ទីក្រុង​ឡាអេ៖ ប្រទេស​ដែលល្បី​មាន​ប្រជាជន​​ខ្ពស់​ៗ​ជាងគេ​បំផុត​នៅលើ​ពិភពលោក ​បាន​នឹង​​កំពុង​ធ្លាក់ចុះកម្ពស់។

ការសិក្សា​របស់​ការិយាល័យ​ស្ថិតិ​របស់​ប្រទេស​នេះ​បាន​ឱ្យដឹង​កាលពី​សប្ដាហ៍​មុន​ថា ​​ជនជាតិ​ហូ​ឡង់​ដែល​កើត​ជំនាន់​ក្រោយ​ចាប់ពី​ឆ្នាំ​ ២០០១ មានកម្ពស់ទាបជាង​​​អ្នក​ដែល​កើត​កំឡុងទសវត្សរ៍​ឆ្នាំ ១៩៨០។

បុរស​ជនជាតិ​ហូ​ឡង់​អាយុ ១៩ ឆ្នាំ​ បច្ចុប្បន្ន​មាន​កម្ពស់​ជា​មធ្យម ១៨២,៩ សង់ទីម៉ែត្រ រីឯ​​ស្ត្រី​មាន​កម្ពស់​ជា​មធ្យម ១៦៩,៣ សង់ទីម៉ែត្រ។

ការស្រាវជ្រាវ​បាន​និយាយថា ​កត្តា​រួមចំណែក​ឱ្យ​តួលេខ​កម្ពស់​ជា​មធ្យម​ធ្លាក់ចុះ​នេះ រួមមានចំនួន​ជន​​​​អន្តោប្រវេសន៍ ​និង​របប​អាហារ​ ដែល​ធ្វើឱ្យ​ថម​ថយការ​លូតលាស់កម្ពស់​ ខណៈ​ជនជាតិ​នេះ​ធ្លាប់​ត្រូវ​បាន​គេ​សម្គាល់​​ពីការ​លូតលាស់​កម្ពស់យ៉ាង​លឿន​នៅ​ ១ ​​​សតវត្ស​កន្លះ​ចុងក្រោយ​។

រយៈពេល ១៥០ ​ឆ្នាំ​ចុងក្រោយ កម្ពស់​របស់​ជនជាតិហូឡង់បាន​កើនឡើង​រហូត​ដល់​ទសវត្សរ៍​ឆ្នាំ ១៩៨០ ទើប​ធ្លាក់ចុះបន្តិច។

របាយការណ៍​​បាន​និយាយថា៖ «ក្នុង​កំឡុង​សតវត្ស​ចុងក្រោយ​យើង​ ប្រជាជន​យើង​មាន​កំណើន​​លូត​កម្ពស់យ៉ាង​លឿន ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ ១៩៨០ កំណើន​តួលេខ​កម្ពស់​នេះ​បាន​ឈប់»។

បុរស​ដែល​កើត​នៅ​ឆ្នាំ ២០០១ ជា​មធ្យម​មាន​ប្រវែង​ខ្លី​ជាង ១ ​សង់ទីម៉ែត្រ ​បើ​ធៀប​នឹងបុរស​កើត​​ជំនាន់​​​ឆ្នាំ ១៩៨០ រី​ឯ​​ស្ត្រី​វិញ​មានកម្ពស់​​មធ្យមទាបជាង​ ១,៤​សង់ទីម៉ែត្រ បើធៀប​នឹងស្ត្រី​កើត​​ជំនាន់​​​ឆ្នាំ ១៩៨០។

ថ្វីត្បិត​តែ​តួលេខ​កម្ពស់​នេះ​ធ្លាក់ចុះ តែ​ហូឡង់​មិន​បាន​បាត់បង់ដំណែង​ជា​ប្រទេស​មានពលរដ្ឋ​ខ្ពស់ជាង​គេ​ក្នុងលោក​នោះទេ។

ការិយាល័យ​ស្ថិតិ​កណ្តាល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ហូ​ឡង់​នៅតែ​ជា​ប្រទេស​ខ្ពស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក»។

តារាម៉ូដែល​ហូឡង់ Romee Strijd និង​តារា​ចម្រៀង​ Bebe Rexha។ AFP

ជនជាតិ​ហូ​ឡង់​ឈរ​នៅ​លំដាប់​ទី១ នៅ​ពីលើ​ម៉ុង​តេ​ណេ​ហ្គ្រោ​ អេ​ស្តូ​នី​ និង​បូ​ស្នី។ ចំណាត់ថ្នាក់កម្ពស់​សម្រាប់​ស្ត្រី គឺ​ស្ត្រី​ហូឡង់ ឈរ​នៅលើ​ម៉ុង​តេ​ណេ​ហ្គ្រោ​ ដា​ណឺ​ម៉ាក​ និង​អ៊ី​ស្លង់។

តួលេខ​កម្ពស់ពិភពលោកបាន​បង្ហាញថា ​បុរស​ដែល​ទាប​ជាងគេ​គឺ​នៅ​ទី​ម័​រ​ខាងកើត​ ចំណែកឯ​ស្ត្រី​ដែល​តូច​ជាងគេ​គឺ​នៅ​ក្វាតេ​ម៉ា​ឡា។

ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ដែល​មិនមាន​សុខភាព​ល្អ

ពុំ​មានហេតុផល​ណា​ច្បាស់​លាស់​ដែល​បញ្ជាក់​ពី​ដើមចម​នៃ​ការ​លូត​ខ្ពស់នៃ​រាងកាយ​ និង​ការ​ធ្លាក់ចុះ​​នៃ​កម្ពស់នោះទេ។

មូលហេតុ​មួយ​គឺ​ជន​អន្តោប្រវេសន៍ ជាពិសេស​ចំពោះ​មនុស្ស​ដែលមាន​ប្រវត្តិ​មិនមែនជា​ជាតិសាសន៍​លោក​ខាង​លិច។

រូបតំណាង៖ បុរស​ជនជាតិ​ហូ​ឡង់​អាយុ ១៩ ឆ្នាំ​ បច្ចុប្បន្ន​មាន​កម្ពស់​ជា​មធ្យម ១៨២,៩ សង់ទីម៉ែត្រ។

កត្តា​មួយទៀត​ដែល​នាំ​ឱ្យតួលេខ​កម្ពស់​ធ្លាក់ចុះ​ចាប់ពី​ឆ្នាំ ១៩៨០ គឺ​អាច​មក​ពី​​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​មិន​ល្អ​ចំពោះ​សុខភាព ​ការ​ទទួលទាន​អាហារ​កាឡូរី​ខ្ពស់​​​​ហួសប្រមាណ​នៅក្នុង​ដំណាក់កាល​លូតលាស់។

ការសិក្សា​នេះ​ផ្អែកលើ​ការវាស់កម្ពស់​ដង​ខ្លួន​​​ប្រជាជន​ហូ​ឡង់ ៧១៩០០០ នាក់​ដែលមាន​អាយុ​ពី ១៩ ទៅ ៦០ ឆ្នាំ។

ប្រវត្តិសាស្ត្រ​មុន​គ្រង​កំណត់ត្រា​កម្ពស់​

ដើមឡើយ​ជនជាតិ​ហូ​ឡង់​មិន​មែនជា​អ្នក​មានកម្ពស់​លេច​ធ្លោ​ដូច​សព្វ​ថ្ងៃ​ទេ។ នៅ​ដើម​សតវត្សរ៍​ទី​ ១៩ ពួកគេ​​មាន​មាឌ​តូច​តាម​ស្តង់ដារ​អឺរ៉ុបធម្មតា ​​ហើយអត្រា​កម្ពស់​បានចាប់ផ្តើម​ស្ទុះ​ខ្លាំង​​នៅ​ទសវត្ស​ឆ្នាំ ១៨៤០។

ជនជាតិ​ហូ​ឡង់​ឈរ​នៅ​លំដាប់​ទី១ នៅ​ពីលើ​ម៉ុង​តេ​ណេ​ហ្គ្រោ​ អេ​ស្តូ​នី​ និង​បូ​ស្នី សម្រាប់ចំណាត់ថ្នាក់កម្ពស់។

កាលពី​​ ១ ​​សតវត្សរ៍​មុន​ សហរដ្ឋអាមេរិក ​និង​ពលរដ្ឋ​នៅ​តំបន់​ស្កេ​ន​ឌី​ណាវី​ ជាទឹកដី​មាន​បុរស​​ខ្ពស់ៗ​បំផុត​ តែ​កំណត់ត្រា​នេះ​ត្រូវ​បាន​ផ្ដួល​ដោយ​ជនជាតិ​ហូឡង់​នៅ​ចុង​​​ទសវត្ស​ឆ្នាំ ១៩៥០។

សំណួរ​ថា​ហេតុអ្វី​បានជា​ជនជាតិ​ហូ​ឡង់ចាប់​ផ្ដើមស្ទុះ​​ខ្ពស់​ដូច្នេះ​? ចម្លើយ​​នៅតែ​មិន​ច្បាស់។

មាន​ការដំណាល​តៗគ្នា​ថា ​​ជនជាតិ​ហូ​ឡង់​ចូលចិត្ត​ឈី​ស​ និង​ប្រើប្រាស់​ផលិតផល​ទឹកដោះគោ​ច្រើន​ តែ​​អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា ទាំង​នេះ​ពុំ​មែនជា​មូលហេតុ​នៃ​ការ​លូត​កម្ពស់​គួរ​ឱ្យកត់សម្គាល់នោះទេ។

ការិយាល័យ​ស្ថិតិ​បាន​និយាយថា​ កត្តា​នៃ​ការ​លូត​កម្ពស់​អាច​មក​ពី​ជម្រើសធម្មជាតិ​ ដែល​បុរស​ និង​ស្ត្រី​ខ្ពស់​ទំនង​ជា​គូ​ដែល​មានកូន​ច្រើនជាង​គូស្នេហ៍​មិនសូវ​បានកម្ពស់។ ពួកគេ​ជឿថា នេះ​​ទំនងជា​ហេតុផល​ពិតប្រាកដ ដោយសារ​ឪពុក​ម្ដាយ​សុទ្ធតែ​ខ្ពស់ៗ ហើយបង្កើត​​បាន​កូន​រឹត​តែ​ខ្ពស់ទៀត​នោះ៕ AFP/HR

កត្តា​នៃ​ការ​លូត​កម្ពស់​អាច​មក​ពី​ជម្រើសធម្មជាតិ​ ដែល​បុរស​ និង​ស្ត្រី​ខ្ពស់​ទំនង​ជា​គូ​ដែល​មានកូន​ច្រើន។