ក្រុងញូវយ៉ក៖ មិនប្រាកដថា​នឹង​មាន​សម្រែក​មហាជន​ដូចការសម្ដែងរបស់​ក្រុម​ចម្រៀង BTS ដូចរាល់​ដង​ឬ​យ៉ាងណា តែ​ក្រុម​ចម្រៀង​ K-pop ដ៏ល្បីល្បាញ​នេះ​បានបង្ហាញសមត្ថភាព​លើ​ឆាកតន្ដ្រីពិភពលោក​មួយ​បែប​ទៀត​កាលពីថ្ងៃចន្ទ ខណៈ​ពួកគេ​ថ្លែង​សារ​នៅ​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ។

ក្រុមចម្រៀង​សមាជិក ៧​ នាក់​ គ្រងឈុត​ខ្មៅ បាន​និយាយថា ពួកគេ​សង្ឃឹមថា​ នឹង​កៀរគរយុវជនឱ្យ​យកចិត្ដ​ទុកដាក់​ចំពោះ​កិច្ចការ​ឆ្ពោះទៅកាន់​គោលដៅ អភិវឌ្ឍ​ចីរភាព ជាយុទ្ធនាការរបស់​អង្គការសហប្រជាជាតិ ស្ដីពីកង្វល់​ចំពោះភពផែនដី។

ដោយសារ​តែការ​រឹតបន្ដឹង​ទប់ស្កាត់​ជំងឺកូវីដ ក្រុម BTS ថ្លែង​សារ​ក្នុង​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​ដែល​កៅអីភាគច្រើន​ទំនេ ដោយ​គណប្រតិភូ​អង្គុយ​ជួរ​មុខ​ ស្ដាប់ដោយ​ស្ងៀមស្ងាត់ និង​ទាញទូរស័ព្ទ​ថត​ម្ដងកាល។

ក្រុមចម្រៀង​សមាជិក ៧​នាក់​នឹង​កៀរគរយុវជនចូលរួម​កិច្ចការ​ឆ្ពោះទៅកាន់​គោលដៅអភិវឌ្ឍ​ចីរភាព។ AFP

ក្រោយពី​ថ្លែងសាររួច ពួកគេបានចាក់បញ្ចាំង​ចម្រៀង​ថតទុក​នូវ​បទ «Permission to Dance» ឬ «សុំរាំម្ដង» ខណៈ​ពួកគេ​បង្ហាញ​ក្បាច់​រាំ​ពេញ​សាល​មហាសន្និបាត​ និង​រានហាល​នៃ​អគារ​ពិភពលោកដែលស្ថិត​នៅ​ទល់មុខ​ទន្លេ​ខាង​កើត​ផង​ដែរ។

សមាជិក BTS បាន​ថ្លែង​ក្នុង​ឱកាស​នោះថា​ ពួកគេ​មានការ​សោកស្ដាយដែលបាន​លប់ចោល​នូវ​ដំណើរ​ចុងក្រោយ​របស់​ខ្លួន​ដោយសារតែ​វិបត្ដិកូវីដ ហើយ​ពួកគេ​បាន​ស្នើ​យុវជន​ដទៃ​ចែករំលែក​ទស្សនៈផ្ទាល់ខ្លួន​ជុំវិញ​ប្រធានបទ «ការបាត់បង់ដោយសារ​កូវីដ» ដោយជីវិត​រស់​នៅ​ត្រូវបាន​រំខាន​តាំងពី​ដើម​ឆ្នាំ​ ២០២០។

ជីន បាន​និយាយ​ពេល​រំឭក​ពីការឆ្លើយ​តប​របស់​យុវជនថា៖ «​អំឡុង​​ពីរឆ្នាំចុងក្រោយ ​ខ្ញុំ​មានអារម្មណ៍​ច្របូកច្របល់ និង​រង​ការប៉ះពាល់​ ទេ​យើងនៅតែ​អាច​ឮសំឡេង​សម្រែក​ស្រែក​យំ​ថា ត្រូវ​រស់​បន្ដ និង​ព្យាយាម​ឱ្យអស់​លទ្ធភាព។ យើង​មិនអាច​នៅបន្ដ​ទទួល​យក​ឧបសគ្គ​ជីវិតថ្មីៗ​នោះទេ ពេល​យើង​មាន​ជីវិត​ដ៏​ល្អ​ប្រសើរ​ហើយ​នោះ​»។

ក្រោយពី​ថ្លែងសាររួច ពួកគេបានចាក់បញ្ចាំង​ចម្រៀង​ថតទុក​នូវ​បទ «Permission to Dance»។ AFP

ក្រុម​ចម្រៀងនេះ​បាន​បន្ដថា ពួកគេ​បាន​ទទួល​ចាក់​វ៉ាក់សាំង​ និង​កត់សម្គាល់​ឃើញថា យុវជន​នៅតែ​ស្វះស្វែង​រក​ចម្លើយ​អំពី​របៀប​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ។

BTS ត្រូវបានណែនាំ​ដោយ​ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ដែល​បាន​ផ្ដល់​ដល់​ពួកគេនូវ​លិខិត​ឆ្លង​ដែន​កាទូត ជាកិច្ចខិតខំប្រឹង​ប្រែង​ចុងក្រោយ​ដោយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ដើម្បី​ប្រើ​ប្រាស់​ឥទ្ធិពល​ប្រជាប្រិយភាព K-pop។

ក្រុមចម្រៀង K-Pop ដ៏ល្បីល្បាញ BTS មក​ដល់​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នៅ​ក្រុង​ញូវយ៉ក។ AFP

គោលដៅ​អភិវឌ្ឍ​ចីរភាព រួមមាន​ការ​លប់​បំបាត់​ភាពក្រីក្រធ្ងន់ធ្ងរ​នៅជុំវិញពិភពលោក​នៅ​ត្រឹម​ឆ្នាំ​ ២០៣០។ ប៉ុន្ដែ​អង្គការ​សហប្រជាជាតិ បាន​ឱ្យដឹងថា វិបត្ដិកូវីដ បាន​បង្អាក់​កិច្ចខិតខំប្រឹងប្រែង​ឱ្យដើរ​ថយ​ក្រោយ​ជា​ច្រើន​ឆ្នាំ ដោយ​មនុស្ស​ជាង ១០០​ លាន​នាក់ ​បាន​ធ្លាក់​ទៅ​ក្នុង​ភាពក្រីក្រ​ និង​ស្រេក​ឃ្លាន ដែល​បន្ថែម​លើ​មនុស្ស​ជាង ៤,៥ លាននាក់​ដែល​បានស្លាប់។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក តង់តូនីញ៉ូ ហ្គូតេរ៉េស បានថ្លែងថា​៖ «បាត់បង់​ក្ដីសង្ឃឹម វាងាយទេ តែ​យើង​មិន​អស់សង្ឃឹម ឬ​មិនជួយ​នោះទេ។ យើង​មាន​វិធីកែខៃស្ថានភាព បើ​យើង​ពិតជាមានឆន្ទះ​»៕ AFP/HR

ក្រុមចម្រៀង K-Pop ដ៏ល្បីល្បាញ BTS មក​ដល់​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នៅ​ក្រុង​ញូវយ៉ក។ AFP