ក្រុងវ៉ាស៊ីនតោន: មានអារម្មណ៍ថា បំពេញការងារស្ទក់ៗមែនទេ? ខ្យល់អាកាសចេញចូលមិនបរិបូរណ៍ និងបញ្ហាបរិស្ថានកខ្វក់អាចដើរតួនាទីយ៉ាងសំខាន់ចំពោះបញ្ហានេះ។

ការសិក្សាថ្មីមួយពីអ្នកវិទ្យាសាស្ដ្រនៅ ហាវើដ បានរកឃើញថា គុណភាពខ្យល់នៅក្នុងបន្ទប់ការិយាល័យអាចមានឥទ្ធិពលលើញាណដឹងរបស់នយោជិក រួមទាំងម៉ោងពេលធ្វើការ និងសមត្ថភាពផ្ចង់អារម្មណ៍។

លោក ចូស ហ្គីឡឺម៉ូ សេដេណូ ឡូរ៉េន ជាអ្នកស្រាវជ្រាវ និងអ្នកដឹកនាំអ្នកនិពន្ធការសិក្សានេះ បានប្រាប់ AFP ថា៖ «យើងមានការស្រាវជ្រាវធំមួយលើការប៉ះពាល់ផ្ទាល់ទៅនឹងការបំពុលខាងក្រៅ តែយើងចំណាយពេលនៅក្នុងបន្ទប់រហូតដល់ ៩០ ភាគរយ»។

លោកបាននិយាយថា ការសិក្សាដែលមានរយៈពេលកំណត់ចំពោះទីឋានបិទជិត ដោយតាមដានបុគ្គលិកការិយាល័យ ៣០២ នាក់ ក្នុងប្រទេសចិន ឥណ្ឌា ម៉ិកស៊ិក ថៃ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស លើរយៈពេល ១ ឆ្នាំ។

ពួកគេត្រូវបានលើកទឹកចិត្ដឱ្យធ្វើតេស្ដប្រព័ន្ធប្រសាទគោល និងការចងចាំ នៅពេលដែលសេនស័ររកឃើញកម្រិតរង្វាស់ការបំពុលបរិស្ថាន PM2.5 និង CO2 ដែលធ្លាក់ចុះ ឬលើសកម្រិតស្ដង់ដា។

ខណៈការសិក្សាជាច្រើនកន្លងមក បានបង្ហាញថា ការស្ថិតនៅក្នុងខ្យល់កខ្វក់ PM2.5 យូរ បានធ្វើឱ្យប៉ះពាល់ និងឆ្លងកាត់រនាំងសរសៃឈាមខួរក្បាល ហើយបង្កជាជំងឺខ្សោយសរសៃប្រសាទយូរអង្វែង នេះគឺជាការបង្ហាញលើកដំបូងអំពីឥទ្ធិពលរយៈពេលខ្លីនៃខ្សល់អាកាសមកលើលទ្ធភាពបំពេញការងារ។

ដំណោះស្រាយគឺការបើកបង្អួច ដែលលោក សេដេណូ ឡូរ៉េន បានលើកឡើងថា វាជាជម្រើសចម្បង។ ប៉ុន្តែបើគុណភាពខ្យល់ខាងក្រៅមិនល្អ ចូរកែលម្អប្រព័ន្ធខ្យល់ចេញចូល ឬបន្ថែមម៉ាស៊ីនចម្រោះគុណភាពខ្យល់នៅក្នុងការិយាល័យ៕ AFP/HR