ក្រុងការ៉ាកាស៖ ហ្សាការី អេហ្គៀ មានការងារពីរជាអ្នករត់ម៉ូតូឌុបផង និងដឹកជញ្ជូនផងនៅក្នុងប្រទេសញាំញីដោយវិបត្ដិសេដ្ឋកិច្ច វេណេស៊ុយអេឡា។ អំឡុងពេលដ៏លំបាកនេះ យុវជនវ័យ ៣២ ឆ្នាំ បានលេងហ្គេមអនឡាញ ដើម្បីរកប្រាក់ចំណូលបន្ថែមដោយការប្រមែប្រមូលនូវអ្វីដែលហៅថា វត្ថុឌីជីថល ឬ NFTs។
លោក អេហ្គៀ គឺជាពលរដ្ឋវេណេស៊ុយអេឡាម្នាក់ដែលងាកមកចាប់អារម្មណ៍លេងហ្គេម NFT ជាថ្នូរនឹងកម្រៃ ខណៈប្រទេសជាតិប្រឈមនឹងវិបត្ដិសេដ្ឋកិច្ច ៨ ឆ្នាំ និងអតិផរណាហួសប្រមាណលើកទី៤។
វត្ថុឌីជីថល គឺជាវត្ថុដែលអាចរក្សាទុកបាននៅលើប្រព័ន្ធឌីជីថល ដោយវត្ថុនីមួយៗសុទ្ធតែមានវិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាប្លុកឆេន មិនខុសពីរូបបិយបណ្ណ crypto។ វាមិនអាចត្រូវបានលួច ឬគ្រប់គ្រងបានឡើយ។
លោក អេហ្គៀ លេងហ្គេម Plant vs Undead ដែលរុក្ខជាតិត្រូវបានដាំក្នុងសួនអនឡាញទប់ទល់នឹងសត្វចម្លែកស្រដៀងហ្សុមប៊ី។ អ្នកលេងបានចំណាយពេលវេលាក្នុងការស្រោចទឹកថែទាំរុក្ខជាតិ ដើម្បីលក់យកប្រាក់ទិញរូបបិយបណ្ណ crypto។
រុក្ខជាតិនីមួយៗគឺជាវត្ថុឌីជីថល ដែលអាចលក់យកលុយពិតប្រាកដ។ អតីតមន្ដ្រីប៉ូលិសបានវិនិយោគប្រាក់ ៣០០ដុល្លារ ដែលរកបានពីការងារប្រចាំថ្ងៃ។ មុនពេលចាប់ផ្ដើម លោក អេហ្គៀ បានបើក «កាបូបលុយ» ឌីជីថល ដែលអាចប្ដូរជាប្រាក់សុទ្ធៗ។
លោកបានចំណាយប្រាក់មួយចំនួនធ្វើបច្ចុប្បន្នភាពកុំព្យូទ័រ រួចទិញផ្កាឈូករ័ត្នឌីជីថល និងស្ពៃខ្លះក្នុងតម្លៃ ៨០ ដុល្លារ។ រុក្ខជាតិទាំងនេះ លោកនឹងបន្ដដាំដុះរហូតដល់អាចប្រមូលផលក្នុងតម្លៃប្រមាណ ២ ០០០ ដុល្លារ។
នៅក្នុងកំណត់ត្រាលើថេប្លេត លោក អេហ្គៀ បន្ដកត់ត្រាសកម្មភាពដាំដុះរបស់ខ្លួន និងចរន្ដនៃការលក់ដូររុក្ខជាតិឌីជីថល។
លោកបានពន្យល់ថា៖ «នៅម៉ោង ៦ព្រឹក ខ្ញុំក្រោកលេងហ្គេម។ អំឡុងពេលម៉ោងធ្វើការ ខណៈរង់ចាំភ្ញៀវ ខ្ញុំបន្ដស្រោចទឹករុក្ខជាតិ ត្រួតពិនិត្យមើលថា តើមានមកស៊ីឬទេ»។
នៅវេណេស៊ុយអេឡា ប្រាក់ចំណូលអប្បរិមាសម្រាប់សេវាសាធារណៈគឺ ២,៥០ ដុល្លារ (១ ម៉ឺនរៀល) ក្នុងមួយខែ ហើយប្រាក់បៀរវត្សរ៍មធ្យមគឺ ៥០ ដុល្លារ (២០ ម៉ឺនរៀល) ខណៈគ្រឿងទេសមួយកន្ដ្រកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារសមាជិក ៥ នាក់ ចំណាយរហូតដល់ ២២០ ដុល្លារ (៩០ ម៉ឺនរៀល) ឯនោះ។
លោក រីវើរ៉ូ និងមិត្ដភក្ដិមួយក្រុម ដាំដុះរុក្ខជាតិនៅខាងក្រៅការិយាល័យតូចមួយ ក្រោយរោងជាង ដែលពួកគេស្រោចទឹករុក្ខជាតិទាំងចេញ ទាំងចូល។
លោក ចេស៊ូស អាល់មេរីដា ជាសមាជិកម្នាក់ បាននិយាយថា៖ «រូបបិយបណ្ណ Cryptocurrency គឺជាអនាគត។ ខ្ញុំបានសម្រេចចិត្ដថា ពេលខ្ញុំមានដើមទុនគ្រប់គ្រាន់ ខ្ញុំនឹងបង្កើតកាបូបលុយ crypto ឱ្យកូនខ្ញុំ សម្រាប់ត្រៀមទុករៀនសាកលវិទ្យាល័យ»៕ AFP/HR