ក្រុងព្រុចសែល៖ រយៈពេលមួយទសវត្សរ៍ចុងក្រោយ លោក វីនសេន ធេរ៉េត បានធ្វើការតែម្នាក់ក្នុងអណ្ដូងដ៏ជ្រៅនៅក្រោមភ្នំ Ardennes ស្ថិតក្នុងព្រៃក្រាសនៅភាគខាងត្បូងប្រទេសប៊ែលហ្ស៊ិក។
ជាកម្មករធ្វើការតែម្នាក់ឯង លោកបានប្រមែប្រមូលថ្មភាជន៍ក្រាស់ៗ ជាសំណល់នូវអ្វីដែលធ្លាប់ជារ៉ែថ្មប្រផេះ នៅការដ្ឋានរ៉ែដែលត្រូវបានបិទក្នុងឆ្នាំ ១៩៤៨។
ថ្មភាជន៍ពិបាកក្នុងការកាត់ជ្រៀកជាបន្ទះៗដូចថ្មប្រផេះ តែចំពោះសិប្បករដ៏ប៉ិនប្រសប់អាយុ ៦១ ឆ្នាំរូបនេះ វាត្រូវបានប្រើជាគ្រឿងលម្អដោយបិទភ្ជាប់ជាមួយស៊ីម៉ង់ដ៍ ក្រាលតាមផ្លូវ ធ្វើជាការ៉ូ និងចានសម្រាប់លាងដៃ សម្រាប់ផ្ទះសម្បែងដែលផ្ដល់តម្លៃលើសម្ភារដ៏ពិបាកផលិតនេះ។
ស្ថិតនៅក្នុងអណ្ដូងរ៉ែ វាមានសភាពងងឹត សើម និងងាយបង្កគ្រោះថ្នាក់ តែលោក ធេរ៉េត បានប្រាប់ AFP ថា៖ «នៅថ្ងៃណាខ្ញុំមានអារម្មណ៍ខ្លាចអណ្ដែងរ៉ែនេះ ខ្ញុំនឹងឈប់ហើយ»។
នៅក្នុងអណ្ដូង បំភ្លឺដោយចន្លុះពិល លោកប្រើរថយន្ដកាយថ្មទម្ងន់រាប់តោន ដែលធ្វើឱ្យអណ្ដូងរ៉ែត្រូវបានបោះបង់ចោលនេះមានជីវិតរស់ឡើងវិញក្នុងឆ្នាំ ២០១២។
លោកបាននិយាយថា៖ «យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ យើងមិនអាចចូលអណ្ដូងរ៉ែនេះ ដូចយើងចូលរួមពិព័រណ៍អីនោះទេ»។
លោកបានរំឭកថា គ្រាមួយពេលលោកមកដល់ទីនេះ លោកបានឃើញថ្មទម្ងន់ ៥០០ តោន បិទផ្លូវដែលបាកធ្លាក់ពីជញ្ជាំងអណ្ដូង។
នៅបរិវេណក្រុង Vresse-sur-Semois អណ្ដូងមួយផ្សេងទៀតត្រូបានជួសជួលដើម្បីទទួលភ្ញៀវទេសចរ ដែលមគ្គុទេសក៍រៀបរាប់អំពីដំណើរជីវិតប្រចាំថ្ងៃរបស់អតីតកម្មកររ៉ែ ដែលត្រូវបានបញ្ឈប់ដំណើរក្រោយពុះពារមិនឈ្នះការនាំចូលថ្មលម្អពីបរទេស។
លោកបាននិយាយថា៖ «អ្វីដែលពួកគេបានបន្សល់ទុកឱ្យខ្ញុំនៅទីនេះ វាពិតជាអស្ចារ្យណាស់។ ថ្មដែលមានគុណភាព យើងអាចទៅប្រមែប្រមូលពីបាតអណ្ដូងបាន។ នោះជាមូលហេតុដែលកម្មកររ៉ែត្រូវជិះអណ្ដូងជ្រៅបែបនេះ។ ពេលយើងចុះកាន់តែជ្រៅ ថ្មកាន់តែមានសំណើម ហើយវាកាន់តែស្រស់ស្អាតសម្រាប់តាំងលម្អ»។
លោកបានវាយតម្លៃគុណភាពថ្មតាមរយៈការស្ដាប់។ លោកបានប្រាប់ថា៖ «ថ្មមានមានសំឡេងពីរោះដូចណោតតន្ដ្រីអ៊ីចឹង»។
ថ្មលម្អល្អៗបំផុតត្រូវបានតម្កល់សម្រាប់លក់នៅរោងជាងរបស់លោក ចម្ងាយ ១០គីឡូម៉ែត្រពីអណ្ដូងរ៉ែ។ កាលពីប៉ុន្មានឆ្នាំមុន លោកក៏ចាប់ផ្ដើមឆ្លាក់ថ្ម ក្រោមការជំរុញលើកទឹកចិត្តពីអតិថិជនរបស់លោកផងដែរ។
លោកបានពន្យល់ថា៖ «ដោយជួបរបាំងថ្មរាប់តោន យើងត្រូវពុះជ្រៀក អារកាត់ រំលេចចេញជារូបរាង រួចចាំការឆ្លើយតបរបស់អតិថិជន ដែលបាននិយាយថា លោក ធេរ៉េត ថ្មនេះពិតជាអស្ចារ្យណាស់»៕ AFP/HR