ភ្នំពេញៈ ក្រុមអ្នករៀបចំការប្រកួតកម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខលើកទី១០ បានរកឃើញភាពយន្តខ្នាតខ្លីរបស់សមិទ្ធករខ្មែរ ៧ រឿង ដែលជាប់ជម្រើសសម្រាប់ចាក់ផ្សាយតាមអនឡាញឆ្នាំ ២០២១។
បើតាមសេចក្តីប្រកាសព័ត៌មានពីភាពយន្តខ្លីជាប់ជម្រើស សម្រាប់ចាក់ផ្សាយអនឡាញក្នុងកម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខលើកទី១០ នេះមាន៖ «ភាពយន្តទី១ រឿង «ស្នេហ៍ឆ្លងវេហា» របស់សមិទ្ធករ គឺមអាន សុផាស័ក្ត ទី២ រឿង «ប៉ាន់ក្រហម» របស់សមិទ្ធករ ទី ទេពនិមល ទី៣រឿង «Origami girl» របស់សមិទ្ធករ ហេង លឹម ទី៤ រឿង «ថ្ងៃនេះសម្រាប់ថ្ងៃស្អែក» របស់សមិទ្ធករ ភេទ ចា ទី៥ រឿង «មិនបោះបង់» របស់សមិទ្ធករ ចាន់ ស៊ីណេត ទី៦ រឿង «Dream catcher» របស់សមិទ្ធករ លោល គង់ តុលា និងទី៧ រឿង «ម៉ែខ្ញុំម៉ែគេ» របស់សមិទ្ធករលោក សុខ ពិសិដ្ឋ។ កុំភេ្លចរង់ចាំទស្សនាភាពយន្តខ្លីថ្មីៗ ទាំងនេះ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១»។
ប្រភពដដែលនេះ បន្តឱ្យដឹងថា៖ «ការប្រកួតក៏មានធ្វើការចាក់បង្ហាញរឿងផ្សេងៗទៀត តាមប្រភេទផ្សេងទៀតដែរ
ដូចជាភាពយន្តខ្លីអន្តរជាតិ សម្រាប់ចាក់បង្ហាញ (International Showcase) ភាពយន្តឯកសារកម្ពុជាសម្រាប់ចាក់បង្ហាញ (Cambodian Documentary Showcase) ភាពយន្តឯកសារអន្តរជាតិសម្រាប់ចាក់បង្ហាញ (International Documentary Showcase) វីដេអូតន្ត្រីសម្រាប់ចាក់បង្ហាញ (Music Video Showcase) ភាពយន្តខ្លីថ្មីពី «ក្រុមភាពយន្តឈូករ័ត្ន» (SFA Showcase) និងភាពយន្តពីគម្រោងពិសេស សម្រាប់ចាក់បង្ហាញ (Special Project Showcase)។
ដោយសារតែបញ្ហាកូវីដ ១៩ កម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខលើកទី៩ ឆ្នាំ ២០២០ និងលើកទី១០ ឆ្នាំ ២០២១ ត្រូវរៀបចំដាក់បញ្ចូលរួមគ្នា និងសម្រេចប្រារព្ធធ្វើតាមអនឡាញវិញ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលជ្រើសរើស យ៉ាងស្វិតស្វាញមកនោះ។
កម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខ ហៅកាត់ថា CSFF បានប្រកាសទទួលរឿងប្រកួតដល់សមិទ្ធកររឿងខ្លី ចាប់តាំងពីដើមខែមីនា ឆ្នាំ ២០២១ ហើយកម្មវិធីលើកទី១០ នេះ នឹងបូកបញ្ចូលនូវភាពយន្តខ្លី ដែលបានដាក់មកតាំងពីឆ្នាំ ២០២០ ព្រោះខកខានដោយសារវិបត្តិកូវីដ ១៩ ដែរ។
ដោយសារវិបត្តិនៅតែបន្តមិនស្រាកស្រាន្តនោះ កម្មវិធីឆ្នាំនេះ នឹងប្រព្រឹត្តទៅតាមអនឡាញទាំងស្រុង ដោយកម្មវិធីមានក្រុមភាពយន្តឈូករ័ត្ន (Sunflower Film Alliance) ជាអ្នករៀបចំ។
ខណៈកម្មវិធី CSFF ឆ្នាំនេះ មានការគាំទ្រពីស្ថាប័នក្នុងស្រុកចំនួន ៥ គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ក្រុមហ៊ុន Sabay News ក្រុមហ៊ុន FilmTalk Cambodia និងក្រុមហ៊ុន Alien Express និងមានស្ថាប័នក្រៅស្រុកចំនួន ២ គឺ SEA Junction និង culture360។ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលជ្រើសរើស និងចរចា ក្នុងការបញ្ចាំងអនឡាញយ៉ាងស្វិតស្វាញ CSFF បានជ្រើសរើសរឿងសម្រាប់ការប្រកួតចេញពីចំនួនសរុប ២៨៥ រឿង (៨៨ ពីឆ្នាំ ២០២០ និង ១៩៧ ពីឆ្នាំ ២០២១។
កម្មវិធីមហោស្រពនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ រហូតទៅដល់ទី ២៧ ខែ តុលា ឆ្នាំ ២០២១ ហើយរាល់រឿងទាំងអស់ និងកម្មវិធីផ្សេងៗ លោកអ្នកអាចតាមដានតាម Facebook Page របស់ CSFF៖ https://www.facebook.com/CSFF.co/៕