែលអាចធ្វើទៅបាន​»។

កសិកម្ម​ចិញ្ចឹម​​​គោបានផ្ដល់នូវ​ទិដ្ឋភាពផ្ទុយគ្នាស្រឡះ​ពី​ វត្តមាន​កប៉ាល់​ដ៏​ធំ​ និង​ផ្សែង​ចេញពី​រោងចក្រ​ចម្រាញ់​ប្រេង​​នៃ​កំពង់ផែ​សមុទ្រ​ធំ​បំផុត​របស់​អឺរ៉ុប​ ដែល​​បញ្ចេញ​ឧស្ម័នស្នើនឹង​​ ១៣,៥ ភាគរយ​នៃ​ប្រទេស​មួយនេះ​។

ជាមួយនឹង​កសិដ្ឋាន​ប​ណ្តែ​ត​ទឹក​ដែល​​បាន​បើក​ដំណើរ​នៅ​ឆ្នាំ ២០១៩ ប្ដីប្រពន្ធ​មួយគូ​នេះ​បាន​និយាយថា ពួកគេ​ចង់​នាំ​យក​ទិដ្ឋភាព​ជនបទ​ចូលមក​កាន់​​ទីក្រុង ដោយ​បង្កើន​ការយល់ដឹងពី​ចង្វាក់​ចិញ្ចឹមសត្វ​យក​ទឹកដោះ​ប្រកបដោយ​និរន្តរភាព។

មិនចម្លែកទេ​ដែល​ជនជាតិ​ហូ​ឡង់​​មានភាព​ច្នៃប្រឌិត​ក្នុងកិច្ចការ​​កសិកម្ម​ទំនើប​ ធ្វើ​ឱ្យ​ប្រទេស​នេះ​​​ក្លាយ​ជា​អ្នក​នាំចេញ​កសិផល​ធំជាងគេ​ទី ២ របស់​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក។

គ្រាប់ធញ្ញជាតិ ស្មៅ ចំបើង ផ្លែទំពាំងបាយជូរ និង​ចំណីសត្វ​នានា សុទ្ធសឹង​តែ​ត្រូវបាន​បរិច្ចាគពីកន្លែងនានា។ AFP

កសិដ្ឋាន​បណ្តែត​ទឹក​មាន​គោលបំណង​ចម្បង​ទប់ស្កាត់​នឹង​មហន្តរាយ​ទឹកជំនន់ និង​​​ការ​ប្រែប្រួលអាកាសធាតុ។

អ្នកស្រី Minke van Wingerden និយាយថា៖ «យើង​នៅលើ​ទឹក ​ដូច្នេះ​កសិដ្ឋាន​ផ្លាស់​ទី​តាម​កម្ពស់ទឹក។ តាមធម្មតា យើង​អាច​ឡើង និង​ចុះ​​​ដល់​ទៅ ២ ម៉ែត្រ។ ​ដូច្នេះ​ក្នុងករណី​មាន​ទឹកជំនន់​ គោយើង​នៅ​តែ​មិន​ប៉ះទឹក ហើយ​យើងនៅ​តែ​​អាច​បន្ត​ផលិត​បាន»។

បើ​និយាយ​ពី​និរន្តរភាព​សត្វ​គោ​របស់​កសិដ្ឋាន​ត្រូវបាន​​ផ្តល់​ចំណីអាហារ​ចម្រុះ​រួមមាន​ទំពាំងបាយជូរ​ពី​ធនាគារ​ស្បៀងអាហារ​ គ្រាប់​ធញ្ញជាតិ​ពី​រោងចក្រ​ស្រា​បៀរ​ក្នុងស្រុក​ និង​ស្មៅ​ពី​ទីលាន​វាយ​កូន​ហ្គោល​ក្នុងស្រុក​ និង​ពី​ក្លិប​បាល់ទាត់ Feyenoord ដ៏​ល្បីល្បាញ​របស់ក្រុងរ៉ូតធើរដាំ ដោយ​សន្សំសំចៃ​កាកសំណល់​ក៏ដូចជា​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន។

លាមក​សត្វ​​ត្រូវបាន​ប្រែក្លាយជា​គ្រាប់ជីរ​សម្រាប់​សួន​ដំណាំ ហើយទឹកនោម​គោ​ត្រូវបាន​បន្សុទ្ធ​កែ​ច្នៃ​ជាទឹក​សម្រាប់ពួកវា​ផឹក​ឡើងវិញ។ សម្រាប់ការផ្គត់ផ្គង់អគ្គិសនី​នៅ​កសិដ្ឋានអណ្ដែត​ទឹក ត្រូវបាន​ទាញថាមពល​ដោយ​បន្ទះសូឡា​បណ្ដែត​លើ​ផ្ទៃ​ទឹកក្បែរនោះផងដែរ។​

ទឹកដោះ​គោ​ត្រូវបាន​ច្បូត​ដោយ​មនុស្ស​យន្ត សម្រាប់​​លក់ និង​សម្រាប់ផលិត​ឈីស។ ផលិតផល​ទាំងនោះ​ក៏ត្រូវ​បាន​លក់​ទៅឱ្យ​ភោជនីយដ្ឋាន​ក្នុង​ទីក្រុង​ តាមរយៈការ​ដឹកជញ្ជូន​ដោយ​​​រថយន្ត​អគ្គិសនី។

កសិដ្ឋាន​បណ្តែត​ទឹក​មាន​គោលបំណង​ចម្បង​ទប់ស្កាត់​នឹង​មហន្តរាយ​ទឹកជំនន់ និង​​​ការ​ប្រែប្រួលអាកាសធាតុ។ AFP

លោក Bram den Braber អាយុ ៦៧ ឆ្នាំ​ ជាមនុស្ស​​ម្នាក់​ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត ៤០នាក់​នៅឯ​កសិដ្ឋាន​និយាយ​ថា៖ « ខ្ញុំពេញចិត្ត​ភ្លាមមៗនឹង​គំនិត​ចាក់ទឹកដោះគោ​បំពេញ​ដប​​លក់ទៅ​តាម​ហាង»។

ម្ចាស់កសិដ្ឋាន​ក៏​ទទួលស្គាល់ថា ខ្លួន​មាន​បំណង​ចង់​ធ្វើ​ឱ្យ​ការ​ចិញ្ចឹមសត្វ​មានភាពទាក់ទាញ និង​ស្នេហា​បរិស្ថាន។

កសិដ្ឋាន​នេះ​គ្រោង​នឹង​រកប្រាក់​ចំណេញ​ជា​លើកដំបូង​នៅ​ចុងឆ្នាំ ២០២១ ដោយអតិថិជន​នឹង​ហ៊ាន​ចំណាយប្រាក់ ១,៨០ អឺរ៉ូ (២,១២ ដុល្លារ) សម្រាប់ទឹកដោះគោ​ស្រស់ ១​​ លីត្រ​ ​​បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ​ទឹកដោះគោទូទៅ​ប្រហែល​​ ១​​ អឺរ៉ូ​នៅតាម​បណ្ដា​​ផ្សារ​ទំនើប​។

ប្ដីប្រពន្ធ​មួយគូ​នេះ​​ក៏មាន​បំណង​សាងសង់​កសិដ្ឋាន​បណ្តែត​ទឹក​ទី​២ ​ដើម្បី​ដាំ​បន្លែ ​និង​នាំយក​​​គំនិត​របស់​ពួកគេ​ទៅ​អនុវត្ត​នៅប្រទះ​ខ្សត់​ដី ដូច​ជាដែនកោះសិង្ហបុរីជាដើម។

អ្វីដែល​សំខាន់បំផុត​នោះ​គឺ​ខណៈពេលដែល​ការធ្វើ​កសិកម្ម​កាន់តែ​បៃតង​ សត្វ​ក៏​មិនងាយ​ឈឺ​ថ្កាត់ដែរ។

អ្នកស្រី​ម្ចាស់កសិដ្ឋាន​​ចិញ្ចឹមគោ​លើ​ទឹក បាន​និយាយ​ថា៖ «ទេ ​គោ​មិន​ចេះ​ឈឺ​ទេ។ ទឹក​ធ្វើឱ្យ​វា​​​ផ្លាស់​ទី​តិច​តួច​ប៉ុណ្ណោះ។ ពួកវា​សប្បាយ​ដូចជា​អ្នក​នៅលើ​កប៉ាល់​ទេសចរណ៍​ដែរ»៕ AFP/HR

ទឹកដោះ​គោ​ត្រូវបាន​ច្បូត​ដោយ​មនុស្ស​យន្ត សម្រាប់​​លក់ និង​សម្រាប់ផលិត​ឈីស។ AFP