ភ្នំពេញ: គ្រប​ពី​ក្បាល​ដល់​ចុងជើង​ដោយ​ក្រណាត់​សូត្រ​ខ្មែរ ស្ត្រី​រូបនេះ​បន្ទាប់មក​ត្រូវបាន​លាតត្រដាង​អត្ត​សញ្ញាណ​របស់​នាង​ជាមួយនឹង​ការតុបតែង​ខ្លួន និង​សម្លៀកបំពាក់​ទាន់​​សម័យ​។ ការ​លាយ​បញ្ចូល​គ្នា​នៃ​ភ្លេង​ប្រពៃណី និង​សម័យ​ទំនើប​បាន​បំបែក​ព្រំដែន​រវាង​ពិភព​ទាំង ​២​។​

​នេះ​ជា​វីដេអូ​ខ្លី​ចេញពី​យុទ្ធនាការ «​ខ្ញុំ​នឹង​បង្ហាញ​អ្នក​ថា ខ្ញុំ​ជា​នរណា​» ក្រោម​ការផ្ដួចផ្ដើម​រៀបចំ​ពី​សិល្បការិនី​អាដាណា ម៉ម ឡឺហ្គ្រោស​។​

​អ្នក​គំនូរ​សហ​សម័យនិយម​ប្រើ​ទម្រង់​ធរណីមាត្រ​អរូបី​បង្កើត​ស្នាដៃ​គំនូរ​រូបនេះ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​វីដេអូ​នេះ​បង្ហាញ​ពី​អំណាច​នៃ​សកម្មភាព​សិល្បៈ​។ ស្ត្រី​ត្រូវ​ថប់ដង្ហើម​ក្រោម​សម្ពាធ​ប្រពៃណី​តាំងពី​បុរាណ​កាល​។ ការ​សម្រប​ខ្លួន​ទៅនឹង​សម័យ​ទំនើប​ដោយ​ការរក្សា​ចំណេះដឹង​អំពី​ឫសគល់​របស់​យើង ​គឺជា​ការចាំបាច់​ដើម្បី​ឆ្ពោះទៅមុខ​ក្នុងនាម​ជា​ប្រជា​ជាតិ និង​អរិយធម៌​»​។​

​កាយវិការ​សាមញ្ញ​មួយ ប៉ុន្តែ​អមដោយ​សារ​ចែករំលែក​យ៉ាង​ជ្រាល​ជ្រៅ​។ ការតាំងពិព័រណ៍​នេះ​ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី ​១៧-១៩ ខែកញ្ញា កន្លងមកនេះ​នៅឯ​វិចិត្រសាល FT Gallery រោងចក្រ​ភ្នំពេញ​។​

​ជា​អ្នករៀបចំ​ពិព័រណ៍​នេះ អាដាណា ហើយ​ក្នុង​កម្មវិធី​នាង​ក៏មាន​បង្ហាញ​ស្នាដៃ​សិល្បៈ​ចំនួន ៤ មាន​គំនូរ​គូ​ល័​រ​ទឹក​ចំនួន ​៧ ពី​សិល្បការិនី ដា​ណែ​ត គំនូរ​ឌីជីថល​ចំនួន ​៤ ពី ផៃ​លីន និង​រូបថត​ចំនួន ៣ ដោយ​ស្ទូ​ឌី​យោ Gisel Studio រួមទាំង​វីដេអូ​ចំនួន ៣ ពី​យុទ្ធនាការ​។ ទស្សនិកជន​ក៏មាន​ឱកាស​បាន​ស្ដាប់​កំណាព្យ​របស់​សិល្បការិនី​ខ្មែរ​ម្នាក់​ដែរ​។​

​បន្ទាប់ពី​ទទួលបាន​ជំនួយ​ពី​សហ​ភាព​អឺរ៉ុប និង DCA (DanchurchAid) ដើម្បី​ចាប់ផ្តើម​យុទ្ធនាការ​សិទ្ធិនារី អាដាណា បាន​សម្លឹងមើល​ការបញ្ចូល​សិល្បៈ ដើម្បី​បង្កើតជា​សារ​ដ៏​មាន​ឥទ្ធិពល​លើកស្ទួយ​ស្ត្រី​។

គំនូរទឹកថ្នាំអាគ្រីលិក​​ស្នាដៃរបស់​ អាដាណា ​ឈ្មោះ​​ Imperatrice។ រូបថត សហការី

​ដោយ​ដកស្រង់​សម្ដី​របស់​អ្នកតស៊ូ​មតិ Letty Cottin Pogrebin ថា «​នៅពេល​បុរស​ត្រូវគេ​ជិះជាន់​វា​ជា​សោកនាដកម្ម​។ នៅពេល​ស្ត្រី​ត្រូវគេ​ជិះជាន់​វា​ជា​ប្រពៃណី​» សិល្បករ​កម្ពុជា​បានរួម​គ្នា​ធ្វើ​គម្រោង «​ខ្ញុំ​នឹង​បង្ហាញ​អ្នក​ថា ខ្ញុំ​ជា​អ្នកណា​» នេះ​ឡើង​។​

​សិល្បការិនី អាដាណា បាន​លើក​​ឡើង​ថា​៖ «​ពិព័រណ៍​ចម្រុះ​នេះ​និយាយ​អំពី​សម្ពាធ​មើលមិនឃើញ​ដែលមាន​លើ​ស្ត្រី និង​បុគ្គល​ដែល​នៅ​ពីក្រោយ​ការ​មាក់ងាយ និង​សម្ពាធ​ទាំងអស់ និង​ឱកាស​ស្ដ្រី​ដើម្បី​យកឈ្នះ​វា​»​។​

​អាដាណា ដែលជា​សកម្មជន​លើក​ស្ទួយ​ស្ត្រី និង​យុវជន​ជំនាន់​ថ្មី​រូបនេះ​បាន​បន្តថា​៖ «​វា​ទាក់ទង​នឹង​ការ​ឱប​ក្រសោប​ភាពជា​ស្ត្រី និង​ភាពជា​បុរស​របស់​អ្នក ដែល​និយាយ​អំពី​តុល្យភាព​នៃ​អំណាច ភាពសមរម្យ ភាពរឹងមាំ និង​ភាព​សមសួន​»​។​

​ឆ្លៀតឱកាស​នេះ ពិព័រណ៍​ក៏​បង្កើតឡើង​ដើម្បី​ផ្ដល់ឱកាស​ដល់​សិល្បការិនី​ថ្មី​ ២​ គឺ ផៃ​លីន និង ដា​ណែ​ត ដែល​កន្លងមក​ពួកគេ​បាន​ចែករំលែក​សិល្បៈ ការតស៊ូ ចំណង់​ចំណូលចិត្ត ក្តីសង្ឃឹម និង​សុបិន​របស់​ពួកគាត់​ក្នុងនាម​ជា​ស្ត្រី​នៅ​កម្ពុជា​។ ពិព័រណ៍​ក៏មាន​ការពិភាក្សា​រវាង​សិល្បការិនី​៣​រូប​មកពី​ទម្រង់​សិល្បៈ​ខុសៗ​គ្នា​ជារួម​មាន អ្នករបាំ​អាជីព ជុំ​វណ្ណ សូ​ដា​ជីវី ប៊ែ​ល តារា​សម្ដែង​ជំនាញ​ក្បាច់គុណ​កញ្ញា សំ ថា​រ័ត្ន និង​សិល្បការិនី​តន្ត្រី រិទ្ធី លំអរ​កេសរ​។​

​ការជ្រើសរើស​ស្ដ្រី​បីនាក់​នេះ​ក្នុង​កិច្ចពិភាក្សា អាដាណា ដែលជា ស្ថាបនិក និង​ជា​ប្រធាន​នៃ​ចលនា Generation C Cambodia រូបនេះ​ថា​៖ «​នៅ​កម្ពុ​ជាមាន​ស្ត្រី​អស្ចារ្យ​ជាច្រើន​។ យើង​ជ្រើសរើស​មិន​ត្រឹមតែ​ផ្ដោតលើ​ជីវប្រវត្តិ​របស់​ពួកគាត់​ទេ ប៉ុន្តែ​អ្វីដែល​គាត់​តំណាងឱ្យ​កម្ពុជា​»​។​

​កញ្ញា​បាន​បន្តថា​៖ «​ជាក់ស្ដែង​លើ​សម្ពាធ​ប្រពៃណី​ទៀតសោត យើង​រក​អ្នក​ដែល​បំបែក​កូដ និង​ព្រំដែន​ក្នុងសង្គម​យើង​។ អ្នក​ដែល​ឆ្ពោះទៅមុខ​លើសពី​គំនាប​ប្រពៃណី និង​វប្បធម៌​»​។​

​ដូចជា ជុំ​វណ្ណ សូ​ដា​ជីវី ប៊ែ​ល គាត់​ជា​អ្នករាំ​របាំ​បុរាណ និង របាំ​សហ​សម័យ ហើយក៏​ជា​គ្រូបង្រៀន​របាំ​។ រិទ្ធី លំអរ​កេសរ គឺជា​តារា Rock ''n'' Roll ជា​សិល្បការិនី មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ម្នាក់​។ កញ្ញា សំ ថា​រ័ត្ន ជា​ស្ត្រី​ខ្លាំង​ម្នាក់​នៅក្នុង​ការប្រកួត​ក្បាច់​​ប្រដាល់​គុន​ខ្មែរ ប្រពៃណី​ល្បុក្កតោ និង​ក្បាច់គុន​ចម្រុះ​។​

​តារា​សម្ដែង​ជំនាញ​ក្បាច់គុន​រូបនេះ បាន​និយាយថា​៖ «​ស្ត្រី​ត្រូវបាន​គេ​រំពឹងថា ត្រូវ​ចេះ​ការងារ​ក្នុង​ផ្ទះបាយ​ឱ្យបាន​ល្អ និង​ត្រូវ​បម្រើ​គ្រួសារ​។ ប៉ុន្តែ​ខ្ញុំ​ចង់​លុបចោល​ផ្នត់គំនិត​មួយ​នេះ​។ ខ្ញុំ​ប្រាប់​ខ្លួនឯង​ថា ខ្ញុំ​នឹង​យកឈ្នះ​លើ​បទដ្ឋាន​ទាំងនោះ និង​សម្រេច​ឱ្យបាន​នូវ​គោលដៅ​របស់ខ្ញុំ​»​។​

អាដាណា (ស្ដាំទី ២) និង​សិល្បការិនី​ចូលរួម​តាំងពិព័រណ៍​ស្នាដៃ​។ រូបថត សហការី

​ក្រៅពី​ការផ្សព្វផ្សាយ​អត្តសញ្ញាណ និង​លើកកម្ពស់​ស្ត្រី ពិព័រណ៍​ត្រូវបាន​ភ្ជាប់​មកជា​មួយ​នូវ​ការចែករំលែក​។​

​ស្នាដៃ​សិល្បៈ​ដែល​លក់បាន​មួយផ្នែក​ត្រូវបាន​ផ្ដល់ឱ្យ​អង្គការ​ក្រៅ​​រដ្ឋាភិបាល​ចំនួន ៣ គឺ មូលនិធិ​រក្សា​កុមារ សាមគ្គីធម៌ និង សាលា Happy Chandara​។​

​មូលនិធិ​រក្សា​កុមារ​ជា​អង្គ​ការមិន​រកប្រាក់​ចំណេញ​ដោយមាន​អ្នកស្រី ជា សិរី ជា​ស្ថាបនិក​សម្រាប់​ផ្ដល់ឱកាស​ដល់​អ្នកក្រីក្រ​គ្មាន​សមត្ថភាព​ក្នុងការ​កសាង​ខ្លួនឯង និង​សហគមន៍​។

សាមគ្គីធម៌ ​គឺជា​គំនិត​ផ្តួចផ្តើម​ដោយ​ចលនា Generation C ដែលមាន​គោលបំណង​ចែកចាយ​កញ្ចប់​អាហារ​ដល់​អ្នក​ខ្សត់ខ្សោយ​ក៏ដូចជា​ផ្តោត​ឡើងវិញ​លើ​ទស្សនវិជ្ជា​របស់​ព្រះពុទ្ធសាសនា និង​គុណ​តម្លៃ នៅក្នុង​សង្គម​កម្ពុ​ជាតា​មរយៈ​ការអនុវត្ត​អាហា​រដ្ឋា​ន​សាមគ្គី​តាម​វត្ត​អារាម​។​

​សាលា Happy Chandara ដែល​ត្រូវបាន​បង្កើតឡើង​កាលពី ១២ ​ឆ្នាំមុន​ ដោយ​អង្គការ​បារាំង Toutes a l''ecole បាន​ប្តេជ្ញា​លើកកម្ពស់ និង​ផ្ដល់​ការអប់រំ​ឥតគិតថ្លៃ​ដល់​ក្មេងស្រី​ដែល​ជួប​ការលំបាក​ចាប់ពី​ថ្នាក់​បឋម​សិក្សា​រហូតដល់​វិទ្យាល័យ​។​

​សិល្បការិនី អាដាណា បាន​បន្តថា​៖ «​ជា​ចុងក្រោយ ខ្ញុំ​ចង់សង្កត់ធ្ងន់​លើ​គុណ​តម្លៃ​ជា​មូលដ្ឋាន​របស់​មនុស្ស​ដូចជា ទង្វើ​នៃ​ការចែករំលែក​សារៈ​សំខាន់​នៃ​ការអាណិតអាសូរ និង​សិល្បៈ​នៃ​ការរស់នៅ​ជាមួយគ្នា​»៕