​ក្រុង​សា​ណា: រណ្ដៅ​ធម្មជាតិ​ដ៏​សែន​ជ្រៅ ត្រូវបាន​គេ​ដាក់​ងារ​ថា «​អណ្ដូង​នរក​» បង្កប់​ជំនឿ​ខ្មោច​បិសាច​ដ៏​អាថ៌កំបាំង​ទីបំផុត ត្រូវបាន​អ្នកក្លាហាន​ប្រមាញ់​រូងភ្នំ ចុះទៅ​ដល់​បាត​ក្រោម និង​អះអាងថា ពោរពេញ​ដោយ​សត្វ​ពស់​។​

​លោក ម៉ូ​ហា​ម៉ា​ដ អាល់​ឃី​ន​ឌី ជា​សាស្ត្រាចារ្យ​ផែនដីវិទ្យា​នៅ​សាកល​-​វិទ្យាល័យ​បច្ចេកវិទ្យា​អាល្លឺម៉ង់ ក្នុងប្រទេស​អូ​ម៉​ង់ បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា​៖ «​នៅ​ទីនោះ​សុទ្ធតែ​ពស់ តែ​សត្វ​ទាំងនេះ​អត់​ធ្វើ​អីយើ​ង​ទេ បើ​យើង​មិន​រំខាន​ពួកវា​»​។​

​លោក​ស្ថិត​ក្នុងចំណោម​អ្នកប្រមាញ់​រូងភ្នំ​ ៨ ​នាក់ ដ៏​មាន​បទពិសោធ និង​ភាពក្លាហាន​ក្នុងការ​ទម្លាក់ខ្លួន​ចុះទៅ​រូង​ដ៏​ជ្រៅ​ង​ងឹ​ង​ស្លុប​។​

​រូបភាព​វីដេអូ​ក្នុង​រណ្ដៅ​នោះបាន​បង្ហាញ​នូវ​ទម្រង់​ថ្ម​ពណ៌​ប្រផេះ និង​បៃតង ដែល​កន្លែង​ខ្លះ​ភ្លឺរលោង​ដោយសារ​សំណឹក​ទឹកធ្លាក់​។​

​លោក អាល់​ឃី​ន​ឌី បាន​បន្តទៀតថា​៖ «​ចំណូលចិត្ត​បាន​នាំ​យើង​ទៅកាន់​ទីនោះ​ដើម្បី​ផ្សងព្រេង ព្រោះ​យើង​គិតថា​យើង​នឹង​អាច​បំបែក​អាថ៌កំបាំង​អច្ឆរិយ​របស់​ដែនដី​យេ​ម៉ែន​»​។​

​សាស្ត្រាចារ្យ​ទ្រព្យ​ស្ដុក​មាន​ទាំង​ក្រុមហ៊ុន​ រ៉ែ ប្រេង និង​ផ្ដល់​ប្រឹក្សា​វិនិយោគ​រូបនេះ​បាន​និយាយថា​៖ «​យើង​បាន​យក​ទឹក បំណែក​ថ្ម ដី និង​ខ្មោចសត្វ មាន​ទាំង​បក្សី​ងាប់​ផងដែរ ដើម្បី​ធ្វើការ​វិភាគ​»​។​

​ស្ថិត​នៅក្បែរ​ព្រំដែន​ប្រទេស​អូ​ម៉​ង់ ជាង​រដ្ឋធានី​ណា​សា ដែលមាន​ចម្ងាយ ១ ៣០០​ គីឡូម៉ែត្រ រណ្ដៅ​យក្ស​លើ​វាល​ខ្សាច់​នៃ​ខេត្ដ​អាល់​ម៉ា​រ៉ា មាន​ទំហំ​អង្កត់​ផ្សិត ៣០​ ម៉ែត្រ និង​ត្រូវបាន​ជឿថា វា​មាន​ជម្រៅ​ចន្លោះ​ពី ១០០ ទៅ ២៥០ ​ម៉ែត្រ​។​

​អណ្ដូង​ដែលមាន​អាយុកាល​រាប់លាន​ឆ្នាំ​មកហើយ​នេះ សូម្បីតែ​ពន្លឺព្រះអាទិត្យ​ក៏​មិនអាច​ចាំង​ចូល​ជ្រៅ​​បានដែរ​។ នៅក្បែរ​មាត់​អណ្ដូង​ពុំមាន​រុក្ខជាតិ​ដុះ​នោះទេ តែមាន​បក្សី​ហើរ​ចេញចូល ដែល​អ្នកស្រុក​មានជំនឿថា វា​ជា​រណ្ដៅ​ស្រូប​ដោយ​ថាមពល​ខ្មោច​បិសាច​៕ AFP/HR