ក្រុង​តូ​ក្យូ: សារ ​១ ​សិស្ស​វិទ្យាល័យ​ជប៉ុន​សរសេរ​ញាត់​ក្នុង​ដប​ចោល​ក្នុង​សមុទ្រ​តាំងពី ៣៧ ​ឆ្នាំមុន ត្រូវបាន​រកឃើញ​នៅ​ចម្ងាយ​ប្រមាណ ៦ ០០០​ គីឡូម៉ែត្រ​ទៅដល់​កោះ​ហា​វ៉ៃ​។

​សមាជិក​ក្លិប​វិទ្យាសាស្ដ្រ​ធម្មជាតិ នៅ​វិទ្យាល័យ​ឆូ​ស៊ិ ខេត្ដ​ឈី​បា ភាគ​​ខាងកើត​ទីក្រុង​តូ​ក្យូ បាន​បណ្ដែត​ដប​ចំនួន ៧៥០​ ចូលក្នុង​សមុទ្រ​ចន្លោះ​ឆ្នាំ​ ១៩៨៤ និង​ឆ្នាំ​ ១៩៨៥ ដើម្បី​សិក្សា​ពី​ចរន្ដទឹក​មហាសមុទ្រ​។

​ដបដែល​ផ្ទុក​សារ​ជា​ភាសា​ជប៉ុន អង់គ្លេស និង​ព័រ​ទុយ​ហ្គា​ល់ ដែល​ស្នើសុំ​អ្នកទទួលបាន​ជួយ​ទាក់ទង​មកកាន់​អ្នក​បញ្ជូន​ផង បាន​រសាត់អណ្ដែត​ទៅ​សែនឆ្ងាយ​រហូតដល់​ហ្វីលីពីន កាណាដា និង​រដ្ឋ​អា​ឡា​ស្កា​។

​ប៉ុន្ដែ​គ្មាន​ដប​ណាមួយ​ត្រូវបាន​ប្រទះឃើញ​នោះទេ​តាំងពី​ដប​ចំនួន ៥០ ត្រូ​វា​បាន​រកឃើញ​ក្នុង​ឆ្នាំ ​២០០២ នៅ​ភាគ​និរតី​ខេត្ដ​កា​ហ្គូ​ស៊ី​ម៉ា ប្រទេស​ជប៉ុន​។ ដប​ទី​៥១ ត្រូវបាន​រកឃើញ​ដោយ​កុមារី​អាយុ ៩​ ឆ្នាំ​នៅលើ​ឆ្នេរ​កោះ​ហា​វ៉ៃ កាលពី​ខែមិថុនា ដោយមាន​ការប្រកាស​ពី​សាលារៀន ជាមួយ​សារ​ប៉ុន​ក្រដាស​ប្រៃសណីយ៍​។

​នាយករង​សាលារៀន​លោក ជុន ហា​យ៉ា​ស៊ិ បាន​ប្រាប់ AFP ថា​៖ «​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ដប​ទី​៥០ ត្រូវបាន​រកឃើញ​កាលពី ១៩ ​ឆ្នាំមុន​។ ដូច្នេះ ខ្ញុំ​គិតថា វា​អស់​ទៅហើយ​។ ខ្ញុំ​មិន​គិតថា យើង​អាច​រកឃើញ​ដប​បន្ដទៀត​សោះ វា​គួរតែ​លិច​អស់ហើយ​។ រំភើប​មែន​ដែល​រកឃើញ​ដប​ទី​៥១​។ សង្ឃឹមថា​ នឹងមាន​អ្នករកឃើញ​ដប​ទី​៥២ បន្ដទៀត​»​។

​ម៉ា​យូ​មិ កុន​ដុ ជា​សមាជិក​ក្លិប​វិទ្យាសាស្ដ្រ​ធម្មជាតិ ក្នុង​ឆ្នាំ​ ១៩៨៤ បាន​និយាយថា ការរកឃើញ​ដប​ទាំង​នោះបាន​រំឭក​ពី​អតីតកាល​ដ៏​អាឡោះ​អាល័យ​នៃ​ជីវិត​សិស្សសាលា​របស់​អ្នកស្រី​អំឡុងពេល​ស្រាវជ្រាវ​។

​អ្នកស្រីបាន​និយាយថា​៖ «៣៧​ ឆ្នាំ ​ពិតជា​យូរ​សម្រាប់​ជីវិត​មនុស្ស តែ​ម្យ៉ាងវិញទៀត វា​នៅតែ​វិល​មក​កន្លែង​ដើមមិន​ថា ផែនដី​នេះ​ធំ​ប៉ុនណា អាថ៌កំបាំង​ប៉ុនណា ហើយ​ធម្មជាតិ​ពិតជា​អស្ចារ្យ​មែន​»៕ AFP/HR