​ភ្នំពេញ: ជា​និស្សិត​ព័ត៌មានវិទ្យា​ម្នាក់​ដែល​គ្រាន់តែ​ចូលចិត្ត​គូរគំនូរ​ឌីជីថល សមិទ្ធផល​ពី​ចំណូលចិត្ត​ជាង​៥​ឆ្នាំនេះ​បាន​បើក​ទំព័រ​ជីវិត​ដ៏​គួរឱ្យ​ចងចាំ​មួយ​របស់ នរោត្តម រ៉េត​វិ​រៈ​បុត្រ ដោយ​ស្នាដៃ​ទាំងនោះ​ត្រូវដាក់​តាំងពិព័រណ៍​ក្រោម​ប្រធានបទ «​ចង្វាក់​សិល្បៈ​» លើ​ជញ្ជាំង​វិចិត្រសាល Drops កាលពី​ថ្ងៃទី​ ៤ ខែកញ្ញា​។​

​ជោគជ័យ​នៃ​ជំហាន​ដំបូង​របស់​វិចិត្រករ​ឌីជីថល​រូបនេះ បាន​ជម្នះ​សម័យ​កូ​វីដ និង​ភាព​ក្មេងខ្ចី ដោយ​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​សិល្បៈ​ឌីជីថល​បង្កប់​គំនិត​ថ្មី​ប្លែក​។​

​ដើមឡើយ រ៉េត​វិ​រៈ​បុត្រ បានចាប់ផ្ដើម​ដោយ​គ្រាន់តែ​បង្ហោះ​ស្នាដៃ​លើ​បណ្ដាញ​សង្គម ហើយ​លោក​ក៏​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន ដែល​ក្នុងនោះ​ក៏មាន​លោក Alexandre Barth ដែលជា​អ្នកគ្រប់គ្រង​វិចិត្រសាល Drops​។​

​សិល្បករ​ឌីជីថល​រលក​ថ្មី រ៉េត​វិ​រៈ​បុត្រ រៀបរាប់​ទាំង​រំភើប​ថា​៖ «ខ្ញុំ​ត្រេកអរ​ខ្លាំងណាស់​។ ខ្ញុំ​ពិតជា​អរគុណ​ដល់​បង​អេ​ឡិច ដែល​ផ្ដល់ឱកាស​ឱ្យ​ខ្ញុំ ព្រោះ​បើ​និយាយ​ពី​ឆាក​អន្តរជាតិ​គំនូរ​ឌីជីថល​គេ​មិនសូវ​ពេញនិយម​ទេ គេ​ពេញចិត្ត​បែប​សិល្បៈ​ទម្រង់​បុរាណ ប្រើ​ដៃ​ច្រើនជាង​»​។​

​តាមរយៈ​ពិព័រណ៍ «​ចង្វាក់​សិល្បៈ​» រ៉េត​វិ​រៈ​បុត្រ ចង់បង្ហាញ​ពី​មនោ​អារម្មណ៍​របស់​វិចិត្រករ​ផ្ទាល់​ក្នុង​ការដាក់​មនោសញ្ចេតនា​ទៅលើ​ស្នាដៃ​នីមួយៗ​។ រូបគំនូរ​ ១៥​ សន្លឹក​របស់លោក​បាន​ចុះហត្ថលេខា និង​លេខ​ទាំង​អស់ហើយ​ត្រូវបាន​ព្រី​ន​ចេញ សម្រាប់​ពិព័រណ៍​កាលពី​ដើមខែ​។

​ខណៈ​ពិធី​បិទ​ការតាំងពិព័រណ៍​របស់​លោក​នៅ​ថ្ងៃទី​ ២៣ ខែកញ្ញា ប៉ុន្តែ​ការបោះពុម្ព​ស្នាដៃ​នឹង​បន្ត​មាននៅ​ស្ទូ​ឌី​យោ​របស់ Drops និង​តាមរយៈ​អន​ឡាញ​សម្រាប់​ការលក់​ជិត ២​ ខែ​។

​ស្ថិតក្នុង​សាល​ពិព័រណ៍ មតិ​កោតសរសើរ​ត្រូវបាន​បង្ហាញ​លើទឹក​មុខ​របស់​ទស្សនិកជន​ដែល​ពុំ​សូវ​ស៊ាំ​ភ្នែក​នឹង​សិល្បៈ​ឌីជីថល ហើយ​ស្ញប់​ស្ញែង​នឹង​រូបភាព​ស្អាត​ដូច​រូប​គូរ​ដោយ​ដៃ​។​

​រ៉េត​វិ​រៈ​បុត្រ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​មិនមែន​តែ​ការ​គូរ​ទេ​ដែល​ខ្ញុំ​ចូលចិត្ត គឺ​ខ្ញុំ​ស្រឡាញ់​សិល្បៈ​ទាំង​ការ​រាំ ការលេង​ភ្លេង ការ​សូន​រូប គ្រាន់តែ​ការ​គូរ​ខ្ញុំ​មាន​ជំនាញ​ជាងគេ ហើយ​ផ្សេងៗ​ខ្ញុំ​មិនអាច​ធ្វើបាន​ព្រោះ​ខ្ញុំ​ខ្វះ​ធនធាន​»​។​

​ឈាន​មកដល់​គំនូរ​ឌីជីថល​លោក​បន្តថា​៖ «​បើ​ផ្ដោតលើ​ការ​គូរអាច​ថា តាំងពី​មុន​ចូល​ថ្នាក់​ទី​១​។ ចាំបាន​ថា កាលណោះ​ពេល​យាយ​ខ្ញុំ​បង្រៀន ខ្ញុំ​តែង​ចូលចិត្ត​សរសេរ​អក្សរ​ហើយ​គូររូប​ពីនេះ​ពី​នោះ​រហូតដល់​ខ្ញុំ​ធំ​។ តែ ៥ ​ឆ្នាំមុន​ខ្ញុំ​ចាប់ផ្ដើម​ផ្លាស់​មកជា​គំនូរ​ឌីជីថល ព្រោះ​វា​ស្រួល អាចធ្វើ​បាន​ភ្លាមៗ មិនចាំបាច់​ត្រូវការ​ក្រដាស ទឹក​ថ្នាំ ឬ​ជក់ វា​មាន​តម្លៃថោក ហើយ​ទុកដាក់​បាន​ស្រួល និង​រក្សាទុក​បានយូរ​»​។​

​សិល្បក​រវិ​វ​ឌ្ឍ​ឧបនិស្ស័យ​គំនូរ ផ្សែផ្សំ​នឹង​ការ​បង្រៀន​ខ្លួនឯង​តាមអ៊ីន​ធឺ​ណិ​ត បាន​សម្គាល់​ពី​ភាព​រីកចម្រើន​របស់ខ្លួន​នៅពេលដែល​លោក​រៀបចំ​ស្នាដៃ​សម្រាប់​ពិព័រណ៍​លើកដំបូង​។​

សិល្បករ​គំនូរឌីជីថល​វ័យ​ ២០ឆ្នាំ​លោក រ៉េតវិរៈបុត្រ។ ទម្រង់​គំនូរបុរាណបន្ត​​​រូបរាងជា​សិល្បៈ​ឌីជីថល​សហសម័យ។ សហការី

​វិចិត្រករ​វ័យ​ ២០ ​ឆ្នាំ​រូបនេះ​ថា​៖ «​មុនដំបូង​ខ្ញុំ​ចេះតែ​គូររូប​មនុស្ស​បែប​ធម្ម​តា​។ តែ​ពេល​យូរៗ​ទៅ​ខ្ញុំ​អាច​គូររូប​ដែលមាន​កាយវិការ​ស្មុគស្មាញ ដែល​ពីមុន​មិន​គិតថា​ខ្លួនឯង​អាចធ្វើ​បាន​។ ខ្ញុំ​អាច​ទាញ​ទំហំ​ដោយ​ខ្លួនឯង​ដោយ​មិនបាច់​កូ​ពី [​ចម្លង​] ពី​គេ​ដូច​ពេល​ដំបូង ដែល​ត្រូវធ្វើ​អ៊ីចឹង​ឱ្យដឹងពី​តិច​និក​ព្រោះ​មិនមាន​អ្នក​បង្រៀន តែ​ឥឡូវ​បើ​ខ្ញុំ​មាន​អារម្មណ៍​ចង់​គូររូប​អី ខ្ញុំ​អាច​គូរ​បាន​»​។

​លោក​ទទួលបាន​ការជំរុញ​ចិត្ត​ពី គំនូរ​បុរាណ គំនូរ​ក្នុង​ហ្គេម និង Pin up art ដែល​ច្រើន​គូរ​ពី​នារី​ម៉ូ​ដែល​។ លោក​ផ្ដោតទៅលើ​វប្បធម៌​ប្រជាប្រិយ ក៏ដូចជា​ការវិវឌ្ឍ​គំនូរ​របស់​ខ្មែរ​។

​រូបនេះ​ថា លោក​ចង់យក​គំនូរ​បែប​ក្រិ​ក ឬ​អឺរ៉ុប​មក​អនុវត្ត​គំនូរ​ក្នុង​វប្បធម៌​របស់​កម្ពុជា ព្រោះ​លោក​ឃើញ​មាន​គំនូរ​ពី​អក្សរសិល្ប៍ ឬ​រឿងបុរាណ បែប​ប្រវត្តិសាស្ត្រ​បានបង្ហាញ​ឱ្យឃើញ​ដូច​ទៅនឹង​តថភាព​ជាក់ស្ដែង​។​

​សិល្បករ​វ័យក្មេង​រូបនេះ​យល់ថា គំនូរ​ខ្មែរ​ហាក់​បង្កប់​នូវ​ភាពទន់ភ្លន់ ដែល​នេះ​ជា​អត្ត​​សញ្ញាណ​ពិសេស​មួយ អាច​ប្រើ​ក្នុងការ​ផ្សព្វ​ផ្សាយ​វប្បធម៌ អរិយធម៌​ខ្មែរ​ដល់​បរទេស​។​

​យ៉ាងណាមិញ​ក្ដី​ប្រាថ្នា​របស់ រ៉េត​វិ​រៈ​បុត្រ នៅតែ​អាជីព​បច្ចេកវិទ្យា ដោយ​លោក​រំពឹងថា​នឹង​ប្រឡូក​ក្នុង​សិល្បៈ​សម្រាប់​ហ្គេម​។​

​និស្សិត​ឆ្នាំ​ទី​១ ​ព័ត៌មានវិទ្យា​រូបនេះ​ថា​៖ «​ហ្គេម​ក៏​ជា​សិល្បៈ​ដោយសារ​យើង​ត្រូវធ្វើ​គំរូ 3D បង្កើត​តួអង្គ សរសេរ​សាច់រឿង និង​ច្រើន​ទៀត​។ ហ្គេម​ដែល​ឆ្នើម​មិន​ប្រាកដថា​លេង​សប្បាយ​តែ​ម្យ៉ាង​ទេ ទាល់តែ​មានដំណើរ​រឿង​ល្អ​ដែរ​»​។​

​ក្ដី​សុបិន​ធំ​បំផុត រ៉េត​វិ​រៈ​បុត្រ គឺ​ចង់ឃើញ​ស្នាដៃ​របស់លោក​រំលេច​រូប​នៅ​ទីក្រុង​ញូវយ៉ក និង​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ទៅកាន់​ពិភពលោក​តាមរយៈ​ទម្រង់​សិល្បៈ​ឌីជីថល​។

​ទោះជា​ផ្ដោតលើ​សិល្បៈ​ទំនើប សិល្បករ​ដែល​រមែង​យក​សិល្បៈ​បុរាណ​រំលេច​ផ្សារភ្ជាប់​វប្បធម៌​ជាតិ​សាសន៍​ដទៃ​លើ​ផ្ទៃ​អេក្រង់​គំនូរ​របស់ខ្លួន រូបនេះ​បញ្ជាក់ថា​៖ «​យើង​ត្រូវមាន​ទិសដៅ​បង្កើត​អ្វី​ឱ្យមាន​ភាពលេច​ធ្លោ ដើម្បី​មានឱកាស​ទៅ​ឆាក​-​អន្តរជាតិ ហើយ​ដើម្បី​បង្កើត​ថ្មី​បាន​ គឺ​ត្រូវមាន​ទាំង​ឡូហ្ស៊ិក និង​គំនិត​ច្នៃប្រឌិត​ទាំង​ការអភិវឌ្ឍ និង​អភិរក្ស​ដើម្បី​កុំឱ្យ​បាត់បង់​វប្បធម៌​យើង​»​។​

​ការ​ទស្សនា​ស្នាដៃ​សិល្បៈ​របស់​សិល្បករ​វ័យ​ក្មេង រ៉េត​វិ​រៈ​បុត្រ សូម​ចូលទៅ​កាន់ https://onlyidols.asia/Ousider​។ សម្រាប់​ព័ត៌មាន​ពិព័រណ៍​នៅ Drops សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក @DropsKH៕