ក្រុងគួឡាឡាំពួ៖ បារ៍​នៅ​ម៉ាឡេស៊ី​មួយ​ផ្ដល់​សេវាកម្ម​ស្រាក្រឡុក​ក្នុង​ដប​ ដែល​​យក​លំនាំ​​តាម​ដប​វ៉ាក់សាំង​កូវីដ ១៩ ដ៏ល្បីល្បាញ​ ដោយ​​កម្រិត​ជាតិ​អាកុល​ត្រូវបាន​ណែនាំឱ្យ​ប្រើ​លាយជាមួយ​ទឹកកក​។

ខណៈ​ស្រាក្រឡុក​រចនា​ប័ទ្ម​រោគរាតត្បាត​មិនសុទ្ធតែ​គាប់​ចិត្ដ​មនុស្ស​គ្រប់​រូប ភេសជ្ជៈ​ឈ្មោះ Pfizermeister, Sinosour និង​ ExtraGineca និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា «​ថ្នាំ​កម្ចាត់​ភាព​ធុញថប់​ដោយសារ​បិទខ្ទប់​» កំពុង​មាន​ការ​ពេញ​និយម​ខ្លាំង។

ចំពោះ​ស្រាក្រឡុកយក​ឈ្មោះតាម​វ៉ាក់សាំងទាំង ៣ បារ៍​មួយនេះ​កំពុងតែ​ស្តារ​អាជីវកម្ម​របស់ខ្លួន ខណៈ​បណ្តា​ហាង និង​បារ៍​​នានា​ត្រូវបិទទ្វារ ឬ​បន្ត​ដំណើរ​ការ​ទាំង​ត្រដរខ្សល់។

បារ៍ Backdoor Bodega ក្នុង​ទីក្រុង George Town បាន​នឹក​ឃើញ​បង្កើត​ស្រាក្រឡុក​វ៉ាក់សាំង​កាលពី​ខែ​មិថុនា ខណៈ​ប្រទេស​ម៉ាឡេស៊ី​រង​នូវ​រលក​នៃ​ការ​ឆ្លង​ថ្មី​ ហើយ​សន្ទុះ​នៃការ​ចាក់​វ៉ាក់សាំង​នៅ​យឺត​។

បុគ្គលិក​រៀបចំ​ស្រា​ក្រឡុកទាំងបី​ប្រភេទ​នៅ​ទីក្រុង​ George Town របស់​ម៉ាឡេស៊ី។ ​AFP

ម្ចាស់បារ៍ កោះ យុង សេន បាន​ប្រាប់ AFP ថា​៖ «​មនុស្ស​ភាគ​ច្រើន​នៅ​ម៉ាឡេស៊ី​តែងតែ​រអ៊ូ​រទាំ​ថា ពួកគេ​មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​នៅ​ឡើយ​ទេ​ ហើយ​ពួកគេ​អន្ទះសា​ត្រូវការ​យ៉ាង​តិច​មួយ​ដូស​សិន​»។

ស្រាក្រឡុក ​ដែល​ត្រូវបាន​ហៅថា «​ថ្នាំ​​កម្ចាត់​ភាព​ធុញថប់​ដោយសារ​បិទខ្ទប់​» បាន​ជួយ​លើក​ភាព​ស្រស់​បំព្រង​បន្ដិច​បន្ដួច​អំឡុង​ពេល​ជាប់​គាំង​ក្នុង​ផ្ទះ​ប៉ុន្មាន​ខែ​មក​នេះ​ ត្រូវបាន​ដាក់​ឈ្មោះ​តាម​វ៉ាក់សាំង​ចំនួន ៣ប្រភេទ​ដែ​លត្រូវបាន​ប្រើ​ច្រើន​បំផុត​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

ក្នុង​កម្រិត ១០០​មីលីលីត្រ ដប​ស្រា​ត្រូវ​បាន​រចនាឡើង​ឱ្យ​ដូច​នឹង​ដប​វ៉ាក់សាំង​ ដែល​គ្រឿង​ផ្សំ​ចម្បង​របស់វា​បា​នមក​ពី​ប្រភព​នៃ​ប្រទេស​ផលិត​វ៉ាក់សាំង​តែម្ដង។

ជាក់ស្ដែង Pfizermeister យក​លំនាំឈ្មោះ​តាម​ក្រុមហ៊ុន​វ៉ាក់សាំង Pfizer-BioNTech ជា​ការ​លាយ​បញ្ចូល​គ្នា​រវាង​វីស្គី​បួបុន​អាមេរិក និង​ស្រា Jagermeister របស់​អាល្លឺម៉ង់​។

ស្រាក្រឡុក Pfizermeister យក​លំនាំតាម Pfizer-BioNTech ជា​ការ​លាយ​បញ្ចូល​គ្នា​រវាង​វីស្គី​បួបុន​អាមេរិក និង​ស្រាអាល្លឺម៉ង់​។ AFP

ដោយ​យក​លំនាំតាម​វ៉ាក់សាំង Sinovac របស់​ចិន ស្រា​ក្រឡុក Sinosour ផ្ទុក​ស្រាចិន baijiu និង​ផ្លែ​ព្រូន​ជូរអែម​។ ចំណែក​ឯ ExtraGineca យក​តាម​ឈ្មោះ​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​យក្ស​អង់គ្លូ-ស៊ុយអែត AstraZeneca ផ្សំ​ឡើង​ពី​ស្រាជីនស្ងួត​របស់​ក្រុង​ឡុងដ៍ និង​តែ​អាហារ​ពេល​ព្រឹក​អង់គ្លេស​។

ភេសជ្ជៈ​ក្រឡុក​លក់​ក្នុង​តម្លៃ ៣៨ ​រីងហ្គីត (៣៥ ០០០​រៀល​) សម្រាប់​មួយ​ដប​ ឬ ១០០ ​រីងហ្គីត (៩៧ ០០០ រៀល) សម្រាប់​ទាំង ៣ ​ឈុត​។

អំឡុង​ពេល​វេលា​ដ៏​លំបាក​នេះ ប្រជាប្រិយភាព​នៃស្រាក្រឡុក​វ៉ាក់សាំង របស់​បារ៍ Backdoor Bodega បាន​បង្កើន​តម្រូវការ​យ៉ាង​ច្រើន​សន្ធឹក​។ ស្រាក្រឡុក​វ៉ាក់សាំង​កំពុង​ពេញនិយម​ ដែល​បារ៍​ធ្វើការ​ដឹកជញ្ជូន​ចន្លោះពី ២០ ទៅ ៣០​ ជើង​ទាំង​នៅ​ក្នុង​ប្រទេស និង​ប្រទេស​ជិតខាង សិង្ហបុរី​ រៀង​រាល់​ថ្ងៃ។

លោក សេន បាន​និយាយថា​៖ «​ដល់​ចំណុច​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា រាល់​ការ​កុម្ម៉ង់​ស្រាក្រឡុក​វ៉ាក់សាំង​គឺជា​សញ្ញា​ល្អ​»៕ AFP/HR

យក​លំនាំតាម​វ៉ាក់សាំង Sinovac របស់​ចិន ស្រា​ក្រឡុក Sinosour ផ្ទុក​ស្រាចិន baijiu និង​ផ្លែ​ព្រូន​ជូរអែម​។ AFP