​ភ្នំពេញៈ នាពេល​ថ្មីៗ​នេះ តារា​ស្រី​ដែលមាន​រហស្សនាម «​រាជិនី​សម្រក់​ទឹកភ្នែក​» កញ្ញា នី មុនីនាថ បង្កើត​ភាព​ភ្ញាក់ផ្អើល​ម្តងទៀត តាមរយៈ​ការ​លេចមុខ​សម្តែង​ខ្សែភាពយន្ត​បែប​កម្សត់ សោកសៅ​ខ្លាំង ក្នុង​ផលិតកម្ម​សាស្ត្រា​​ហ្វី​ម គឺ​រឿង «​បដា​ចារ​»​។​

​បើតាម​បណ្តុំ​រូបភាព​ប្លង់​ថត​ខ្លះៗ​នៃ​សាច់រឿង​អេ​ដ​មីន​នៃ​ផេ​ច​ហ្វេ​ស​ប៊ុ​ក​ផលិតកម្ម​សាស្ត្រាហ្វី​ម​បង្ហើរ​សារ​សរសើរ​ពី​ទេពកោសល្យ​កញ្ញា នី មុនីនាថ ថា​៖ «​តារា​សម្តែង​ស្រី​ដ៏​ល្បី ពោរពេញ​ដោយ​សមត្ថភាព និង​ទេពកោសល្យ​របស់​ប្រទេស​កម្ពុជា​យើង​កញ្ញា នី មុនីនាថ Ny Monyneath ជា​ផ្លូវការ​ពេលនេះ​បាន​ក្លាយជា​តួ​​ឯក​ស្រី​សំខាន់​ម្នាក់​ក្នុង​រឿងព្រេង​អក្សរសិល្ប៍​ខ្មែរ​ គឺ​រឿង​នាង​បដា​ចារ​។

គួរបញ្ជាក់​ផងដែរ​ថា ខ្សែ​ភាពយន្ដ​រឿង នាង​បដា​ចារមួយ​នេះ​ គឺ​ត្រូវបាន​លើកយក​មក​ថត​ម្ដងទៀត ដោយ​ផលិតកម្ម Sastra Film។ កញ្ញា នី មុនីនាថ លះបង់​ធំ​ណាស់សម្រាប់​មួយ​រឿងនេះ កុំ​ភ្លេច​ណា នឹង​ចេញផ្សាយ​នាពេល​ឆាប់ៗ​ខាងមុខនេះ ថ្ងៃទី ១០ ខែ តុលា ២០២១»​។​

​ខណៈ​ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​ផលិតករ​ភាគច្រើន បាន​ទទួលស្គាល់ថា តារា​សម្តែង​ស្រី​កញ្ញា នី មុនីនាថ គឺជា​តួឯក​ស្រី​ ១ ​ដួង ដែលមាន​ទេពកោសល្យ​ពេញទីដែល​ស្រូប​បានចិត្ត​អ្នកទស្សនា​យ៉ាង​ច្រើន ជាពិសេស​ការសម្តែង​នូវ​ឈុត​បែប​មនោសញ្ចេតនា​គឺ​សមជា​មួយ​ទឹកមុខ និង​ជា​តួ​សម្តែង​ស្រី​ពូកែ​ខាង​ចូល​តួ​សម្រក់​ទឹកភ្នែក​បាន​ភ្លាមៗ​តែម្តង​។

​ដោយឡែក​នា​អំឡុង​រយាល​ស្ងាត់​ពី​សិល្បៈ​នោះ ស្រាប់តែ​កញ្ញា នី មុនីនាថ បង្ហើរ​សារ​មួយ​ឃ្លា​ហាក់ដូចជា​ចង់​​ប្រាប់ថា ខ្លួន​កំពុងមាន​ម្ចាស់​ស្នេហ៍​ថ្មី មក​ស្អំ​បេះ​ដូង​ជាមួយនឹង​ចំណង​ស្នេហ៍​ខ្សែក ១ ខ្សែ​។ កញ្ញា នី មុនីនាថ បានសរសេរថា​៖ «​អរគុណ​ណា​ដែល​នៅក្នុង​ជីវិត​របស់ខ្ញុំ គ្រប់ពេលវេលា​! នេះហើយ​គឺជា​សេចក្តីសុខ​សម្រាប់​ជីវិត​» និង​សារ​ថា​៖ «​ម្ចាស់​ខ្សែក នេះហើយ​គឺជា​ម្ចាស់​បេះ​ដូង ជាកែវភ្នែក​របស់ខ្ញុំ​»​។​

​តែ​កញ្ញា នី មុនីនាថ បែរជា​បក​ស្រាយ​ពង្វាង​ដាន​ដូច្នេះ​វិញ​ថា​៖ «​សារ​នោះ​ គឺ​គ្រាន់តែ​ជា​ប៉ា​រ៉ូ​ល​កុន​ប៉ុណ្ណោះ ហើយ​ខ្ញុំ​ក៏​តែង​តែ​បង្ហោះ​លេង​ក្រោយ​​ពេល​ថតរូប​តាម​ហេ្វ​ស​ប៊ុ​ក​ផងដែរ​។ សព្វថ្ងៃ​នេះ ចំពោះ​រូបនាង​ខ្ញុំ សម្រាប់​អ្នក​តាម​ស្រឡាញ់​នោះ ​គឺមាន​ច្រើនណាស់ គ្រាន់តែ​ថា ខ្ញុំ​មិនទាន់​សម្រេច​ទទួលយក​ស្នេហ៍​ពី​អ្នក​ណា​ម្នាក់​នៅឡើយ​ទេ​»៕