​ភ្នំពេញៈ ស្ងាត់ៗ​កំពូល​តារាចម្រៀង​ស្រី ដែលជា​ប្អូនថ្លៃ​ថៅកែ​ហង្ស​មាស អ្នកនាង ឱក សុគន្ធ​​កញ្ញា ឆ្លៀត​ធ្វើ​ទាន​ជួយ​ទៅដល់​គ្រួសារ​មាន​ពិការភាព ១ គ្រួសារ ស្ថិតនៅក្នុង​ខេត្តក្រចេះ នាឱកាស​ថ្ងៃ​ធ្វើ​ខួបកំណើត​វ័យ ៣៤​ ឆ្នាំ​របស់ខ្លួន​កាលពី​សប្តាហ៍​កន្លងមក​នេះ​។​

​បង្កើត​នូវ​ភាព​ភ្ញាក់ផ្អើល​ពី​មហាជន​ដោយ​គេ​ស្រាប់តែ​ឃើញ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ AOK SOKUNKANHA FANS ដែលជា​ក្រុម​អ្នក​​គាំទ្រ​តារាចម្រៀង ឱក សុគន្ធ​កញ្ញា បង្ហោះ​សារ​ឱ្យដឹងថា​៖ «​ក្នុងឱកាស​ខួបកំណើត​ ៣៤​ ឆ្នាំ ថ្ងៃ​ទី​ ១៤ ខែ កញ្ញា ២០២១ ឆ្នាំនេះ បងស្រី AOK SOKUNKANHA ហ៊ា SOKLY និង Charlie ព្រមទាំង​ពួកយើង​អ្នកគាំទ្រ AOK SOKUNKANHA FANS (September) បាន​ជូនអំណោយ​សប្បុរសធម៌ ជា​ថវិកា​តាមរយៈ​អង្គការ និង​ជន​បង្គោល ឧបត្ថម្ភ​ជួយ​គ្រួសារ​ក្រីក្រ ចំនួន ១ គ្រួសារ ដែលមាន​លំនៅ​តំបន់​ជនបទ​ដាច់ស្រយាល ក្នុងភូមិ​កោះ​ខែ្មរ ឃុំ​អូរ​តៀង ស្រុក​សំបូរ ខេត្តក្រចេះ (​ដែល​លោកពូ​ជា​មេ​គ្រួសារ​មាន​ពិការភាព​)»​។​

​ប្រភព​ដដែល​បន្ត​ឱ្យដឹង​លម្អិត​ពី​ជំនួយ​នោះ​ទៀតថា​៖ «​ជំនួយ​រួមមាន​បង្គន់​ចំនួន ១ (​ដោយសារ​គាត់​នៅ​ដាច់​-​ស្រយាល​ងាយស្រួល​សម្រាប់​គាត់​លាង​សម្អាតខ្លួន អនាម័យ សម្រាប់​កូនស្រី​របស់​ពួក​គាត់​) អាង​ស្តុក​ទឹក (​ដ្បិត​ផ្ទះ​គាត់​ក្បែរ​ដង​ទន្លេមេគង្គ តែ​កត្តា​ស្តុក​ទឹកជា​ផល​លំបាក​យ៉ាង​ខ្លាំង​ខុសពី​ទីក្រុង គាត់​ត្រូវមាន​អាង​ស្តុក​ទឹកជា​ចាំបាច់​​ដោយ​មិនចាំបាច់​ទៅ​ដងទឹក​ ​ដោយសារ​គាត់​ពិការ និង​មាន​កូនតូចៗ​)​។ កង់ ៤ គ្រឿង (​ដ្បិត​ស្ថិតក្នុង​ជីវភាព​លំបាក​តែ​កូនៗ​ទាំងអស់​របស់គាត់ នៅតែ​បន្ត​ការសិក្សា នៅ​សាលា​ដែលមាន​ចម្ងាយ ៧ ទៅ ៨​ គីឡូម៉ែត្រ ហើយ​កូន​គាត់​ត្រូវ​ចំណាយពេល​ដើរទៅ​សាលា​ជា​​រៀងរាល់ថ្ងៃ​)​។​ទូក​/​មង (​សម្រាប់​គាត់​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​) សូ​ឡា ១ គ្រឿង និង​អាគុយ ១ (​ផ្ទះ​គាត់​ពុំមាន​អគ្គិសនី​ប្រើ​​ប្រាស់​ទេ ហើយ​កូនៗ​រៀន​ត្រូវ​អុជ​ទៀន ដើម្បី​​សិក្សា​) ​ព្រមទាំង​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ផ្សេងៗទៀត ព្រមទាំង​ជួសជុលផ្ទះ​ផងដែរ​»​។​

ការចំណាយ​ថវិកា​អស់​ប៉ុន្មាន ហើយ​ហេតុអ្វី​បានជា​កំពូល​តារាចម្រៀង​ស្រី​រូបនេះ សម្រេចយក​ថ្ងៃនេះ មក​ធ្វើ​ទង្វើ​សប្បុរសធម៌​ជួយ​គ្រួសារ​ក្រីក្រ ចំ​ថ្ងៃ​ខួបកំណើត​ខ្លួន​នោះ​ ភ្នំពេញ​ ប៉ុស្តិ៍ ​មិនអាច​ទំនាក់​ទំនង​បកស្រាយ​លម្អិត​ពី​អ្នកនាង ឱក សុគន្ធ​កញ្ញា បានឡើយ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​។

​គួរ​រំឭក​ដែរ​ថា តារាចម្រៀង​ស្រី​ដែល​ឈរជើង​យូរ​នៅលើ​ផលិតកម្ម​ហង្ស​មាស ឱក​ សុគន្ធ​កញ្ញា បានសម្រេច​ចិត្ត​ទទួលយក​ចំណង​ស្នេហ៍​ពី​លោក អ៊ឹង សុខលី ដែល​ត្រូវជា​ប្អូនបង្កើត​ចាងហ្វាង​ផលិត​​កម្ម​ហង្ស​មាស មក​ធ្វើជា​ស្វាមី ដោយ​ចូល​រោង​មង្គលការ​​កាលពី​ថ្ងៃទី​ ១៦ ខែ ឧសភា ឆ្នាំ​ ២០១៩ ហើយ​ថ្ងៃទី​ ១១ ខែ វិច្ឆិកា ឆ្នាំ​ ២០១៩ អ្នក​ទាំង ​២ ​ទទួលបាន​សមាជិក​ថ្មី​ គឺ​កូន​ប្រុស​ដំបូង​មានឈ្មោះ អ៊ឹង ឆ​លី ហៅ Charlie៕