
ជាងកាត់សក់ ដាដេរ ហ្សាស ពុំចាំបាច់ពិបាកច្នៃម៉ូដសក់ភ្ញៀវ។ រូបថត AFP
ក្រុងហ៊ើរ៉ាដ: សក់វែកភ្លីចំហៀងផាត់ឡើងលើសក់ម៉ូដបង្កួយ និងសក់ឈូសក្រឡឹងទុកវែង ១ ដុំខាងលើ គឺជាអតីតកាលសម្រាប់ជាងកាត់សក់ ដាដេរ ហ្សាស ដែលសព្វថ្ងៃជក់ខ្យល់តែម៉ូដសក់ដដែលៗសម្រាប់យុវជនអាហ្វហ្គានីស្ថាននៅទីក្រុងធំលំដាប់លេខ ៣ ហ៊ើរ៉ាដ។
ចាប់តាំងពីក្រុមតាលីបង់ឡើងគ្រងអំណាចនៅពាក់កណ្ដាលខែសីហា ពលរដ្ឋអាហ្វហ្គានីស្ថានដែលមានហោប៉ៅរាក់ មិនហ៊ានចំណាយលើការកាត់សក់ និងខ្លាចចូលហាងរួចប្រែជាទាន់សម័យផ្ទុយពីទស្សនៈតាលីបង់។
ជាងកាត់សក់វ័យ ២៤ ឆ្នាំ ហ្សាស បាននិយាយថា៖ «ពីមុន អតិថិជនខ្ញុំមកហាង ស្នើឱ្យខ្ញុំលេងម៉ូដសក់ខុសៗគ្នាតាមចំណូលចិត្តពួកគេ តែពេលនេះអត់មានម៉ូដអីលេងទៀតទេ។ យើងពិតជាខូចចិត្តណាស់»។
អំឡុងពេលតាលីបង់កាន់អំណាចឆ្នាំ ១៩៩៦ និង ២០០១ ការលេងម៉ូដសក់ឡូយៗត្រូវបានហាមប្រាម ហើយបុរសត្រូវបានជំរុញឱ្យទុកពុកមាត់ ពុកចង្កា ខណៈការកោរសម្អាតត្រូវបានចាត់ទុកថាជាសញ្ញាអ្នកទំនើបតាមបស្ចិមប្រទេស។
លោក ហ្សាស បាននិយាយទាំងគ្រវីក្បាលថា៖ «សព្វថ្ងៃនេះ មិនបាច់និយាយទេ ភ្ញៀវមកកាត់សក់តែ ១ ម៉ូដគត់ដ៏សាមញ្ញ ហើយពុកមាត់ពុកចង្កាក៏មិនខ្ចីកោរដែរ។ វាពិតជាបញ្ហាសម្រាប់យើង»។
ជាងកាត់សក់ដែលប្រកបរបរកាន់កន្រ្តៃនេះជាង ១៥ ឆ្នាំ ពិតជាតក់ស្លុតនឹងចំណូលរបស់ខ្លួនដែលធ្លាក់ពី ១៥ មកត្រឹម ៥ ទៅ ៧ ដុល្លារ ក្នុង ១ ថ្ងៃ។
នៅតំបន់ក្បែរនោះ ជាងកាត់សក់វ័យ ៣២ ឆ្នាំ ម៉ូហាម៉ាដ យូសេហ្វី ខំប្រឹងទម្លាក់ថ្លៃកាត់សក់ពី ៦ មកត្រឹមតែ ១ ដុល្លារ ដើម្បីបន្តដង្ហើមហាងឱ្យរស់មួយគ្រា។
លោកបាននិយាយថា៖ «ស្ថានភាពគ្រប់គ្រងដោយតាលីបង់ អតិថិជនពុំមានប្រាក់បង់ឱ្យយើងទេ។ ពួកគេត្រូវការត្បិតត្បៀតចំណាយ»។
ចំពោះស្ទីលកាត់សក់វិញ លោក យូសេហ្វី បានថ្លែងទាំងហួសចិត្តថា គ្រាន់តែក្រុមតាលីបង់ចូលគ្រប់គ្រងភ្លាម ម្នាក់ៗចង់ធ្វើឱ្យខ្លួនឯងស្រដៀងនឹងទាហានទាំងនោះដែរ។

អតិថិជនក៏ខ្សត់ ជម្រើសម៉ូដសក់ក៏គ្មានសម្រាប់បុរសអាហ្វហ្គានីស្ថាន។ រូបថត AFP
លោកបានបញ្ជាក់ថា៖ «មិនមែនក្រុមតាលីបង់ហ្នឹងឡូយ ឬទាន់សម័យអីទេ តែបុរសៗយើងនាំគ្នាធ្វើខ្លួនឱ្យចូលស្ទឹងតាមបត់ ខ្លាចទាហានទាំងនោះហៅសួរនាំ»។
នៅហាងកាត់សក់ក្បែរខាង អាលី រ៉េហ្សា អាយុ ៣៦ ឆ្នាំ កំពុងតែប្រើតុងដឺកាត់សក់អតិថិជន នៅខាងមុខទូកញ្ចក់ពោរពេញដោយផលិតផលតុបតែងសក់តាំងពី ជែល ទឹកអប់ និងសូម្បីតែម៉ាស់បិទមុខ។
ជាងកាត់សក់រូបនេះប្រើ កន្ត្រៃកាត់ពុកមាត់ ពុកចង្កាភ្ញៀវ ជាជាងប្រើឡាមកោរសម្អាតតែម្ដង។ កូនជាង ២ នាក់ របស់លោកជាកុមារអាយុ ១១ ឆ្នាំ និង ១៤ ឆ្នាំ ដែលព្យាយាមហុចឡាម កន្ត្រៃ និងឧបករណ៍នានា។
ក្រោយពីពុំបានធ្វើឱ្យអតិថិជនប្លែកអារម្មណ៍ជាមួយសក់កាត់ថ្មី និងពុកមាត់ខ្លីជាងមុនតែបន្តិច ជាងកាត់សក់ រ៉េហ្សា បានបំពេញសេវាបន្ថែមដោយម៉ាស្សាថ្ងាស និងក្បាលអតិថិជនថ្នមៗ។
ក្រោយពីបញ្ចប់ការងារភ្លាម លោកបាននិយាយថា៖ «កាលពីមុន ម្នាក់ៗមកហាងកាត់សក់រួច ចេញទៅវិញមានអារម្មណ៍សប្បាយ ស្អាតប្លែក ស្រឡះខ្លួនស្រួល និងពោរពេញដោយជំនឿចិត្ត»។
លោកបានបន្តទៀតថា៖ «ពេលនេះ អត់មានអ្នកណាខ្វល់ខ្វាយរឿងកាត់សក់ទេ ព្រោះចំណូលក៏ខើច ហើយជម្រើសម៉ូដសក់បែបទំនើបអីក៏លែងមានទៀតដែរ»៕ AFP/HR