​ភ្នំពេញៈ មហាជន​ភ្ញាក់ផ្អើល​សាជាថ្មី​នឹង​ការ​បង្ហើរ​សារ​ប្លែកៗ​របស់​តារាចម្រៀង​ស្រី​សាច់​សខ្ចី​កញ្ញា យូ​រី តាម​បណ្តាញ​សង្គម​មើលទៅ​ហាក់ដូច​កំពុងតែ​ជួប​រឿង​ខកចិត្ត​បាត់បង់​ម្ចាស់​បេះដូង បន្ទាប់ពី​រួចផុត​ទុក្ខ​ធំ ដែល​បាត់បង់​អ្នក​ម្តាយ​ជា​ទីស្រឡាញ់​កន្លងទៅ​ថ្មីៗ​នោះ​។

​តារាចម្រៀង​ស្រី​ដែល​ផ្ទុះ​ល្បី​ខ្លាំង​ក្នុង​បណ្តាញ​សង្គម ជាមួយ​បទ «​ចាក់ទឹកដូង​» កាល​នៅ​ទ្រនំ​សាន់​ដេ កញ្ញា យូ​រី បង្ហើរ​ថា​៖ «​កុំ​ស្រឡាញ់​តែ​ដំបូង កុំ​ស្រឡាញ់​ព្រោះតែ​អារម្មណ៍​មួយ​ឆាវ កុំ​ស្រឡាញ់​ព្រោះតែ​អាណិត​កុំ​ស្រឡាញ់​ព្រោះ​ចង់​បំបាត់​ភាព​អផ្សុក កុំ​ស្រឡាញ់​ព្រោះតែ​ចង់​បំភ្លេច​សង្សារ​ចាស់​។ ពិបាករ​កណា​ស់មនុស្ស ដែល​យើង​ស្រឡាញ់​គេ ហើយ​គេ​ក៏​ស្រឡាញ់​យើង​វិញ បើ​ជួប​មនុស្ស​អ៊ីចឹង​ហើយ ថែ​គេ​ឱ្យ​ល្អ​ផង​ព្រោះ​ក្នុង ១ ​ជីវិត​យើង​មិន​ជួប​មនុស្ស​ល្អ​អ៊ីចឹង​ច្រើន​នាក់​នោះទេ​។ ពេលខ្លះ​យើង​ស្តាយក្រោយ ហើយ​វិល​ទៅរក​គេ​វិញ ក៏​មិន​ប្រាកដថា គេ​ទទួលយក​យើង​វិញ​ដែរ​។ ធ្វើ​អ្វី​ត្រូវ​ចេះ​គិតដល់​លទ្ធផល និង​ការចាប់ផ្ដើម​ផង​»​។​

កញ្ញា យូ​រី បន្ថែម​សារ​ ១ ​ទៀតថា​៖ «​គ្មាន​ជីវិត​របស់​អ្នកណា អាច​ដូច​បំណង​បាន​គ្រប់យ៉ាង​នោះទេ​។ នៅពេល​ជួប​រឿង​លំបាក រឿង​ដែល​ធ្វើឱ្យ​កើតទុក្ខ ការ​ស្ដាប់​ពាក្យ​ណែនាំ លើក​​ទឹកចិត្ត​ពី​អ្នកដទៃ​គឺជា​រឿង​ល្អ ប៉ុន្តែ​អ្នក​ដែល​ជួយ​ដោះ​ទុក្ខ​ឱ្យ​ខ្លួន​យើង​បាន ល្អ​បំផុត ​គឺមាន​តែ​យើង​ខ្លួនឯង​នេះហើយ​។ ដរាបណា​យើងនៅមាន​ការ​​តស៊ូ ជ័យជម្នះ​ គឺ​ស្ថិតក្នុង​ដៃ​យើង​ពាក់​កណ្ដាល​បាត់ទៅហើយ​។ បើ​យើង​ខ្លាច ចូរ​ហ៊ាន​ធ្វើ​អ្វីដែល​យើង​ខ្លាច ទើប​ភាព​ភ័យ​ខ្លាច​នោះ​រលាយ​បាត់ទៅ​។ កុំ​ខ្លាច​បរាជ័យ​ ព្រោះ​បរាជ័យ​នេះហើយ​ដែល​ធ្វើឱ្យ​យើង​ចេះ ប្រយ័ត្ន​​ប្រយែង កាន់តែ​ល្អ​នៅពេល​ខាង​មុខ​»​។​

​តែ​ការពិត​នៃ​សារ​ប្លែក​ខាងលើនេះ ត្រូវបាន​កញ្ញា យូ​រី បកស្រាយ​បំភ្លឺ​យ៉ាង​ដូច្នេះ​វិញ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ តាម​ទូរស័ព្ទ​ថា​៖ «​អូ​!​ ចាស​បង​!​ តាមពិតទៅ​សារ​ទាំង​នោះ មិនមែនជា​ការជួប​ទុក្ខ​បែក​បាក់​បេះដូង​អ្វី​ទេ​! គឺ​គ្រាន់តែ​ជា​សារ ដែល​ប្អូន​ចង់​សរសេរ​នូវ​-​ពាក្យពេចន៍ ប្លែកៗ និង​ថ្មីៗ ដើម្បី​ជាការ​ជួយ​លើកទឹកចិត្ត​ដល់​អ្នក​ជួប​បញ្ហា​ពិបាកចិត្ត និង​ឱ្យមាន​ការតស៊ូ កុំ​រួញរា​នឹង​រឿង​លំបាក​ប៉ុណ្ណោះ​»​។​

​គួរឱ្យកត់សម្គាល់ វត្តមាន​របស់​កញ្ញា យូ​រី បាន​មកដល់​ទ្រនំ​ថ្មី​ហង្ស​មាស​តាំងពី​ចុងឆ្នាំ ​២០២០ រហូតមកដល់​ពេលនេះ កញ្ញា​មាន​បទ​ចម្រៀង​ប្រមាណ​ជា ៣-៤ បទ តែប៉ុណ្ណោះ ដែល​បទ​ចម្រៀង​ដំបូង​គេ មាន​ចំណងជើង​ថា «​ផាំងៗ​» បទ « I LOVE FOOTBALL» និង​បទ «​មនុស្ស​ស្មោះ​នៅ​ណា​?» ហើយ​បទ​ទាំងនេះ សុទ្ធតែជា​បទ​ចម្រៀង​មាន​ចង្វាក់​ញាក់​រំលេច​ដោយ​ក្បាច់​រាំ​ប្លែកៗ​ទៀតផង​៕