ក្រុងហែលស៊ីនគី៖ នៅ​ព្រះវិហារ​ឈើរ ដើម​ផាញខ្ពស់ៗ និង​ទន្លេ​ស្ងប់ទឹក ភូមិ​ អេណុនកូស្គី ស្ថិ​តនៅ​ភាគ​ខាង​កើត​ប្រទេស​ហ្វាំងឡង់​ ហាក់​ដូចជា​ឋាន​សួគ៌​ក្នុង​ក្ដីសុបិន​សម្រាប់​អ្នក​ដែល​ប្រាថ្នា​ចាក​ផុត​ពី​វិថី​ធំៗ​ក្នុង​ទីក្រុង។

ប៉ុន្ដែ​សម្រាប់​យុវតី​ជា​ច្រើន ភូមិ​ឋាន​នេះ​ជា​ទីឋាន​ដ៏គួរ​ឱ្យ​ធុញទ្រាន់ និងខ្វះ​ឱកាស​ ហើយយុវវ័យ​ក្នុង​ចំនួន​ដ៏ច្រើននៅតាម​ទីជនបទ​នៃ​ប្រទេស​ហ្វាំង​ឡង់​នាំ​គ្នា​ចាកចេញ​​​​ ដែល​បង្កជា​កង្វល់​​ដល់​អាជ្ញាធរ។

កញ្ញា Viivi Rinkinen ជា​អ្នក​ធ្វើចំណាកស្រុក​ម្នាក់​ទៅកាន់​ទីក្រុង Joensuu ចម្ងាយ​ផ្លូវ​ធ្វើដំណើរ ២ ​ម៉ោង តាំងពី​អាយុ ១៦​ ឆ្នាំ​ដើម្បី​បន្ដ​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ។

យុវតី ដែល​បច្ចុប្បន្ន​អាយុ ២៥​ឆ្នាំ​ និង​រស់​នៅ​ប្រទេស​ម៉ាល់តា​ បាន​ប្រាប់​ AFP ថា​៖ «​វាជា​កន្លេង​គួរ​ឱ្យ​ធុញទ្រាន់​ណាស់។ ខ្ញុំ​ចង់បាន​ភាព​អ៊ូអរ​បន្ដិច។ មិត្ដភក្ដិ​ស្រីៗ​របស់​ខ្ញុំ​ទាំងអស់​ក៏​រើ​ចេញ ដែរ​»។

ភូមិ​ដែលមាន​ប្រជាជន ១ ៤០០​ នាក់ បុរស​មាន​ចំនួន​ច្រើន​ជាង​ស្ដ្រី​ពីរ​ដងក្នុង​ប្រភេទ​អាយុ​ចន្លោះពី ១៥ ទៅ ២៤ ​ឆ្នាំ។ មួយ​ភូមិ​នៅសល់តែ​មនុស្សស្រី ២៨ ​នាក់​ប៉ុណ្ណោះ។

មេភូមិ Enonkoski អ្នកស្រី មីនណា ឡូរីយោ ដែល​គ្រប់គ្រង​ភូមិ​ខ្វះ​ពលរដ្ឋ​ជានារី។ AFP

យោង​តាម​ទិន្នន័យ​ផ្លូវការ បាន​បង្ហាញ​ថា ក្រុង​នៅតាមជនបទ​ជាង​ពាក់​កណ្ដាលក្នុង​ប្រទេស​ហ្វាំង​ឡង់ មាន​ស្ដ្រី​តិចជាង ៨១ ​នាក់​អាយុ​ចន្លោះ​ពី ១៥ ទៅ ២៤ ​ឆ្នាំ ​ក្នុង​ចំណោម​បុរស​ ១០០​នាក់​ នៅអាយុ​ដូច​គ្នា​ ដោយសារ​ពួកគេ​ចាកចេញ​ទៅ​បន្ដការសិក្សា​ ឬ​បំពាក់ការងារ​តាម​ជំនាញ​ផ្សេងៗ។

ម៉ាគូស លីនដ្រូស ជា​បុគ្គលិក​វ័យ​ក្មេង​ម្នាក់​នៅ​ទីក្រុង​ក្បែរ​ខាង Heinavesi បាន​និយាយថា​៖ ​«​បញ្ហា​មួយ​គឺ​ថា សេវាកម្ម​នានា​បាន​រំកិល​ទៅកាន់​ទីក្រុង​ធំៗ​បន្ដិច​ម្ដងៗ។ ដូច្នេះ​យើង​មិនពិបាក​ស្វែង​រក​ជំនួយ​ទាន់ចិត្ដ​ណាស់។ ខ្ញុំ​ចង់​ឱ្យ​រដ្ឋាភិបាល​យល់ថា នៅក្រៅក្រុង​ហែលស៊ីនគី ក៏​មាន​មនុស្ស​ដែរ​»។

យុវជន ដែល​បន្ដ​នៅ​តាម​ទីជនបទ​ តែមិនអាច​រក​ការងារ​ធ្វើ​បាន តែងតែ​ត្អូញត្អែរ​អំពី​បញ្ហា​មិន​ត្រូវបាន​យកចិត្ដ​ទុកដាក់​ពី​សង្គម។

ប៉ុន្ដែ​យុវជនវ័យ ២២​ឆ្នាំ Atte Tuominen អ្នកបង្វឹក​ផ្នែក​កីឡា នៅ​ក្រុង Heinavesi បាន​និយាយថា លោក​មិន​សៅហ្មង​ចិត្ដ​ពី​បញ្ហា​អវត្ដមាន​របស់​នារីៗ​នោះទេ។

លោក​បាន​ឱ្យដឹងថា​៖ «​មិត្ដភក្ដិ និង​រូប​ខ្ញុំ​បានចំណាយ​ពេលយ៉ាង​ច្រើន​លេង​កីឡា ស្ទូច​ត្រី និង​សកម្មភាព​ខាង​ក្រៅ​រួម​គ្នា​ជាច្រើន​ទៀត។ នៅទីក្រុង​ជិតៗនេះ ក៏មាន​នារីៗ​ខ្លះ​ដែរ ដោយ​មិន​ចាំ​បាច់​ចេញ​ទៅ​ឆ្ងាយ​ៗ​ឡើយ​»៕ AFP/HR

ទេសភាព​ព្រះវិហារ​នៅភូមិ Enonkoski ដែល​មាន​ពលរដ្ឋ​នារី​តែ ២៨​ នាក់ ក្នុង​ចំណោម​ប្រជាជនជាង ១ ៤០០​ នាក់។ AFP